លោក សម រង្ស៊ីចោទប្រកាន់ថា លោក ហ៊ុន សែនជាអ្នកនាំបញ្ហា​មកកម្ពុជា​

17-12-2019 3:08 pm 633
លោកសម រង្ស៊ី ថ្លែងនៅទីក្រុង ឡងប៊ិច រដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

​លោក សម រង្ស៊ី ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ត​ប្រើ​សារ​វាយប្រហារ​មកលើ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។ EBA​ដែ​លោក​សម រង្ស៊ី ចោទប្រកាន់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា ជា​អ្នក​នាំ​បញ្ហា​មក​កម្ពុជា​និង​គ្រោះថ្នាក់ ដល់​ប្រជារាស្ត្រ​ខ្មែរ ជាពិសេស​កម្មករ​។ 

​តាមរយៈ​ហ្វេ​ក​ប៊ុ​ក​របស់​ខ្លួន លោក សម រង្ស៊ី ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ត​ប្រើ​សារ​វាយប្រហារ និង​ចោទប្រកាន់​មកលើ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​របស់​សហភាព​អឺរ៉ុប​។​

​លោក សម រង្ស៊ី បាន​ចោទ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា ជា​មនុស្ស​នាំ​បញ្ហា និង​គ្រោះថ្នាក់​ដល់​ប្រជារាស្ត្រ​ខ្មែរ ជាពិសេស​កម្មករ កម្ម​ការ​រិនី​រោងចក្រ​ប្រមាណ​ជិត​១​លាន​នាក់​ដែល​អាច​បាត់បង់​ការងា​រ ដោយសារ​តែ​ទណ្ឌកម្ម​អន្តរជាតិ (EBA) មកលើ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន​។ សម្រាប់​លោក សម រង្ស៊ី លោក ហ៊ុន សែន ជា​មនុស្ស​កំសាក​ព្រោះ​សុខចិត្ត​ឱ្យ​កម្មករ ទទួលរង​ទណ្ឌកម្ម​ជំនួស ហើយ​យករួចខ្លួន​តែ​ខ្លួនឯង​។​

​ការ​ថ្លែង​របស់លោក សម រង្ស៊ី​បែបនេះ ធ្វើឡើង​ខណៈ​ដែល​នៅសល់​នៅតែ​ជា​ង​១​ខែ​ទៀត ការសម្រេច​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​នឹង​ចាប់ផ្តើម​។​បើ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ឱ្យដឹងថា ប្រសិនបើ  EBA ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​វា​អាច​ផ្តល់​ផល​ប៉ះពាល់​សង្គម ដល់​កម្មការិនី​ប្រមាណ​ជិត​មួយ​លាន​នាក់ និង​ផលប៉ះពាល់​ដោយ​ប្រយោល​ដល់​ក្រុមគ្រួសារ​សាច់ញាតិ ដែល​រស់នៅ​ពឹងផ្អែក​លើ​ប្រាក់​ឈ្នួល​របស់​ពួកគេ​។ 

​ប៉ុន្តែ​កន្លងទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ព្រមាន​ថា ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មានតម្លៃ​ស្មើ​នឹង​សម្លាប់​បក្សប្រឆាំង ព្រោះ​ក្រុមប្រឆាំង គឺជា​អ្នក​អំពាវនាវ​ឱ្យ​អន្តរជាតិ​ដាក់​សម្ពាធ​មកលើ​ប្រទេស​កម្ពុជា​ហើយ​ជា​អ្នក​នាំ​គ្រោះ​ដល់​កម្មករ​។​បើតាម​លោកនាយក​រដ្ឋមន្ត្រី កម្ពុជា​នឹង​អនុវត្ត​ច្បាប់​យ៉ាង​តឹងរឹង​ជាមួយនឹង​ក្រុមប្រឆាំង ហើយ​សហភាព​អឺរ៉ុប​ដែល​ដាក់ទណ្ឌកម្ម​មកលើ​ប្រទេស​កម្ពុជា គឺ​គ្មាន​សិទ្ធិ​អ្វី​និយាយ​អំពី​ការអនុវត្ត​ច្បាប់​មក​លើ​កម្ពុជា​តទៅ​ទៀត​នោះទេ​។​

​យ៉ាងណាក៏ដោយ ក្នុង​របាយការណ៍​របស់ខ្លួន រដ្ឋាភិបាល​កម្ពុជា សង្ឃឹមថា គណៈកម្មការ​អឺរ៉ុប​នឹង​ធ្វើ​ការពិចារណា​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​សុ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល ក្នុង​ការអនុវត្ត​រាល់​អនុសញ្ញា​អន្តរជាតិ​ទាំងអស់ ក្រោម​លក្ខខណ្ឌ​អនុគ្រោះ​ពន្ធ  “​គ្រប់​មុខ​ទំនិញ​លើកលែង​សព្វាវុធ​-EBA”​។​កន្លង​ទៅ​រដ្ឋាភិបាល​បាន​ប្រើ​វិធានការណ៍​នានា​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ទាំងឡាយ​ដែល​ជា​ការព្រួយបារម្ភរ​បស់​គណៈកម្មការ​អឺរ៉ុប​។​បញ្ហា​ទាំងនោះ​មាន​ជាអាទិ៍​៖ ការគោរព​សិទ្ធិ​ក្នុង​ការចូលរួម​នយោបាយ សិទ្ធិ​ដីធ្លី សេរីភាព​បញ្ចេញមតិ និង សេរីភាព​បង្កើត​សមាគម​ជាដើម​៕

ព័ត៌មានផ្សេងទៀត