ក្រុម​កាត់​ក្រី​មែកឈើ​​ចុះ​កាត់​និង​ដកហូត​​ដើមឈើ​ហានិភ័យ​​នៅ​ប្រាសាទ​ព្រះខ័ន​​

16-12-2019 3:16 pm 283

យោងតាម​អាជ្ញាធរ​ជាតិ​អប្សរា បានឲ្យដឹងថា ក្រុម​កាត់​ក្រី​មែកឈើ របស់​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​កាត់​ក្រី​មែកឈើ និង​កាត់​ដកហូត​ដើមឈើ​មាន​ហានិភ័យ​ខ្ពស់​មួយចំនួន ស្ថិតនៅ​បរិវេណ​ប្រាសាទ​ព្រះខ័ន តាមផ្លូវ​ចូល​មុខ​រានហាល​ខាងជើង​។​

​សូមបញ្ជាក់ថា ដើមឈើ​ដែល​ត្រូវ​កាត់ និង​ដកហូត​នោះ​រួមមាន ដើម​ស្រឡៅ​ងាប់​២​ដើម មាន​អង្កត់ផ្ចិត​ទំហំ​១១០ ស​.​ម កម្ពស់ ប្រហែល​៣៦​ម៉ែត្រ ដុះ​ជាប់​ផ្លូវ និង​នៅមុខ​រានហាល​ខាងជើង​។ ដើម​ខ្នុរព្រៃ​ងាប់ មាន​អង្កត់ផ្ចិត​ទំហំ​៦០ ស​.​ម កម្ពស់​ប្រហែល​៣៦​ម៉ែត្រ ដុះ​ក្បែរ​កំពែង​ប្រាសាទ​ផ្នែក​ខាងជើង​។ កាត់​ក្រី​មែក​ដើម​ខ្នុរព្រៃ​រស់​ចំនួន​១​ដើម មាន​អង្កត់ផ្ចិត​ទំហំ​៥០ ស​.​ម កម្ពស់​ប្រហែល​១៨​ម៉ែត្រ ដុះ​ជាប់​ផ្លូវ​ច្រកចូល​ខាងជើង​ខាងក្រៅ​កំពែង​។​

​បន្ថែម​ពីនេះ ក្រុមការងារ​កាត់​ក្រី​មែកឈើ ក៏បាន​ពិនិត្យ​ស្ថានភាព​ដើមឈើ​ដុះ​ទ្រេត​ជាប់​ផ្លូវ មាន​មែក​សាខា និង​មាន​វល្លិ៍​ច្រើនដុះ​គ្រប មាន​ប្រព័ន្ធ​ឬ​ស​ខ្សោយ សណ្ឋាន​ដី​ជ្រាយ​មិន​ហាប់​ណែន ដែល​អាច​បង្ក​ហានិភ័យ​ទៅ​ថ្ងៃមុខ​ផងដែរ​។ ក្នុងនោះ​បាន​កាត់ចេញ​ពាក់កណ្តាល​ដើម​ស្រឡៅ​ចំនួន​១​ដើម​អង្កត់ផ្ចិត​ទំហំ​១០០​ស​.​ម កម្ពស់ ប្រហែល​៣០​ម៉ែត្រ និង​ដើមឈើ​មួយចំនួនទៀត​ដែលមាន​ស្ថានភាព​ដើម​ដុះ​ទ្រេត ជាប់​ផ្លូវ នៅមុខ​រានហាល​ខាងជើង មាន​ប្រព័ន្ធ​ឬ​ស​ខ្សោយ​(​មាន​ជំងឺ​) តួ​ដើម​មាន​ប្រហោង​ក្នុង និង​ប្រេះ​។​

​ក្រុមការងារ​នៃ​នាយកដ្ឋាន​ព្រៃឈើ បានចាប់ផ្តើម​ចុះ​អនុវត្ត​ការងារ​នេះ​ពី​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៩​។ គោលបំណង​សំខាន់​នៃ​កិច្ចការ​ទាំងនេះ គឺ​ដើម្បី​បង្ការ និង​បញ្ជៀ​ស​គ្រោះថ្នាក់​ទុកជាមុន ជៀសវាង​បាក់​ដួលរលំ ប៉ះពាល់​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​មក​ទស្សនា​ប្រាសាទ​ព្រះខ័ន និង​កុំឱ្យ​បាក់​ខូចខាត​ប៉ះពាល់​ដល់​រចនាសម្ព័ន្ធ​ប្រាសាទ​ជាដើម​៕

ព័ត៌មានផ្សេងទៀត