អាមេរិក​៖​កូរ៉េខាងជើង​​គួរ​ចូល​ចរចា​រក​​ដំណោះស្រា​យ​​ល្អជាង​ចាំតែ​​បង្កហេតុ​

16-12-2019 3:09 pm 212
​បេសកជន​ពិសេស​អាមេរិក​លោក​ស្ទេ​ហ្វិន ប៊ីក​ហ្គា​ន់

​បេសកជន​ពិសេស​អាមេរិក​លោក​ស្ទេ​ហ្វិន ប៊ីក​ហ្គា​ន់កាល​ពី​ថ្ងៃអាទិត្យ បាន​ជំរុញ​ឲ្យ​កូរ៉េខាងជើង​គួរ​ងាក​មករក​តុ​ចរចា​វិញ ដោយ​និយាយថា​អាមេរិក​នៅ​រង់ចាំ​ជានិច្ច ចាំ​កូរ៉េខាងជើង​វិល​មក​សម្រេច​ការងារ​ជាមួយគ្នា​។ ការលើកឡើង​ដូច្នេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង និង​បន្ទាប់ពី​កូរ៉េខាងជើង​ប្រកាស​ជោគជ័យ​នៃ​ការ​ធ្វើតេស្ដ​មី​ស៊ី​ល​។​

​កូរ៉េខាងជើង​បានកំណត់​ត្រឹម​ចុងឆ្នាំ​នេះ​ដើម្បី​ដោះស្រាយ​ការរំលាយ​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​។ ប្រសិន​ដាច់​ឆ្នាំ​២០១៩​នៅតែ​គ្មាន​ដំណោះស្រាយ កូរ៉េខាងជើង​នឹង​ប្រើ​វិធីសាស្ដ្រ​ថ្មី​។ កូរ៉េខាងជើង​ចង់បាន​ការបន្ធូរបន្ថយ​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​អាមេរិក ប៉ុន្ដែ​សំណើ​កូរ៉េខាងជើង​មិន​ទទួលជោគជ័យ​ទេ ផ្ទុយទៅវិញ​អាមេរិក​ទទូច​ឲ្យ​កូរ៉េខាងជើង​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​ជាមុនសិន​។ ត្រង់នេះ​ហើយ​ដែល​ធ្វើឲ្យ​កូរ៉េខាងជើង​ខឹង​អាមេរិក និង​ចោទថា​អាមេរិក​ចង់​ចំណេញ​តែម្នាក់ឯង​។​

​ស្របពេល​ស្ថានភាព​ស្មុគស្មាញ​កាន់តែខ្លាំង​កូរ៉េខាងជើង​ប្រកាសប្រាប់​អាមេរិក​ថា អាមេរិក​អាច​ទទួលបាន​កាដូ​ថ្ងៃបុណ្យ​ណូអែល​ជាទី​គាប់ចិត្ដ បើ​មិន​ព្រម​អនុវត្ដ​តាម​ការស្នើសុំ​របស់​កូរ៉េខាងជើង​។ កាដូ​ជាទី​គាប់ចិត្ដ​ដ្បិត​មិន​បានបញ្ជាក់​ច្បាស់លាស់ ប៉ុន្ដែ​ទំនង​គ្មានអ្វី​ក្រៅពី​ការ​ធ្វើតេស្ដ​មី​ស៊ី​ល​ឬ​អាវុធ​នុយក្លេអ៊ែរ​ឡើយ​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​០៨​ខែ​ធ្នូ​កូរ៉េខាងជើង​បានប្រកាស​ពី​ជោគជ័យ​អស្ចារ្យ​បំផុត​ក្នុងការ​ធ្វើតេស្ដ​ដ៏​សំខាន់​មួយ​។ មិន​ដល់​មួយ​សប្ដាហ៍​ផង​គឺ​កាលពី​ថ្ងៃទី​១៤​ធ្នូ កូរ៉េខាងជើង​ប្រកាស​ពី​ជោគជ័យ​នៃ​ការធ្វើ​តេស្ដ​ម្ដងទៀត​។ ទាំងពីរ​លើក​សុទ្ធតែ​ធ្វើឡើង​នៅ​ទីតាំង​បាញ់​ផ្កាយរណប​សូ​ហេ ជា​ទីតាំង​កូរ៉េខាងជើង​សន្យា​នឹង​រំលាយចោល​។​

​ឥរិយាបថ​នេះ​អាមេរិក​ចាត់ទុក​កូរ៉េខាងជើង​កំពុង​បង្កហេតុ ធ្វើ​ទង្វើ​គ្មាន​ប្រយោជន៍​និង​មិនចាំបាច់​ទាល់តែសោះ​។ អាមេរិក​តាមរយៈ​លោក​ប៊ីក​ហ្គា​ន់​បានទទូច​ឲ្យ​កូរ៉េខាងជើង​ចូល​តុ​ចរចា​ជាថ្មី ព្រោះ​ខណៈ​នេះ​ជា​ពេល​ត្រូវ​រួមគ្នា​សម្រេច​កិច្ចការ​ឲ្យ​ជោគជ័យ​។ អាមេរិក​មិន​កំណត់​ពេលវេលា​ទេ​ប៉ុន្ដែ​អាមេរិក​មាន​គោលដៅ​ច្បាស់លាស់ ដូច្នេះ​ត្រូវ​វិល​មក​ជជែក​គ្នា​ឡើងវិញ​សិន​នោះ​នឹង​ដឹងថា​ធ្វើ​យ៉ាងម៉េច​ទើប​អាច​ស្របតាម​ការចង់បានរ​បស់​អាមេរិក​។​

​គួររម្លឹកថា មួយ​រយៈពេល​ចុងក្រោយ​នេះ​ទំនាក់ទំនង​អាមេរិក​-​កូរ៉េខាងជើង​មិន​ល្អប្រសើរ​ទេ​។ តាំងពី​កិច្ច​ជំនួប​លើក​ទី​ពីរ​រវាង​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន​នៅ​វៀតណាម​កាលពី​ចុងខែ​កុម្ភៈ​បញ្ចប់​ទាំង​បរាជ័យ ធ្វើឲ្យ​ប្រទេស​ទាំងពី​រខ្វែងគំនិត​គ្នា​កាន់តែខ្លាំង​។ កិច្ចចរចា​រំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ ក៏ត្រូវ​ជាប់គាំង​លែង​ដើរ​ទៅមុខ​រហូតដល់​សព្វថ្ងៃ​៕

ព័ត៌មានផ្សេងទៀត