លោក​គួច ចំរើន​៖៣​ឆ្នាំ​ចុងក្រោយ​នេះ​ខេត្ត​ព្រះសីហនុ​មាន​ការអភិវឌ្ឍ​យ៉ាង​ខ្លាំង​លើ​វិស័យ​ជាច្រើន​

15-12-2019 12:12 pm 180
  ស្តាប់
ស្តាប់ជាសំឡេង

​ខេត្ត​ព្រះសីហនុ ជា​ប៉ូល​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ដ៏​មាន​សារ​:​សំខាន់​មួយ​នៅ​តំបន់ឆ្នេរ មាន​សក្តានុពល​សេដ្ឋកិច្ច​ទាក់ទាញ​វិនិយោគ និង​ភ្ញៀវទេសចរ មាន​ឆ្នេរ​សស្អាត កោះ​៣២ កំពង់ផែ​អន្តរជាតិ អាកាសយានដ្ឋាន​អន្តរជាតិ និង​ធនធានធម្មជាតិ​សម្បុរ​បែប រយ​:​ពេល ១០​ឆ្នាំ​ចុងក្រោយ ពិសេស ៣​ឆ្នាំ​ចុងក្រោយ ខេត្ត​មាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​លើ​វិស័យ​សំខាន់ៗ​ជាច្រើន​ដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ ។ នេះ​ជា​ប្រសាសន៍​របស់​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​អាល្លឺម៉ង់ ARD កាលពី​ថ្ងៃ​ទី ១៤ ខែ​ធ្នូ ឆ្នាំ ២០១៩​។

«​កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​របប​ទីផ្សារសេរី និង​បើកចំហរ​សម្រាប់​អ្នកវិនិយោគ​គ្រប់​ជាតិ​សាសន៍ ខេត្ត​ព្រះសីហនុ ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​ការវិនិយោគ​របស់​ចិន ដូចជា​ជំរុញ​កំណើនសេដ្ឋកិច្ច មាន​សំណង់​អគារ​ខ្ពស់ៗ​សម្រាប់​បម្រើ​ដល់​វិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម ទេសចរណ៍ និង​កាស៊ីណូ ដែល​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ ធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ​មាន​ការកើនឡើង បើកទូលាយ​ទីផ្សារ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូ​ធារ មាន​ប្រាក់​ចំណូល​ខ្ពស់ មាន​ការងារ​ធ្វើ និង​បង្កើត​មុខរបរ​ថ្មី »​។ នេះ​ជា​ប្រសាសន៍​របស់​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​។​

លោក គួច ចំរើន បន្តថា​បច្ចុប្បន្ន​មាន​សំណង់​អគារ​ខ្ពស់ៗ​មានដូចជា សណ្ឋាគារ ខុន​ដូរ និង​អគារ​ពាណិជ្ជកម្ម សុទ្ធ​តែ​បង្ហាញ​ពី​ការរីកចម្រើន ភាព​ស៊ីវីល័យ​សម្បូរបែប និង​បាន​ផ្ដល់​ការងារ បង្កើត​មុខរបរ​យ៉ាង​ច្រើនសន្ធឹក​សន្ធាប់​ធ្វើឱ្យ​ប្រជាជន​មាន​ជីវភាព​កាន់តែ​ធូ​ធា​រ ខណៈ​រដ្ឋាភិបាល​បានកំណត់​ខេត្ត​ព្រះសីហនុ ជា​ខេត្ត​តំបន់​ប៉ូល​អភិវឌ្ឍ​ជាតិ មួយ​យ៉ាង​សំខាន់​នៅ​តំបន់ឆ្នេរ និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ច្រកចេញ​-​ចូល​អន្តរជាតិ មជ្ឈមណ្ឌល​កំណើន​ជាតិ មជ្ឈមណ្ឌល​ភស្តុភា​ធម្មជាតិ មាន​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​អាស៊ាន និង​ទីផ្សារ​សកលលោក និង​មជ្ឈមណ្ឌល​ឧស្សាហកម្ម ផលិតកម្ម​បែប​បច្ចេកវិទ្យា​ទំនើប ដែលមាន សុខដុម​នីយកម្ម ជាមួយ​និង​បរិស្ថាន​រស់នៅ​ល្អប្រសើរ​។​

​ឆ្លើយតប​ទៅ នឹង​ចក្ខុវិស័យ​នេះ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​ចំនួន ៣៤​ខ្សែ ប្រវែង ៨៤.៥០៥​ម៉ែត្រ នៅ​ខេត្ត​ព្រះសីហនុ សម្រាប់​បម្រើ​ដល់​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍​កាន់តែ​សម្បុរ​បែប​ថែម​ទៀត​៕

ព័ត៌មានផ្សេងទៀត