កូរ៉េ​-​កម្ពុជា​បង្កើត​កិច្ចសហប្រតិបត្តិការ​ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​

14-12-2019 3:37 pm 199
  ស្តាប់
ស្តាប់ជាសំឡេង

​ទស្សនកិច្ច​របស់​យគ​ណ​: ប្រតិភូ​កូរ៉េ ដែល​ដឹកនាំ​ដោយ លោក KIN Insik នៅពេលនេះ គឺជា​ការបើកផ្លូវ​ឲ្យបាន​ទូលាយ​សម្រាប់ សាជីវកម្ម​ជនបទ​កូរ៉េ សាកលវិទ្យាល័យ មក​សិក្សា​ស្វែង​យល់​បន្ថែម​អំពី​សក្តានុពល​ពី​វិស័យ​កសិកម្ម​កម្ពុជា និង​បង្កើត​កិច្ចសហប្រតិបត្តិការ ជាមួយ​ក្រសួង​កសិកម្ម ដើម្បី​ចូលរួម​អភិវឌ្ឍន៌​វិស័យ​កសិកម្ម និង​ធនធានមនុស្ស​ឲ្យមាន​ការរីកចម្រើន​។ នេះ​ជា​ការលើកឡើង​របស់​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក​KIN Insik​ប្រធាន​គណៈប្រតិភូ​កូរ៉េ នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៩​។​

​លោក វេង សាខុន បញ្ជាក់ថា ទស្សនកិច្ច​របស់​គណ​ប្រតិភូ​កូរ៉េ ពិតជា​មាន​សារសំខាន់​ក្នុង​ការលើកកម្ពស់​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹងមាំ ពិសេស​ការបង្កើត​កិច្ចសហប្រតិបត្តិការ ជាមួយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ធនធានមនុស្ស​ជាដើម​។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក​ប្រធាន​គណ​:​ប្រតិភូ​បានបង្ហាញ​ពី​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​នា​ពេល​នេះ​គឺ ទី​១​ដើម្បី​ចូលរួម​សម្ពោធ​អគារ​អន្តេវាសិកដ្ឋាន​ថ្មី​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​កសិកម្ម​តា​ស្អាង ខេត្ត​ស្វាយរៀង​។ ទី​២ ចង់​សិក្សា​ស្វែង​យល់​បន្ថែម​ពី​សក្តានុពល​កសិកម្ម​កម្ពុជា និង​ទី​៣ សិក្សា​ពី​តម្រូវការ​ចំ​បាច់ ដែល​ភាគី​កូរ៉េ​អាចជួយ​បាន​ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា ឲ្យមាន​ការរីកចម្រើន​បន្ថែម​ទៀត​នា​ពេល​អនាគតតា​ម​រយ​:​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។​

​លោក​រដ្ឋមន្ត្រី​បាន​សម្តែង​ការស្វាគមន៍ និង​គាំទ្រ​ចំពោះ​ឆន្ទ​:​ក្នុង​ការបង្កើត​កិច្ចសហប្រតិបត្តិកា​ររ​វាង​ភាគី​ទាំងពីរ លើ​វិស័យ​កសិកម្ម និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ព្រោះ​សមស្រប​ទៅនឹង​អ្វី​ដែល​ក្រសួង​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ធនធានមនុស្ស​ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រដ្ឋាភិបាល​។ 

​សូមបញ្ជាក់​ថា គោលនយោបាយ​នោះ គឺ​សំដៅ​ដល់​ការយកចិត្តទុកដាក់​លើ​ការងារ​ស្រាវជ្រាវ បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​កសិកម្ម​ទាន់​សម័យ​ឲ្យដល់​ដៃ​អ្នក​ផលិត ដើម្បី​ធានា​បាន​បរិមាណ គុណភាព តម្លៃ​បន្ថែម ការកែច្នៃ ប្រកួតប្រជែង និង​មាន​ទីផ្សារ​នាំចេញ ពិសេស​ការបណ្តុះបណ្តាល​ធនធានមនុស្ស ដើម្បី​ទទួល​យក​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​កសិកម្ម​វៃឆ្លាត​ទៅ​ប្រើប្រាស់ នឹង​អភិវឌ្ឍ​កសិដ្ឋាន​ដំណាំ និង​សត្វ​៕

ព័ត៌មានផ្សេងទៀត