បេសកជន​ពិសេស​អាមេរិក សម្រាប់​ចរចា​ជាមួយ​កូរ៉េខាងជើង ធ្វើដំណើរ​ទៅ​កូរ៉េខាងត្បូង​

14-12-2019 3:34 pm 329

​លោក​Stephen Biegun​បេសកជន​ពិសេស​របស់​អាមេរិក សម្រាប់​ការចរចា​ជាមួយ​កូរ៉េខាងជើង នឹង​ធ្វើដំណើរ​ទៅដល់​ប្រទេស​កូរ៉េខាងត្បូង​នៅ​ថ្ងៃអាទិត្យ សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​។ លោក​នឹងត្រូវ​ជួបពិភាក្សា​ជាមួយ​សម​ភាគី​លោក​Lee Do-hoon​និង​មន្ត្រី​មួយចំនួនទៀត​។ ភាគី​ទាំងពីរ​នឹង​ផ្លាស់ប្តូរ​យោបល់​គ្នា​យ៉ាង​ទូលំទូលាយ ស្តីពី ស្ថានការណ៍​ថ្មីៗ​នៅ​ឧបទ្វីប​កូរ៉េ និង​ពិភាក្សា​រក​មធ្យោបាយ ដើម្បី​នាំមក​នូវ​វឌ្ឍនភាព​ដ៏​ធំធេង សម្រេច​ឲ្យបាន​នូវ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​និង​សន្តិភាព​យូរអង្វែង​។ 

​ដំណើរ​ទស្សនកិច្ច​របស់​បេសកជន​ពិសេស​អាមេរិក សម្រាប់​ការចរចា​ជាមួយ​កូរ៉េខាងជើង ធ្វើឡើង​ខណៈ​កូរ៉េខាងជើង​បន្ត​ធ្វើតេស្ត​អាវុធ ដែលជា​ការផ្តល់​សញ្ញា​ប្រាប់​អាមេរិក ឲ្យប្រញាប់​បន្ទន់​ជំហរ ដើម្បី​ស្តា​ការចរចា​ឡើងវិញ​។ កូរ៉េខាងជើង​កំណត់ពេល​ត្រឹម​ដំណាច់ឆ្នាំ​២០១៩​នេះ ឲ្យ​អាមេរិក​ផ្លាស់ប្តូរ​គោលនយោបាយ​អនុវត្តលើ​ខ្លួន​។  ប្រសិនបើ អាមេរិក​ខកខាន​មិនបាន​ដោះស្រាយ​ការទាមទារ​របស់ខ្លួន​មុន​ដំណាច់ឆ្នាំ​នេះ​ទេ កូរ៉េខាងជើង​ប្តេជ្ញា​នឹង​ជ្រើសរើស​យក​ផ្លូវ​ថ្មី​មួយ ដែល​មិន​បានបញ្ជាក់​ច្បាស់​ថា ជា​ផ្លូវ​មួយណា​នោះទេ​។ 

​ដំណើរ​ទស្សនកិច្ច​របស់លោក​Stephen Biegun ត្រូវគេ​រំពឹងថា​នឹង​ជួយសង្គ្រោះ​ការចរចា​ឲ្យមាន​ភាព​សកម្ម​ឡើងវិញ​។ យ៉ាងណាក៏ដោយ ទីក្រុង​វ៉ាស៊ីនតោន​អះ​អា​ថា មិនមាន​អ្វីដែល​ត្រូវ​ផ្តល់ឲ្យ​កូរ៉េខាងជើង ជា​ថ្នូរ​នឹង​ការចរចា​នោះទេ បើទោះបីជា​កិច្ចពិភាក្សា​ត្រូវ​បើក​ដំណើរការ​សាជាថ្មី​ក៏ដោយ​។ បន្ថែម​លើ​នេះ អាមេរិក​បាន​ព្រមាន​ប្រឆាំងនឹង​ការបន្ត​ឥរិយាបទ​មិនល្អ របស់​កូរ៉េខាងជើង​ផងដែរ​។​

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​និង​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បាន​ជួបគ្នា​ចំនួន​បី​ដង ដើម្បី​ចរចា​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់​ក្រុង​ព្យុងយ៉ាង ប៉ុន្តែ​ការចរចា​ទាំងនោះ មាន​ការរីកចម្រើន​តិចតួច​ណាស់​។ ទោះ​ផ្អាក​ជំនួប​រវាង​ថ្នាក់ដឹកនាំ​កំពូល​ក៏ពិតមែន កូរ៉េខាងជើង​និង​អាមេរិក​នៅតែ​បន្ត​កិច្ចចរចា​ថ្នាក់​ការងារ ដែល​លើកចុងក្រោយ​ធ្វើឡើង​នៅ​ទីក្រុង Stockholm ដឹកនាំ​ដោយ Biegun កាលពី​ខែតុលា តែ​ការចរចា​នោះបាន​បរាជ័យ​។ កូរ៉េខាងជើង​លើកឡើងថា ក្រុម​ចរចា​ខាង​អាមេរិក នៅតែ​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ​និង​អាកប្បកិរិយា​ចាស់ ដែល​មិនអាច​ទទួលយកបាន​៕

ព័ត៌មានផ្សេងទៀត