ពិព័រណ៍​សៀវភៅ​៖​ស្នាដៃ​តែងនិពន្ធ​កើនឡើង ខណៈ​យុវជន​កាន់តែច្រើន​ចូលចិត្ត​ការអាន

13-12-2019 4:40 pm 189
  ស្តាប់
ស្តាប់ជាសំឡេង

​ដូច​ការគ្រោងទុក​នៅ​ថ្ងៃទី​១៣ ខែធ្នូ​នេះ ពិព័រណ៍​សៀវភៅ​នៅ​កម្ពុជា លើក​ទី​៨ ប្រចាំឆ្នាំ​២០១៩ បានចាប់ផ្តើម​ដំណើរ​ដោយមាន​ការចូលរួម​ពី សិស្ស និស្សិត និង​ស្រាវជ្រាវ​មួយចំនួន ដើម្បី​ស្វែងរក​ទិញ​សៀវភៅ​យកមក​អាន​។​មិន​ខុសពី​ឆ្នាំមុន​ពិព័រណ៍​សៀវភៅ​នៅ​កម្ពុជា​ឆ្នាំនេះ ធ្វើឡើង​រយៈពេល​៣​ថ្ងៃ​ដោយ​ចាប់ពី​ថ្ងៃទី​១៣-១៥ ខែ​ធ្នូ នៅ​បណ្ណាល័យ​ជាតិ​ក្រោម​ប្រធានបទ «​ផ្តើម​ក្តី​ស្រមៃ ដៃ​កាន់​សៀវភៅ »​។​

​សព្វថ្ងៃនេះ​យុវជន​កម្ពុជា​កាន់តែ​ចូលចិត្ត​អាន​សៀវភៅ ស្រឡាញ់​សៀវភៅ​ច្រើនជាង​មុន ជាពិសេស​ទៅទៀត​នោះ​ស្នាដៃ​និពន្ធ និង ការបោះពុម្ព​សៀវភៅ​មាន​ការកើនឡើង ហើយ​ការ​តែង​និពន្ធ​ក៏​កាន់តែ​មាន​ការរីកចម្រើន​ផងដែរ​។ នេះ​បើតាម​ការអះអាង​របស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុង​ពិធី​បើក​ពិព័រណ៍​សៀវភៅ​….

​សំឡេង​លោក  លោក ខៀវ កាញារីទ្ធ​៖

​ការមើលឃើញ​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មា​ន គឺ​ស្រដៀង​គ្នា​ជាមួយ​លោក ឆាយ សុផល​។ លោក ឆាយ សុផល អ្នកនិពន្ធ​សៀវភៅ និង​ជា​អ្នកសារព័ត៌មាន​ជើងចាស់ បាន​អះអាងថា នៅ​មួយរយៈ​ចុងក្រោយ​នេះ ការអាន​សៀវភៅ​របស់​យុវជន​មាន​ការកើនឡើង ហើយ​ស្នាដៃ​និពន្ធ​នា​ពេលបច្ចុប្បន្ន​ក៏មាន​ការគាំទ្រ​កាន់តែច្រើន​។​តែ​យ៉ាងណា អ្នកនិពន្ធ​សៀវភៅ​រូបនេះ ក៏​នៅតែ​អំពាវនាវ​ដល់​មិត្ត​អ្នកអាន​ឱ្យ​ចូលរួម​លើកទឹកចិត្ត​ដល់​អ្នកនិពន្ធ តាមរយៈ​ការជួយ​ទិញ​សៀវភៅ​ច្បាប់ដើម​។​ចំពោះ​អ្នកលក់​ឬ​អ្នក​ចែកចាយ​បន្ត សូមកុំ​ថតចម្លង​យកទៅលក់ ព្រោះថា​វា​ជា​ការបំផ្លាញ​នូវ​ស្នាដៃ និង ការបំផ្លាញ​នូវ​ទឹកចិត្ត​របស់​អ្នកនិពន្ធ​។​

​គួរ​បញ្ជាក់ថា ពិព័រណ៍​សៀវភៅ ជា​កម្មវិធី​ថ្នាក់ជាតិ​មួយ​ដែល​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ដោយមាន​គ្រឹះស្ថាន​បោះពុម្ភផ្សាយ និង​ស្ថាប័ន​នានា ដាក់​បង្ហាញ​សៀវភៅ​រាប់ម៉ឺន​ក្បាល​របស់ខ្លួន​។​នៅ​ឆ្នាំ​២០១៩​នេះ មាន​ស្ដង់​ប្រមាណ​១៤០​ស្តង់ ដើម្បីឱ្យ​អ្នកចូលរួម អាច​អាន និង​ទស្សនា​កម្មវិធី​កម្សាន្ត​ជាច្រើន ដូចជា​ការសម្ដែង​រឿង​ខ្លី ចម្រៀង និង​មាន​កម្មវិធី​កុមារ​។​ដូច​ឆ្នាំមុន​ដែរ​សម្រាប់​ពិធី​តាំង​ពិ​ព័ណ៌​ឆ្នាំនេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចែក​សៀវភៅ​អប់រំ​ឈ្មោះ “​ស្រី​ហិតោ​បទេស​” ប្រមាណ ២​ម៉ឺន​ច្បាប់​ដោយ​ឥតគិតថ្លៃ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត