បោះឆ្នោត​​អង់គ្លេស​៖ទីបំផុត​​លោក​បូរី​ស ច​ន​សុន​​ឈ្នះ​អាសនៈ​​ភាគច្រើន​​នៅក្នុង​សភា​

13-12-2019 2:50 pm 627

​នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោក​បូរី​ស ច​ន​សុន បានឈ្នះ​អាសនៈ​ភាគច្រើន​នៅក្នុង​សភា​ហើយ បន្ទាប់ពី​ការបោះឆ្នោត​មុន​កំណត់​បញ្ចប់​កាលពី​ថ្ងៃទី​១២​ធ្នូ​។ បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​CNA គណបក្ស​អភិរក្ស​របស់លោក​ច​ន​សុន​ឈ្នះ​៣៦៤​អាសនៈ​នៃ​៦៥០​អាសនៈ​នៅក្នុង​រដ្ឋសភា ដែល​ជាការ​ឈ្នះ​សំឡេង​ភាគច្រើន​។ ករណីនេះ​ពិតជា​ផ្ដល់​ភាពងាយស្រួល​ជាង​មុន​សម្រាប់​នាយករដ្ឋមន្ដ្រី​ទើប​ចូល​កាន់តំណែង ដើម្បី​ត្រួសត្រាយ​ផ្លូវ​ដឹក​ដៃ​អង់គ្លេស​ចេញពី​អឺរ៉ុប​បាន​ដោយ​ស្ងប់ចិត្ដ បន្ទាប់ពី​ជាប់គាំង​ដោយសារ​សភា​មិន​ឯកភាព​លើ​កិច្ចព្រមព្រៀង​ចេញពី​អឺរ៉ុប​កន្លងមក​។​

​ដោយឡែក​គណបក្ស​ពលករ​ទទួល​បានតែ​២០៣​អាសនៈ​ប៉ុណ្ណោះ ជា​លទ្ធផល​ដ៏​អាក្រក់​បំផុត​គិតពី​ឆ្នាំ​១៩៣៥​។ មេដឹកនាំ​គណបក្ស​ពលករ​លោកជេរេ​មី ខរ​ប៊ីន បាន​ទទួលស្គាល់​បរាជ័យ​ហើយ​បញ្ជាក់ថា​លោក​នឹង​ចុះចេញ​។ គណបក្ស​នេះ​បាន​បាត់បង់​អាសនៈ​រហូតដល់​៥៩​អាសនៈ ស្របពេល​គណបក្ស​ជាតិ​ស្កុត​ឡេន​កើន​១៣​អាសនៈ​ដោយ​ទទួលបាន​៤៨​អាសនៈ​នៅក្នុង​សភា ជា​គណបក្ស​ធំ​បំផុត​ទី​បី​របស់​អង់គ្លេស​។ 

​លោក​នាយករដ្ឋមន្ដ្រី​បូរី​ស ច​ន​សុន​បាន​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ដោយ​ប្រើ​ពាក្យស្លោក​ថា “Get Brexit Done” ឬ “​ធ្វើឲ្យ​អង់គ្លេស​ចេញពី​អឺរ៉ុប​ដោយ​ជោគជ័យ​” ដោយ​សន្យា​នឹង​បញ្ចប់​ភាពជាប់គាំង ហើយ​បង្កើន​ចំណាយ​បន្ថែម​លើ​វិស័យ​សុខភាព ការអប់រំ និង​មន្ដ្រីប៉ូលិស​។ តាម​លទ្ធផល​បង្ហាញថា​គណបក្ស​លោក​ច​ន​សុន​បាន​ទាក់ទាញ​អ្នកបោះឆ្នោត​បាន​យ៉ាងច្រើន​ពី​គណបក្ស​ពលករ​។​

​ក្រោយពី​ទទួលបាន​ជោគជ័យ​លោក​ច​ន​សុន​ថ្លែងថា លោក​នឹង​ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​តបស្នង​ទំនុកចិត្ដ​ដល់​អ្នកបោះ​ឆ្នោត​។ នេះ​ជា​ពេលវេលា​ត្រូវ​នាំ​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប គឺ​នៅ​ខែក្រោយ​ដោយ​គ្មាន​ពាក្យ​ថា​ប្រសិនបើ​ឬ​ប៉ុន្ដែ​ទៀត​ទេ​។ លោក​ច​ន​សុន​បាន​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​ក្នុង​ការបង្កើត​ប្រវត្ដិសាស្ដ្រ​ថ្មី ក្នុងនោះ​មាន​អ្នក​ធ្លាប់​គាំទ្រ​គណបក្ស​ពលករ​ផងដែរ ដែល​ងាក​មក​បោះឆ្នោតឲ្យ​គណបក្ស​អភិ​រ​ក្ស​ជា​លើកដំបូង​។ លោក​នឹង​ដឹកនាំ​រដ្ឋាភិបាល​ប្រជាជន​និង​បំពេញ​សេចក្ដី​ទុកចិត្ដ​របស់​ប្រជាជន​៕

 ពាក្យគន្លឹះ  អង់គ្លេសការបោះឆ្នោត

ព័ត៌មានផ្សេងទៀត