សហរដ្ឋអាមេរិក កំពុងតាមដានដំណើរការកាត់ក្ដីទៅលើប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នឹងបើសវនាការជំនុំជម្រះលើអង្គសេចក្ដី នាពាក់កណ្ដាលខែមករា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីបញ្ជាក់ថាលោក កឹម សុខា ត្រូវមានទោស ឬក៏យ៉ាងណា ពាក់ព័ន្ធនឹងបទចោទប្រកាន់ «សន្ទិដ្ឋិភាពជាមួយបរទេស»។
ប្រមុខការទូតអាមេរិក លោក Mike Pompeo ប្រកាសថា សហរដ្ឋអាមេរិកប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកស្ទួយសិទ្ធិមនុស្ស ដោយអាមេរិកកំពុងចាត់វិធានការជាក់ស្តែងជាច្រើន ដើម្បីប្រឆាំងនឹងអំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស និងអំពើជិះជាន់ទាំងឡាយនៅទូទាំងពិភពលោក។ តាមរយៈជំហរបែបនេះ សហរដ្ឋអាមេរិក បានដាក់បញ្ចូលសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចូលក្នុងបញ្ជីដែលត្រូវតាមដានដោយយកចិត្តទុកដាក់។ ប្រមុខការទូតអាមេរិកថ្លែងបែបនេះកាលពីថ្ងៃទី១១ ធ្នូ នៅរដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក នៅក្នុងសន្និសីទសារព័ត៌មានមួយដែលផ្ដោតលើព្រឹត្តិការណ៍អន្តរជាតិ ពាក់ព័ន្ធនឹងនយោបាយការបរទេសអាមេរិក និងបញ្ហាសិទ្ធិមនុស្សអន្តរជាតិ។
លោក Mike Pompeo ថ្លែងថា អាមេរិកមិនមែននិយាយតែមាត់នោះទេ តែបានចាត់វិធានការជាក់ស្តែង ក្នុងការការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋជុំវិញពិភពលោក។ លោកបានហៅការចូលរួមការពារសិទ្ធិសេរីភាពនេះ ថាជាកាតព្វកិច្ចរបស់អាមេរិក។ លោកបញ្ជាក់ថា នេះជាអ្វីដែលសហរដ្ឋអាមេរិកត្រូវធ្វើ ដើម្បីការពារសិទ្ធិមនុស្សនៅគ្រប់ទីកន្លែងលើពិភពលោក៖ «យើងជាប្រជាជាតិមួយដែលមិនត្រឹមតែឱ្យតម្លៃលើសិទ្ធិដែលមិនអាចដកហូតបានរបស់មនុស្សគ្រប់រូបនោះទេ ប៉ុន្តែថែមទាំងជាប្រជាជាតិមួយដែលបង្កើតឡើងដើម្បីការពារសិទ្ធិទាំងអស់នោះផងដែរ។ យើងមិនមែនត្រឹមតែនិយាយអំពីរឿងសិទ្ធិទេ ប៉ុន្តែយើងក៏ធ្វើសកម្មភាពគាំទ្រសិទ្ធិទាំងនោះដែរ។ យើងការពារសិទ្ធិនៅជុំវិញពិភពលោក ពីព្រោះវាជាកាតព្វកិច្ចរបស់ពួកយើងដែលត្រូវធ្វើដូច្នេះ។ ជាឧទាហរណ៍ យើងកំពុងឃ្លាំមើលសវនាការកាត់ទោសមេបក្សប្រឆាំងនៅកម្ពុជា គឺលោក កឹម សុខា និងរឿងរ៉ាវជាច្រើនផ្សេងទៀត»។
សំណុំរឿងរបស់លោក កឹម សុខា ត្រូវបានចៅក្រមជំនុំជម្រះ សម្រេចលើកទៅបើកសវនាការជំនុំជម្រះអង្គសេចក្តី នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ក្រោយពីឆ្លងកាត់ការស៊ើបសួររយៈពេល២ឆ្នាំ។ សវនាការអង្គសេចក្តី គឺដើម្បីសម្រេចថាលោក កឹម សុខា មានទោសពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដូចការចោទប្រកាន់ពិតមែន ឬក៏យ៉ាងណា? ខណៈកន្លងទៅថ្មីៗនេះ សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា បានជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបានបញ្ជូនសំណុំរឿងលោក កឹម សុខា ទៅជំនុំជម្រះ។ ក្រុមមេធាវីការពារក្ដីឱ្យលោក កឹម សុខា បានប្ដឹងទាស់ទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ តែត្រូវសភាស៊ើបសួរសាលាឧទ្ធរណ៍បដិសេធ ដោយរក្សាសេចក្ដីសម្រេច របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល៕