លោក ស ខេង​៖ អំពើ​ជួញដូរ​មនុស្ស​ជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ប្រកបដោយ​គ្រោះថ្នាក់​នៅក្នុង​សង្គម​

13-12-2019 11:43 am 139
  ស្តាប់
ស្តាប់ជាសំឡេង

អំពើ​ជួញដូរ​មនុស្ស ជា​ប្រភេទ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​ប្រកបដោយ​គ្រោះថ្នាក់​ចំពោះ​មនុស្ស គ្រប់​វ័យ គ្រប់​ប្រភេទ​ក្នុងសង្គម ។​អំពើ​ជួញដូរ​មនុស្ស ជា​ញឹកញាប់​ត្រូវបាន​រក​ឃើញ​ក្នុង​ចំណោម​អ្នក​ធ្វើ​ចំណាកស្រុក ឬ​ទេសន្តរប្រវេសន៍ ដែល​ស្វែងរក​ការងារ និង​ប្រាក់​ចំណូល ដែល​នៅ​ឆ្ងាយ​ពី​ទីកន្លែង​ដែល​ខ្លួន​រស់នៅ​។ នេះ​ជា​ប្រសាសន៍​របស់​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក្នុង​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស​លើក​ទី​១៣ កាលពី​ថ្ងៃ​ទី ១២​ធ្នូ ។​

​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បញ្ជាក់ថា  ក្រសួង​ពាក់ព័ន្ធ​រួមជាមួយ​អាជ្ញាធរ មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់ ត្រូវតែ​ជម្រុញ​ការផ្សព្វផ្សាយ ឲ្យបាន​ដល់​គ្រប់​ស្រទាប់នៃ​យុវជន សិស្ស និស្សិត ប្រជាពលរដ្ឋ​នៅ​ជនបទ និង​តាម​តំបន់​ដែល​មាន​សេវា​កំសាន្ត ឲ្យបាន​យល់ដឹង អំពី​គ្រប់​ល្បិចកល របស់​ជនខិលខូច ដែល​ឆ្លៀតឱកាស ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​អូសទាញ​ប្រជាពលរដ្ឋ ឲ្យ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​គ្រោះថ្នាក់​នៃ​អំពើ​ជួញដូរ​មនុស្ស​។ 

​លោក​បន្តថា បច្ចុប្បន្ននេះ ឧក្រិដ្ឋជន​បាន​ឆ្លៀតឱកាស​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដើម្បី​ទាក់ទាញ​ជនរងគ្រោះ​ឲ្យចូល​ក្នុង​អន្ទាក់​របស់ខ្លួន និង​គេចវេស​ពី​សមត្ថកិច្ច ។​មួយវិញទៀត​បច្ចុប្បន្ន​នេះ ប្រព័ន្ធ​អន​ឡា​ញ និង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម ក៏​បាន​បង្កើត​ជា​បញ្ហា​ថ្មី គឺ «​ការជួញដូរ​មនុស្ស និង​ការរំលោភបំពាន​ផ្លូវភេទ ជាពិសេស លើ​អនីតិជន​តាម​ប្រព័ន្ធ​អន​ឡា​ញ​» ។​

​ជាមួយគ្នា​នោះ​ដែរ លោក ស ខេង ក៏​បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន ដែល​មាន​កម្មករ ឬ​ពលករ​បម្រើការ​ក្នុង​រោងចក្រ សហគ្រាស និង​សេវាកម្ម​របស់​ខ្លួន សូម​ពង្រឹង​ការតាមដាន គ្រប់គ្រង និង​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​មាន​វិធានការ​បង្ក្រាប និង​ផ្តន្ទាទោស​ឲ្យបាន​ទាន់​ពេលវេលា​លើ​ជនខិលខូច ដែល​កេងប្រវ័ញ្ច និង​ធ្វើ​អាជីវកម្ម​លើក​ម្មករ និង ពលករ នៅ​ក្រៅ​ប្រទេស​យ៉ាង​អមនុស្សធម៌ រហូត​ក្លាយជា​ទាសភាព​សម័យ​ទំនើប​គួរឲ្យ​ស្អប់ខ្ពើម​បំផុត​៕

ព័ត៌មានផ្សេងទៀត