ចិន​ប្ដេជ្ញា​នឹង​ទិញ​​កសិផល​​អាមេរិក​​ដល់​៥០​ពាន់​លាន​​ដុល្លារ​​នៅ​ឆ្នាំក្រោយ​

13-12-2019 8:18 am 489
ប្រធានាធិបតីអាមេរិក(ឆ្វេង)​និងប្រធានាធិបតីចិន

​តាម​ប្រភពព័ត៌មាន​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានឲ្យដឹងថា សេត​វិមាន​ព្រមព្រៀង​នឹង​ផ្អាក​ដំឡើង​ពន្ធ​បន្ថែម​លើ​ទំនិញ​ចិន ព្រមទាំង​កាត់​បន្ថយពន្ធ​លើ​ទំនិញ​មួយចំនួនទៀត ជា​ថ្នូរ​នឹង​ការប្ដេជ្ញា​របស់​ចិន​ដែល​នឹង​បង្កើន​ការទិញ​ទំនិញ​កសិផល​អាមេរិក​ក្នុង​ឆ្នាំ​២០២០​។ ការប្រកាស​ដូច្នេះ​គឺជា​ជំហាន​ល្អ​មួយ​អាច​កាត់បន្ថយ​ការប្រឈមមុខ​ផ្នែក​សង្គ្រាម​ពាណិជ្ជកម្ម រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ទាំងពីរ​។​

​ប្រភព​ដដែល​បាន​រាយការណ៍​ព័ត៌មាន​ទទួលបាន​ពី​ភាគី​ចូលរួម​កិច្ចចរចា​ទ្វេភាគី​ថា អាមេរិក​នឹង​ផ្អាក​ការដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​រហូតដល់​១៦០​ពាន់​លាន​ដុល្លារ រំពឹង​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១៥​ធ្នូ​ហើយនឹង​ដកចេញ​ខ្លះ​នូវ​ពន្ធ​ដែល​ដំឡើង​រួច​។ ឆ្លើយតប​នឹង​ការលើកលែង​របស់​អាមេរិក​ចិន​បានប្រកាស​ប្ដេជ្ញា​នឹង​ទិញ​កសិផល​អាមេរិក​ដល់​ចំនួន​៥០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០​។ ចំនួន​នេះ​គុណ​នឹង​ពីរ​បើ​ប្រៀបធៀប​ក្នុង​ឆ្នាំ​២០១៧ មុនពេល​ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​។ យ៉ាងណាមិញ​សេត​វិមាន​មិន​បានចេញ​សេចក្ដីថ្លែងការណ៍​ផ្លូវការ​ណាមួយ​ទេ បង្កឲ្យមាន​ការងឿងឆ្ងល់​ថា​ពិតជា​មាន​ការឯកភាព​រវាង​ភាគី​ទាំងពីរ​មែនឬ​មិនមែន​៕

ព័ត៌មានផ្សេងទៀត