បុរាណ​វិទូ​​រកឃើញ​​គំនូរ​​​ក្នុងរូងភ្នំ​អាយុកាល​​ជាង​៤​ម៉ឺន​ឆ្នាំ​​នៅ​ឥណ្ឌូនេស៊ី​

12-12-2019 5:42 pm 484
រូបភាពគំនូរថតបានដោយបុរាណវិទូ

​អ្នក​បុរាណវិទ្យា​បាន​រកឃើញ​រូបគំនូរ​នៅលើ​ជញ្ជាំង​ក្នុង​រូងភ្នំ​នៃ​កោះ​Sulawesi​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវបាន​អ្នកជំនាញ​កំណត់ថា​មាន​អាយុកាល​៤៤,០០០​ឆ្នាំ​មកហើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន​BBC​នៅ​ថ្ងៃទី​១២​ធ្នូ​។ រូបគំនូរ​រកឃើញ​ដំបូង​ដោយ​បុរាណ​វិទូ​លោក​Adam Brumm សាស្ដ្រាចារ្យ​នៅ​សាកលវិទ្យាល័យ​Griffith​ក្នុង​ទីក្រុង​Brisbane​ប្រទេស​អូស្ដ្រាលី​កាលពី​ពីរ​ឆ្នាំមុន បន្ទាប់ពី​មិត្ដ​រួម​ការងារ​ម្នាក់នៅ​ក្នុងប្រ​ទេស​ឥណ្ឌូនេស៊ី​បាន​ចូល​ទៅដល់​ផ្លូវ​ក្នុង​រូង​ភ្នំ​។ 

​លោក​សាស្ដ្រាចារ្យ​Brumm​ក៏បាន​ថតរូប​នៃ​គំនូរ​នៅលើ​ជញ្ជាំង​នោះ​ផងដែរ ហើយ​តាម​រូបភាព​ចុះផ្សាយ​ដោយ​សារព័ត៌មាន​BBC វា​ជា​រូប​សត្វ​ក្របី​ដែល​ត្រូវបាន​មនុស្ស​តាម​ប្រមាញ់ ក្នុង​ដៃ​ប្រដាប់​ដោយ​លំពែង​និង​ខ្សែ​ពួរ​។ យ៉ាងណាមិញ​គំនូ​រលើ​ជញ្ជាំង​ដែល​បាន​រកឃើញ​នេះ មិនមែនជា​គំនូរ​អាយុកាល​ចាស់​ជាងគេ​នៅក្នុង​លោក​ឡើយ​។ កាលពី​ឆ្នាំមុន​អ្នកវិទ្យាសាស្ដ្រ​បាន​រកឃើញ​គំនូរ​ចំណាស់​ជាងគេ​បំផុត​របស់​មនុស្សជាតិ នៅលើ​បំណែក​ថ្ម​មួយ​នៅ​អាហ្វ្រិក​ខាងត្បូង​ដែលមាន​អាយុកាល​៧៣,០០០​ឆ្នាំ​៕

ព័ត៌មានផ្សេងទៀត