​អាជ្ញាធរ​កំពង់ឆ្នាំង​​បំភ្លឺថា​ដី​៤០​ហិច​តា​​មិនមែន​ឱ្យតែ​អន្តោប្រវេសន៍​វៀតណាម​រស់នៅ​ទេ​​

12-12-2019 5:03 pm 395

អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង បាន​បំភ្លឺ​រឿង​បំលាស់​ទី​ប្រជាពលរដ្ឋ ដែល​រស់នៅ​លើទឹក​ក្នុង​ខេត្ត​កំពង់ឆ្នាំង ឱ្យមក​រស់នៅ​លើដី​ទំហំ​៤០​ហិច​តា មិនមែន​មានតែ​ជនអន្តោប្រវេសន៍​វៀតណាម​នោះទេ ក្នុងនោះ​គឺមាន​ទាំង​ខ្មែរ​និង​ខ្មែរឥស្លាម​ផងដែរ ដែល​អនុញ្ញាត​ឱ្យមក​រស់នៅ​លើដី​នេះ ខណៈ​សាធារណមតិ​មួយចំនួន បាន​លើកឡើងថា អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង កំពុង​ឆ្វៀល និង​កាត់​ដី​ទៅឱ្យ​ជនអន្តោប្រវេសន៍​វៀតណាម ទៅ​តាំង​ទីលំនៅ​លើដី​ទំហំ​៤០​ហិច​តា​នោះ​។

​អភិបាលរង​ខេត្តកំពង់ឆ្នាំង​លោក ស៊ុន សុ​វណ្ណា​រិទ្ធិ បាន​បញ្ជាក់ថា ការ​បំលាស់​ទី​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើទឹក​ក្នុង​ខេត្ត​កំពង់ឆ្នាំង មក​រស់នៅ​លើដី​ទំហំ​៤០​ហិច​តា ប្រមាណ​៤,៥៦៣​គ្រួសារ មិនមែន​មានតែ​ជនអន្តោប្រវេសន៍​វៀតណាម​ទេ គឺ​ក្នុងនោះ​មាន​ទាំង​ពលរដ្ឋ​ខ្មែរ​-​ខ្មែរឥស្លាម​ផងដែរ​។ លោក​បាន​គូសបញ្ជាក់​ទៀតថា ក្នុងចំណោម ៤,៥៦៣​គ្រួសារ​នោះ មានរ​ខ្មែរ​២,០១០​គ្រួសារ ស្មើនឹង​៩,១៦៨​នាក់ ខ្មែរ​-​ឥស្លាម មាន​៧៣​គ្រួសារ ស្មើនឹង​២៤២​នាក់ រីឯ​វៀតណាម មាន​ដល់​ទៅ​២,៤៨០​គ្រួសារ ស្មើនឹង​១០,៣១១​នាក់ ពួកគេ នឹងត្រូវ​ចូលទៅ​រស់នៅ​លើដី​ទំហំ​៤០​ហិច​តា ស្ថិតក្នុង​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង  …………

​សំឡេង​៖

​លោក ស៊ុន សុ​វណ្ណា​រិទ្ធិ ថែមទាំង​និយាយថា កន្លងមក​មាន​មនុស្ស​មួយចំនួន​យល់ច្រឡំ​ថា ដី​ទំហំ​៤០​ហិច​តា គឺ​សម្រាប់តែ​ជនជាតិ​វៀតណាម ដែល​រស់នៅ​លើទឹក​ក្នុង​ខេត្ត​កំពង់ឆ្នាំង គឺ​មិនមែន​នោះទេ អ្នកដែល​រស់នៅ​លើទឹក​នោះ មិនមែន​មានតែ​ជនជាតិ​វៀតណាម​ទេ មាន​ទាំង​ខ្មែរ​និង​ខ្មែរឥស្លាម​ផងដែរ​។ ចំណែក​ជនជាតិ​វៀតណាម ជា​ជនអន្តោប្រវេសន៍​ស្របច្បាប់ ដែល​ពួកគាត់​បានមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា មាន​ទាំង​សំណុំ​ឯកសារ និង​លក្ខណៈសម្បត្តិ ដែល​ទទួលស្គាល់​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច ជា​ជនអន្តោប្រវេសន៍ ដែល​អាច​រស់នៅ​ក្នុងប្រទេស​កម្ពុជា ដូច​ប្រទេស​នានា​លើ​ពិភពលោក​ដែរ​។​

​យ៉ាងណាក៏ដោយ​បើតាម​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​វិញ បាន​ប្រតិកម្ម​ទៅនឹង​អ្វីដែល​បាន​លើកឡើងថា រដ្ឋាភិបាល​បាន​ឆ្វៀល​ដី ឬក៏​កាត់​ដី​តំហំ​៤០​ហិច​តា ទៅឱ្យ​ជនអន្តោប្រវេសន៍​ប្រវេសន៍​វៀតណាម ដែល​រស់នៅ​លើទឹក​ក្នុង​ខេត្ត​កំពង់ឆ្នាំង គឺ​មិនមែន​ឆ្វៀល ឬ​កាត់​ទេ គឺ​ធ្វើការ​បំល្លាស់​ទី​ពី​ការរស់នៅ​លើទឹក​ឱ្យមក​រស់នៅ​លើគោក​តែប៉ុណ្ណោះ ដោយ​លោក​សូមកុំ​ឱ្យមាន​ការយល់ច្រឡំ​តទៅទៀត​។ លោក ផៃ ស៊ី​ផាន ក៏បាន​ហាម​មិន​លើ​ករឿង​ករណី​ដី​ទំហំ​៤០​ហិច​តា ភ្ជាប់​ជាមួយ​រឿង​នយោបាយ​ឱ្យសោះ​។​

​បើ​យោងតាម​របាយកាណ៍​រដ្ឋ​បាល​ខេត្តកំពង់ឆ្នាំង ការផ្លាស់​អ្នក​រស់​នៅលើ​ដង​ទន្លេ ទៅ​រស់នៅ​ដីគោក គឺ​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង ទទួលបាន​ការយល់ព្រម​ពី​ថ្នាក់លើ​។ ការ​បំលាស់​ទីនេះ គឺ​ដើម្បី​រៀបចំ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ឲ្យមាន​និរន្តរភាព ស្របតាម​ច្បាប់​ភូមិបាល​, ដើម្បី​ថែរក្សា​បរិស្ថាន​ទន្លេសាប ធនធានធម្មជាតិ និង​ជីវៈចម្រុះ​, ពង្រឹង​ការថែរក្សា​សន្តិសុខ និង​សុវត្ថិភាព​សាធារណៈ​, ជាពិសេស​គឺ​ដើម្បី​គ្រប់គ្រង​ជន​អន្តោ​ប្រវេ​ស​ខុសច្បាប់ ក៏ដូចជា​ចូលរួម​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ ធនធាន​ជលផល​ជាដើម​។​

​សូមបញ្ជាក់ថា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានរៀបចំ​ធ្វើ​ស​ន្និសិទ​សារព័ត៌មាន ដើម្បី​បំភ្លឺ​សាធារណជន ពី​រឿង​បំលាស់​ទី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើផ្ទះ​បណ្ដែត​ទឹក​ក្នុង​ខេត្ត​កំពង់ឆ្នាំង ឱ្យមក​រស់នៅ​លើគោក ក្នុង​ដី​ទំហំ​៤០​ហិច​តា នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៩ ដើម្បី​ស្រាយ​បញ្ជាក់​ចម្ងល់​របស់​សាធារណជន​កុំឱ្យ​មាន​ការយល់ច្រឡំ និង​ចោទប្រកាន់​រដ្ឋាភិបាល​ថា កាត់ ឬក៏​ឆ្វៀល​ដី​ទំហំ​ដី​៤០​ហិច​តា ទៅឱ្យ​ជនអន្តោប្រវេសន៍​វៀតណាម​៕

ព័ត៌មានផ្សេងទៀត