ដីទំហំ៤០ហិចតាដែលអាជ្ញាធរខេត្តកំពង់ឆ្នាំង បានផ្ដល់ឱ្យសម្រាប់អ្នកធ្វើការបំលាស់ទីពីរស់នៅលើទឹកក្នុងខេត្តកំពង់ឆ្នាំង ចំនួនជាង៤ពាន់គ្រួសារ មករស់នៅលើដីទំហំ៤០ហិចតា គឺជាដីឯកជនរបស់ពលរដ្ឋខ្មែរម្នាក់ ឈ្មោះ រស់ ចំរើន ហើយដីនេះទៀតសោធ គឺសម្រាប់ចែកជូនប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋខ្មែរឥស្លាម។ ដោយឡែកជនអន្តោប្រវេសន៍វៀតណាម ឬអន្តោប្រវេសន៍ដទៃទៀតវិញ គឺមានសិទ្ធិជួលលើដីទំហំ៤០ហិចតានោះ ដោយគ្មានកម្មសិទ្ធិរស់នៅស្របច្បាប់ដូចប្រជាពលរដ្ឋខ្មែរឡើយ។ នេះបើតាមការអះអាងពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង នៅក្នុងសន្និសិទសារព័ត៌មានដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ។ ជាបន្តសូមស្ដាប់ប្រសាសន៍លោកអភិបាលរងខេត្តកំពង់ឆ្នាំង ដូចតទៅ៖
សំឡេង៖
សូមបញ្ជាក់ថា ការអះអាងរបស់អភិបាលរងខេត្តកំពង់ឆ្នាំងបែបនេះ ស្របពេលដែលសាធារណៈជនមួយចំនួនមានចម្ងល់ និងចោទជាសំណួរថា ហេតុអ្វីទើបរដ្ឋាភិបាល ផ្ដល់ដីទំហំ៤០ហិចតា ទៅឱ្យជនអន្តោប្រវេសន៍វៀតណាមរស់នៅបែបនេះ? សាធារណៈជនថែមទាំងលើកឡើងលើបណ្ដាញសង្គមថា ជនអន្តោប្រវេសន៍វៀតណាម មានសំណាងជាងជនជាតិខ្មែរដែលជាម្ចាស់ប្រទេសមួយចំនួន ត្រូវបានអាជ្ញាធរបណ្ដេញចេញពីដី ហើយថែមទាំងបង្ក្រាបប្រសិនបើមានការតវ៉ាទាមទារដីនោះមកវិញ៕