World Bank៖​​ឥណ្ឌូនេស៊ី​​ខាតបង់​​ជាង​៥​ពាន់​លាន​ដុល្លារ​​ដោយសារ​ភ្លើង​​ឆេះ​ព្រៃ​

12-12-2019 2:52 pm 396
រូបភាព​ភ្លើងឆេះព្រៃ​នៅឥណ្ឌូនេស៊ី

​បន្ទាប់ពី​រងគ្រោះ​ដោយសារតែ​ភ្លើង​ឆេះ​ព្រៃ ឥណ្ឌូនេស៊ី​បាន​ប្រឈម​ការខាតបង់​គិត​ជា​ទឹកប្រាក់​ប្រមាណ​៥.២​ពាន់​លាន​ដុល្លារ​អាមេរិក នេះ​បើតាម​ការបញ្ជាក់​ពី​ធនាគារពិភពលោក​កាលពី​ថ្ងៃ​ពុធ ដោយ​ក្នុងនោះ​មិន​រាប់បញ្ចូល​ផលប៉ះពាល់​ដោយសារ​ផ្សែង​ពុល​ក្នុង​បរិយាកាស​ទេ​។ ករណី​ភ្លើង​ឆេះ​ព្រៃ​គឺជា​វិបត្ដិ​ប្រចាំឆ្នាំ​របស់​ឥណ្ឌូនេស៊ី ប៉ុន្ដែ​ក្នុងឆ្នាំនេះ​ជា​ឆ្នាំ​ដ៏​អាក្រក់​បំផុត​គិតពី​ឆ្នាំ​២០១៥ ដោយសារតែ​អាកាសធាតុ​ស្ងួត​ខ្លាំង​។ ភ្លើង​បាន​ឆាបឆេះ​ក្នុង​ទំហំ​ដី​៩៤២,០០០​ហិកតា ភាគច្រើន​នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា​និង​ប័រនេ​អូ​។​

​អាជ្ញាធរ​បាន​ដាក់ពង្រាយ​ក្រុម​ពន្លត់ភ្លើង​រាប់ពាន់នាក់ និង​មាន​យន្ដហោះ​បាញ់​ទឹក​បន្ថែមទៀត​ដើម្បី​ដោះស្រាយ​ការឆេះ​ព្រៃ ដែល​រីក​រាលដាល​ដល់​ដី​កសិកម្ម​និង​ចំការ​ដូងប្រេង​ផង​។ ប៉ុន្ដែ​យ៉ាងណាមិញ​ទំហំ​នៃ​ការខូចខាត​នៅតែមាន​ច្រើន​គឺ​ស្មើនឹង​ប្រមាណ​០.៥​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​។ ទំហំ​ខូចខាត​មាន​១៥៧​លាន​ដុល្លារ​ជា​ការបំផ្លិចបំផ្លាញ​ដោយផ្ទាល់ និង​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​នៅក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ការដឹកជញ្ជូន និង​វិស័យ​បរិស្ថាន​។ នេះ​បើតាម​ការបញ្ជាក់​ពី​ធនាគារពិភពលោក​៕

ព័ត៌មានផ្សេងទៀត