លោកសមរង្ស៊ីថាអន្តរជាតិទាមទារឲ្យមានដំណោះស្រាយរួមបញ្ហានយោបាយនៅកម្ពុជា

12-12-2019 10:56 am 705

លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង បានអះអាងថា សហគមន៍អន្តរជាតិទាមទារឲ្យមានដំ ណោះស្រាយរួមចំពោះបញ្ហានយោបាយនៅកម្ពុជា មិនមែនដោះស្រាយបញ្ហារបស់លោកកឹមសុខាម្នាក់ អាចធ្វើឲ្យលទ្ធិប្រជាធិបតេយ្យរស់ឡើងវិញនោះទេ ពោលគឺត្រូវដោះស្រាយបញ្ហារបស់មន្ត្រីអតីតបក្សសង្រ្គោះជាតិទាំងអស់រួមទាំងរូបលោកផងដែរ។

លោកសម រង្ស៊ី បានថ្លែងក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១១ ខែធ្នូ ថា លោកកឹម សុខាមិនបែកពីរូបលោកដាច់ខាត ហើយលោកកឹម សុខា ក៏មិនទៅបង្កើតគណបក្សថ្មីដាច់ខាត ព្រមទាំងមិនត្រឡប់ទៅដឹកនាំគណបក្សសិទ្ធិមនុស្សនោះដែរ។

លោកថាលោកកឹម សុខារង់ចាំបានសេរីភាពឡើងវិញ ហើយបន្តចាប់ដៃជាមួយរូបលោក ដើម្បីឲ្យគណបក្សសង្រ្គោះជាតិដំណើរការឡើងវិញ តាមការទាមទាររបស់សហគមន៍អន្តរជាតិ។ លោកសម រង្ស៊ី បានបញ្ជាក់​ថា នៅកម្ពុជាមិនអាចមានលទ្ធិប្រជាធិបតេយ្យបាននោះទេ បើសិនគ្មានគណបក្សប្រឆាំង ហើយនៅកម្ពុជាបន្ចុច្បន្នមិនអាចមានគណបក្សប្រឆាំងបានទេ បើសិនគ្មានគណបក្សសង្រ្គោះជាតិ។ ហើយថាមិនអាចមានគណ​បក្ស​សង្រ្គោះជាតិបានទេ បើសិនជាកឹម សុខា-សម រង្ស៊ីមិននៅចាប់ដៃគ្នាជាមនុស្សតែមួយដដែល។

ទាក់ទងបញ្ហានេះលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើង ថា លោកសម រង្ស៊ី ចង់ភ្ជាប់ខ្លួនជាមួយអតីតគណបក្សសង្រ្គោះជាតិ តាមរយៈដំណោះស្រាយរួម។ ប៉ុន្តែមិនអាចទៅរួចនោះទេដោយសារតែលោកសម រង្ស៊ី មិនមែនជាសមាជិកអតីតគណបក្សសង្រ្គោះជាតិទៀតឡើយ។

ជាមួយគ្នានេះលោកសុខ ឥសាន ក៏បានចំអកថាភ័ស្តុតាងសម រង្ស៊ី និងកឹម សុខាបែកបាក់កាន់តែច្បាស់ ពោលគឺលោកសម រង្ស៊ី ធ្វើបក្សប្រហារដណ្ដើមតួនាទី ជាប្រធានបក្សស្តីទីពីលោកកឹម សុខា។ ម្យ៉ាងទៀត ផែន​ការធ្វើរដ្ឋប្រហាររដ្ឋាភិបាល របស់ក្រុមលោកសម រង្ស៊ី គឺបន្ថែមពិរុទ្ធភាពដល់លោកឹម សុខាឲ្យនៅជាប់ពន្ធនាគារបន្តទៀត តាមការលាតត្រដាងថាបានធ្វើបដិវត្តន៍ពណ៌ ដណ្ដើមអំណាចដោយខុសច្បាប់មែន៕ 

 

ព័ត៌មានផ្សេងទៀត