ជាប់គាំង​​បង្កើត​​រដ្ឋាភិបាល​ចម្រុះ​​មិន​ចេញ​​អ៊ីស្រាអែល​​សម្រេច​​បោះឆ្នោត​ជា​លើក​ទី​បី​

12-12-2019 10:01 am 462

​បន្ទាប់ពី​ខ្វែងគំនិត​មិនអាច​បង្កើត​រដ្ឋាភិបាល​ចម្រុះ​បាន ទីបំផុត​អ៊ីស្រាអែល​សម្រេច​នឹង​រៀបចំ​ការបោះឆ្នោត​ជា​លើក​ទី​បី​ក្នុង​រយៈពេល​មិន​ដល់​មួយឆ្នាំ​ផង​។ ការបោះឆ្នោត​លើក​ទី​បី​នេះ​គ្រោង​រៀបចំឡើង​នៅ​ថ្ងៃទី​០២​ខែ​មីនាឆ្នាំ​២០២០ បន្ទាប់ពី​ការបោះឆ្នោត​លើកទីមួយ​ក្នុង​ខែមេសា​និង​ការបោះឆ្នោត​លើក​ទី​ពីរ​ក្នុង​ខែ​កញ្ញា​។ លទ្ធផល​នៃ​ការបោះឆ្នោត​កន្លងមក​ពុំមាន​គណបក្ស​ណាមួយ​ឈ្នះ​អាសនៈ​ភាគច្រើន​ក្នុង​សភា អាចបង្កើត​រដ្ឋាភិបាល​តែឯង​បានឡើយ​។ 

​លទ្ធ​ផ​នៃ​ការបោះឆ្នោត​លើក​ទី​ពី​កាលពី​ខែ​កញ្ញា គណបក្ស​ខៀវ​និង​ស​របស់លោក​Benny Gantz​ឈ្នះ​អាសនៈ​ក្នុង​សភា​ចំនួន​៣៣​អាសនៈ ខណៈ​គណបក្ស​លី​គួដ​(Likud)​របស់លោក​Benjamin Netanyahu​នាយករដ្ឋមន្ដ្រី​អ៊ីស្រាអែល​បច្ចុប្បន្ន ឈ្នះ​តែ​៣២​អាសនៈ​ក្នុង​សភា​ប៉ុណ្ណោះ​។ ជារួម​ពុំមាន​គណបក្ស​ណា​អាច​យកឈ្នះ​៦១​អាសនៈ​ដែល​ស្មើនឹង​៥០+១​នៃ​១២០​អាសនៈ​នោះឡើយ​។ ត្រង់ចំណុច​នេះហើយ​ដែល​ជំរុញ​ឲ្យ​គណបក្ស​មាន​សំឡេង​ភាគច្រើន​ត្រូវ​រួម​ដៃ​បង្កើត​រដ្ឋាភិបាលចម្រុះ​ដឹកនាំ​ប្រទេស​ក្នុង​អាណត្ដិ​ថ្មី​។​

​កន្លងមក​គណបក្សរ​បស់​លោក​Gantz​និង​លោក​Netanyahu ធ្លាប់​ប្រកាស​ចង់​ចាប់ដៃ​បង្កើត​រដ្ឋាភិបាលចម្រុះ​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន​អ៊ីស្រាអែល​រួមគ្នា​។ ប៉ុន្ដែ​ផែនការ​ត្រូវ​បរាជ័យ​បន្ទាប់ពី​កិច្ចពិភាក្សា​ជាប់គាំង​ត្រង់​ការជ្រើសរើស​នរណា​ជា​នាយករដ្ឋមន្ដ្រី​។ មេដឹកនាំ​គណបក្ស​ទាំងពី​ក៏​មិន​ស្រុះស្រួល​ក្នុង​ការរៀបចំ​ចែករំលែក​អំណាច​គ្នា ស្របពេល​លោក​Netanyahu​ត្រូវបាន​ចោទប្រកាន់​ពី​ការប្រព្រឹត្ដ​អំពើ​សូកប៉ាន់ ការលួចបន្លំ និង​ធ្វើឲ្យ​បាត់​បង់​ទំនុកចិត្ដ​ជាមួយ​បទល្មើស​បី​ករណី​។ 

​ភាព​ប្រទាំង​ប្រទើស​បាន​កើតឡើង​កាន់តែខ្លាំង​រវាង​គណបក្ស​ធំ​ទាំងពីរ លុះដល់​ពេលវេលា​ចុងក្រោយ​ត្រឹម​ម៉ោង​១២​យប់​ថ្ងៃទី​១១​ធ្នូ សមាជិកសភា​មកពី​គណបក្ស​ទាំងពីរ​បាន​រៀបចំសេចក្ដី​ព្រាង​ច្បាប់​រំលាយចោល​លទ្ធផល​ឆ្នោត​លើក​ទី​ពីរ ហើយ​សម្រេច​នឹង​រៀបចំ​ការបោះឆ្នោត​ជា​លើក​ទី​បី​នៅ​ថ្ងៃទី​០២​ខែ​មីនាឆ្នាំ​២០២០​។ ប៉ុន្ដែ​មិនទាន់​ដឹង​ទេ​ថា​ការបោះឆ្នោត​ជា​លើក​ទី​បី អាច​ដោះស្រាយ​ភាពជាប់គាំង​នយោបាយ​អ៊ីស្រាអែល​បាន​ឬ​យ៉ាងណា​៕

ព័ត៌មានផ្សេងទៀត