អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ស្ថាបនា​ផ្លូវ​វាង​មុខ​ប្រាសាទ​សួរ​ព្រ័ត ជំនួស​ផ្លូវ​​មុខ​ព្រះ​លានជល់ដំរី​

11-12-2019 1:43 pm 207
  ស្តាប់
ស្តាប់ជាសំឡេង

​អាជ្ញាធរ​ជាតិ​អប្សរា នឹង​ស្ថាបនា​ផ្លូវ​កៅស៊ូ​ថ្មី លើ​គន្លង​ផ្លូវដី​ក្រហម​ចាស់​ចាស់ ដែល​ចេញពី​ប្រាសាទ​បាយ័ ន​កាត់​តាម​មុខ​បរិវេណ​ប្រាសាទ​សួរ​ព្រ័ត ជំនួស​ផ្លូវ​កៅស៊ូ​មុខ​ព្រះ​លានជល់ដំរី ដែល​រង​ការខូចខាត និង​ដែល​បង្ក​ហានិភ័យ​ដល់​ប្រាសាទ ដោយសារ​ការបើក​បើកបរ​យានយន្ត​គៀក​ខ្លាំង​នឹង​ប្រាសាទ​។ គម្រោង​នេះ ត្រូវបាន​បន្ត​តាមដាន​ការអនុវត្ត​នៅក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៣ និង​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៦ នៃ​គណៈកម្មាធិការ​អន្ដរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ លោក យិត ចាន់​ដា​រដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើកឡើងថា អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​ស្ថាបនា​ផ្លូវ​នេះ​នៅ​ដើមឆ្នាំ​២០២០​ខាងមុខនេះ ហើយ​ក្រោយពី​សាងសង់​រួច​ផ្លូវ​នេះ​រួច នឹង​រៀបចំ​កែលម្អ​ផ្លូវ​កៅស៊ូ​សព្វថ្ងៃ​ដែល​ជាប់​មុខ​ព្រះ​លានជល់ដំរី​ឱ្យមាន​ភាព​បៃតង ដោយ​កាយ​កៅស៊ូ​ចេញ ហើយ​ដាំ​ស្មៅ និង​ដើមឈើ ដើម្បី​លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ​។​

​លោក​បន្តថា ផ្លូវ​ថ្មី​នេះ​គឺ​សង់​លើផ្លូវ​ដីក្រហម​ដែល​កំពុង​ចរាចរណ៍​សព្វថ្ងៃ ចាប់ពី​ប្រាសាទបាយ័ន កាត់​តាម​បរិវេណ​ប្រាសាទ​សួរ​ព្រ័ត មុន​ដល់​ប្រាសាទព្រះពិធូរ​បត់​ឆ្វេង​ឆ្ពោះទៅ​ភ្ជាប់​ទៅ​ផ្លូវ​កៅស៊ូ​ឆ្ពោះទៅ​ខ្លោងទ្វារ​ដី​ឆ្នាំង ដែលមាន​ចម្ងាយ ១.៤២៧ ម៉ែត្រ​ទទឹង​៦​ម៉ែត្រ ដែល​គ្រោង​ប្រើពេល​សាងសង់​រយៈពេល​៨​ខែ​។​

​គួរ​បញ្ជាក់ថា តាម​ការស្រាវជ្រាវ​លើ​ឯកសារ​ប្រវត្តិសាស្ត្រ​បាន​បង្ហាញថា នា​ឆ្នាំ​១៩០៩ បរិវេណ​ព្រះ​លានជល់ដំរី​មិនទាន់មាន​ការស្ថាបនា​ផ្លូវ​ទេ ទើបតែ​នៅ​ឆ្នាំ​១៩១១ មានការ​គូរ​ដល់​ការសាងសង់​ផ្លូវ​ក្នុង​តំបន់​អង្គរ​ធំ រីឯ​ផ្លូវ​ដីក្រហម​នៅមុខ​ប្រាសាទ​សួរ​ព្រ័ត​នេះ កសាង​ក្នុង​ឆ្នាំ​១៩១២ មុន​ផ្លូវ​កៅស៊ូ​ដែល​យើង​កំពុង​ប្រើប្រាស់​មុខ​ព្រះ​លានជល់ដំរី​ដែល​ឃើញ​មាន​នៅពេល​ក្រោយ​ក្នុង​ឆ្នាំ​១៩២៨៕

ព័ត៌មានផ្សេងទៀត