​លោក​ហ៊ុន សែន​​បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​​វិច​ខ្ចប់​និង​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​​

11-12-2019 12:03 pm 189
  ស្តាប់
ស្តាប់ជាសំឡេង

​បញ្ហា​សំរាម​នៅ​រាជធានី​ភ្នំពេញ នៅតែ​ជា​ក្ដីកង្វល់​សម្រាប់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​លោក​បាន​ក្រើនរំលឹក និង​ធ្វើ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​វិច​ខ្ចប់ និង​ទុកដាក់​សម្រាម​ឱ្យបាន​ត្រឹមត្រូវ​។ ជាមួយគ្នា​នោះ​លោក ក៏​បានលើកឡើង​ពី​គោលដៅ​ប្រមូល​សំរាម ទៅ​ចោល​ក្រៅ​ក្រុង​ចំនួន​៤​គោលដៅ​ផងដែរ ដើម្បី​ចៀសវាង​ប្រមូល​ឆ្លងកាត់​ក្រុងភ្នំពេញ​ពេញ​។ គោលដៅ​ទាំងនោះ លោក​គ្រាន់តែ​លើកឡើង​ត្រួសៗ​ប្រាប់​អភិបាល​រាជធានី​ភ្នំពេញ តែ​មិន​បានកំណត់​ច្បាស់លាស់​នោះទេ​…………

​សំឡេង​៖

​លោក ហ៊ុន សែន បាន​បញ្ជាក់ថា មាន​អ្នកជំនួញ​ម្នាក់ ដែល​លោក​មិនបាន​បញ្ចេញ​ឈ្មោះ អាចរ​កដី​៤​កន្លែង​នៅក្រៅ​ក្រុងភ្នំពេញ ដើម្បី​ប្រមូល​សំរាម​ទៅ​ចាក់​នៅ​ទីនោះ ដោយ​សុំ​ដោះដូរ​ដី​ចាក់សំរាម​នៅ​បឹង​ជើងឯក​សព្វថ្ងៃ​។ លោក​បន្តថា បញ្ហា​នេះ​គួរតែ​ធ្វើ​ដែរ​ដោយសារតែ​រដ្ឋាភិបាល​កំពុងបែង​ចែក​តំបន់​ចំនួន​៤ សម្រាប់​ចាក់សំរាម​ផងដែរ​។ ការលើកឡើង​របស់លោក ហ៊ុន សែន បែបនេះ បាន​ធ្វើឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត CUS នា​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៩​។​

​គួរ​បញ្ជាក់ថា ក្នុងជំនួប​ពិភាក្សា​ជាមួយ​អភិបាលក្រុង​ប្រា​ហ្សា​វិល (Brazzaville) ប្រទេស​កុង​ហ្គោ និង​ជា​អនុប្រធាន​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) នៅ​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ប្រាប់​ប្រតិភូ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង អំពី​បញ្ហា​ប្រឈម​នៅ​រាជធានី​ភ្នំពេញ ជាពិសេស​បញ្ហា​សំរាម​ដែល​កំពុងតែ​ប្រឈម ដោយ​រាជធានី​ភ្នំពេញ គឺមាន​សំរាម​ប្រមាណ​៣​ពាន់​តោន​ក្នុង​មួយថ្ងៃ ហើយ​បើ​មិន​ប្រមូល​ទាន់​ទេ សម្រាម​នេះ​នឹង​ពូន​ឡើង​ធ្វើឲ្យមាន​បញ្ហា​ដល់​សោភណភាពផ​ង អនាម័យ​ទីក្រុង​ផង​។​

​សូមបញ្ជាក់ថា បញ្ហា​សំរាម​នៅតាម​ទីសាធារណៈ​ក្នុងប្រទេស​កម្ពុជា​ត្រូវបាន​គេ​សង្កេតឃើញថា មិនមែនជា​ប្រធានបទ​ថ្មី​នោះទេ ក៏ប៉ុន្តែ​ដំណោះស្រាយ​ឆ្លើយតប​ទៅ​ហ្នឹង​បញ្ហា​ដែល​កើតមាន​ឡើងជា​រៀង​រាល់ថ្ងៃនេះ​ហាក់ដូចជា​គ្មាន​ប្រសិទ្ធភាព​នៅឡើយ​។ ក្រៅពី​កត្តា​អនុវត្ត​ច្បាប់​ដែល​នៅមាន​ភាព​ធូររលុង និង​យន្តការ​គ្រប់គ្រង​សំរាម​នៅមាន​ភាពខ្វះខាត​ហើយ​នោះ ការមិន​ផ្លាស់ប្ដូរ​ទម្លាប់​ចាស់​របស់​ពលរដ្ឋ​កម្ពុជា កង្វះ​ការយល់ដឹង និង​កង្វះ​ការផ្សព្វផ្សាយ ក៏​ជា​បញ្ហា​ចម្បង ដែល​បង្កឲ្យមាន​បញ្ហាសំរាម​នៅ​កម្ពុជា​ផងដែរ​៕


 ពាក្យគន្លឹះ  លោកហ៊ុនសែនសំរាម

ព័ត៌មានផ្សេងទៀត