អ្នកស្រាវជ្រាវ​​បង្ហាញ​ទម្រង់​កាយវិការ​ពិត​រ​បស់​បដិមា​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​

11-12-2019 9:20 am 191

មាន​ចម្ងល់​ជា​យូរ​មកហើយ ទាក់ទង​នឹង​ទម្រង់ កាយវិការ​ពិត របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដោយ​អ្នកស្រាវជ្រាវ ខ្លះ​យល់ថា ព្រះអង្គ​មាន​កាយវិការ សមាធិ ឯ​ខ្លះ​ទៀតថា ព្រះអង្គ​លើកដៃ​ប្រណម្យ ប៉ុន្តែ​ពុំទាន់ មាន​ភស្តុតាង​ណាមួយ បញ្ជាក់​ច្បាស់​តាមរយៈ ការសន្និដ្ឋាន​របស់ មតិ​នីមួយៗ​នៅឡើយ​។ នេះ​បើ​យោងតាម​អាជ្ញាធរ​ជាតិ​អប្សរា​។​​ទាក់ទង​នឹង​ភាពផ្ទុយ​គ្នា​នៃ​ការយល់ឃើញ​ខាងលើ នៅក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៣ នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៩ ក្រុមការងារ​ចម្រុះ​មកពី​អាជ្ញាធរ​ជាតិ​អប្សរា និង​សាលា​បារាំង​ចុង​បូ​ព៌ា លោក ជាវ ប៊ុន​ថង និង​លោក Eric Bourdonneau បាន​បង្ហាញថា កាយវិការ​ពិត​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ គឺ​ស្ថិតក្នុង​ទម្រង់​លើកដៃ​ប្រណម្យ​ត្រឹម​ដើមទ្រូង​។​

​សូមបញ្ជាក់ថា ចំពោះ​ការអះអាង​បែបនេះ ក្រុមការងារ​ចម្រុះ​បានបង្ហាញ​ភស្តុតាង​ជាច្រើន​ទាក់ទង​នឹង​ការសិក្សា​ស្រា​ជ្រាវ​ទាំង​ផ្នែក​ប្រវត្តិសាស្ត្រ បុរាណ​វិទ្យា ការថត​ស្កែន​វិភាគ​បែប​វិទ្យាសាស្ត្រ​ទៅលើ​ទំហំ និង​ការ​ផ្គុំ​បំណែក​ព្រះ​ហត្ថ​ដែល​រក្សាទុក​នៅ​អភិ​រក្សដ្ឋាន​អង្គរ ទៅនឹង​ដងខ្លួន​នៃ​បដិមា​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​ពិតជា​ត្រូវ​គ្នា​គ្រប់​ជ្រុងជ្រោយ​ត្រង់ចំណុច​ដែល​ត​ភ្ជាប់​គ្នា​។​

​ការរកឃើញ​នេះ ​ជា​លទ្ធផល​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​កើតចេញពី​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​រវាង​អ្នកជំនាញ​បារាំង​និង​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ស្រាយ​បំភ្លឺ​នូវ​ចម្ងល់​និង​ភាព​ប្រទាំង​ប្រទើស​គ្នា​លើ​ការយល់ឃើញ​ផ្សេងគ្នា​ឱ្យ​ងាក​មក​ស្របគ្នា​បាន​៕

ព័ត៌មានផ្សេងទៀត