លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុប លើកទី១៤ ដែលកិច្ចប្រជុំនេះធ្វើនៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ ជាមួយគ្នានោះ លោក ប្រាក់ សុខុន នឹងថ្លែងសុន្ទរថានៅក្នុងកិច្ចប្រជុំនេះផងដែរ ដោយផ្ដោតសំខាន់ទៅលើបញ្ហាសមភាពយេនឌ័រ និងតួនាទីរបស់ស្ត្រីនៅក្នុងសន្តិភាពនិងសន្តិសុខ ជាពិសេសនៅក្នុងប្រតិបត្តិរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ក្រសួងការបរទេសកម្ពុជា ក៏បានបញ្ជាក់ថា នឹងជម្រាបជូនកិច្ចប្រជុំអំពីការត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដែលរៀបចំនៅក្នុងឆ្នាំ២០២០ផងដែរ៕