ក្រសួងការបរទេស​កម្ពុជា​ស្រងាកចិត្ត​ក្រោយ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ដាក់ទណ្ឌកម្ម​ពល​រដ្ឋ​ខ្មែរ​ពីររូប​ព្រមទាំងក្រុមគ្រួសារ

10-12-2019 2:51 pm 1472
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រោយ​មាន​ការចុះផ្សាយ​របស់ វិទ្យុ​សំលេង​សហរដ្ឋអាមេរិក​VOA ដោយ​បាន​បញ្ជាក់ថា ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក បាន​សម្រេច​កាលពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ​ថា ដាក់ទណ្ឌកម្ម​សេដ្ឋី​កម្ពុជា​ម្នាក់​គឺ​លោក​ឧកញ៉ា​ទ្រី ភាព និង​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​ម្នាក់​គឺ​លោកនាយ​ឧត្តមសេនីយ៍គន់ គីម​ព្រមទាំង​ក្រុម​គ្រួសារ​ដោយ​ចោទប្រកាន់ថា បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ប្រព្រឹត្ត​អំពើពុករលួយ រួចមក នៅពេល​នេះ​អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​សម្តែង​នូវ​ការស្រងាកចិត្ត​យ៉ាងខ្លាំង ចំពោះ​ការដាក់ទណ្ឌកម្ម​នេះ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​នោះដែរ ក្រសួងការបរទេស​កម្ពុជា បានបញ្ជាក់​ថា ការកំណត់​ជ្រើសរើស​របស់​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​នេះ គឺជា​ការ​បំពាន​ដល់​ជនជាតិខ្មែរ ដែល​បម្រើ​ការងារ​រដ្ឋ និង​ក្នុង​ផ្នែក​ឯកជន ក្រោម​ច្បាប់​សាកល​ម៉ា​នី​ត​ស្គី​(Global Magnitsky Act) របស់​អាមេរិក​។​ជាមួយគ្នានេះដែរ អ្នកនាំពាក្យ​ក្រសួងការបរទេស ក៏​បាន​អះអាង​ដែលថា នៅពេល​ដែល​បុគ្គល​សាធារណៈ​របស់​ប្រទេស​មួយ ត្រូវ​បាន​ក្លាយជា កម្មវត្ថុ​នៃ​វិធានការ​ទណ្ឌកម្ម​របស់​ប្រទេស​មួយទៀត ដោយ​ផ្អែក​លើ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​គ្មាន​ការគោរព​ចំពោះ​ឯករាជ្យ​នៃ​ច្បាប់ និង​យុត្តិធម៌​របស់​ប្រទេស​មួយ គឺជា​ការបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​គោលការណ៍​ស្មើភាព​នៃ​អធិបតេយ្យ និង​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ ដូច​មានចែង​នៅក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​ដទៃ​ផ្សេងទៀត​។ 

​ជាមួយគ្នានេះដែរ ក្រសួង​ការបរទេស​បានឲ្យដឹងថា បទ​បញ្ជា​ប្រតិបត្តិ​នេះ គឺ​ជា​ការវាយប្រហារ​ប្រឆាំងនឹង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ស្តារ​ទំនុកចិត្ត និង​ភាពជឿជាក់​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក តាមរយៈ​ការផ្ញើ​សារ​ទៅវិញទៅមក​រវាង​ថ្នាក់​ដឹកនាំ​នេះ​ប្រទេស​ទាំង​ពីរ ដែល​បាន​បញ្ជាក់​យ៉ាងច្បាស់ៗ​ថា សហរដ្ឋអាមេរិក​គោរព​អធិបតេយ្យភាព​កម្ពុជា​ហើយក៏​មាន​បំណង​ដ៏​មុតមាំ ក្នុង​ការលើកស្ទួយ​ទំនាក់ទំនង​ទ្វេភាគី​ដោយ​ឈរ​លើ​ការគោរព​គ្នា​ទៅវិញទៅមក​៕

ព័ត៌មានផ្សេងទៀត