អាមេរិក​និង​អ៊ីរ៉ង់​ដោះដូរ​អ្នកទោស ក្នុង​សកម្មភាព​សហប្រតិបត្តិ​ការ​ដ៏​កម្រ​

09-12-2019 11:25 am 555

​អ៊ីរ៉ង់​បាន​យល់ព្រម​ដោះលែង​លោក​Xiyue Wang​ពលរដ្ឋ​អាមេរិក​ដើមកំណើត​ចិន ដែល​ត្រូវបាន​ចាប់ឃុំខ្លួន​រយៈពេល​៣​ឆ្នាំ ក្រោម​ការចោទប្រកាន់​ពីបទ​ចារ​កម្ម​។ រីឯ​អាមេរិក បាន​ដោះលែង​ពលរដ្ឋ​អ៊ីរ៉ង់​ម្នាក់​វិញ​ដូចគ្នា​ដែរ គឺ​លោក​Massoud Soleimani ដែល​ប្រឈម​នឹង​ការចោទប្រកាន់ ពីបទ​រំលោភ​ទណ្ឌកម្ម​របស់​អាមេរិក ប្រឆាំងនឹង​ទី​ក្រុងតេអេ​រ៉ង់​ក្នុង​ឆ្នាំ​២០១៨​។ 

​លោក​ដូណាល់ ត្រាំ​បាន​អរគុណ​អ៊ីរ៉ង់ ដែល​យល់ព្រម​ចរចា​ដោយ​យុត្តិធម៌ រហូត​ឈានដល់​មាន​ការដោះដូរ​អ្នកទោស​១​ស្មើ​។ នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​បង្ហាញថា អាមេរិក​និង​អ៊ីរ៉ង់​អាច​មានឱកាស ចរចា​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ទៀត​នៅ​ថ្ងៃ​អនាគត​។ លោក​ត្រាំ​ថា ការដោះលែង​ជនជាតិ​អាមេរិក មាន​សារៈសំខាន់​ណាស់ ចំពោះ​រដ្ឋបាល​របស់លោក ហើយនឹង​បន្ត​ខិតខំ​ដើម្បី​អន្តរាគមន៍ ឲ្យមាន​ការដោះលែង​ពលរដ្ឋ​អា​មេរិក​ទាំងអស់ ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្រៅប្រទេស​ដោយ​ខុសច្បាប់​។​

​ការដោះដូរ​អ្នកទោស​នេះ កើតឡើង​ក្រោម​ការសម្របសម្រួល​ដោយ​ប្រទេស​ស្វីស ដ្បិត​អាមេរិក​និង​អ៊ីរ៉ង់​មិន​ត្រូវរ៉ូវ​គ្នា ហើយ​ថែមទាំង​គ្មាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​ទៀត ចាប់តាំងពី​ប្រទេស​ទាំងពីរ កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​យ៉ាង​តក់ក្រហល់​ក្នុង​ឆ្នាំ​១៩៧៩​។ ចាប់តាំងពី​ពេល​នោះមក ស្វីស​ត្រូវគេ​មើលឃើញថា ជា​តួអង្គ​សំខាន់​នៅក្នុង​សម្របសម្រួល​រវាង​អាមេរិក​និង​អ៊ីរ៉ង់​។ លោក​ត្រាំ​ក៏​មិន​ភ្លេច​នោះដែរ នៅក្នុង​ការនិយាយ​អរគុណ​ទៅកាន់​រដ្ឋាភិបាល​ស្វីស ដែល​បាន​ជួយ​នៅក្នុង​ការចរចា​ឲ្យមាន​ការដោះលែង​លោក​Xiyue Wang ដោយ​ចាយ​ពេល​អស់​ប្រមាណ​៤​សប្តាហ៍​។​

​សេរីភាព​ពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ជា​រឿង​មួយ ប៉ុន្តែ​អ្វីដែល​ចាប់អារម្មណ៍ អាមេរិក​និង​អ៊ីរ៉ង់​បានបង្ហាញ​សកម្មភាព​កិច្ច​ស​ប្រតិបត្តិការ​ដ៏​កម្រ​។ កម្រ ដោយសារតែ​អាមេរិក​និង​អ៊ីរ៉ង់ បាន​បន្ត​ឈ្លោះប្រកែក​គ្នា​ជា​ហូរហែ ចាប់តាំងពី​លោក​ដូណាល់ ត្រាំ​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​នេះ​។ នៅក្នុង​ជម្លោះ​រ៉ាំរ៉ៃ ក៏​មានការ​គំរាម​ធ្វើ​អន្តរាគមន៍​យោធា​ផងដែរ ជាពិសេស​អំឡុងពេល​ភាព​តានតឹង​ផ្ទុះឡើង​នា​ជ្រលង​ផ្លូវទឹក នៅពេល​មាន​ការវាយប្រហា​រលើ​នាវា​ដឹក​ប្រេង ដែល​អាមេរិក​ចោទថា​អ៊ីរ៉ង់​ជា​អ្នក​នៅ​ពីក្រោយ​។​

​គួរ​ជម្រាបជូន​ដែរថា ពលរដ្ឋ​អ៊ីរ៉ង់​មួយចំនួន កំពុង​ស្ថិតនៅក្នុង​ពន្ធនាគារ​អាមេរិក ដែល​ភាគច្រើន​ពួកគេ​ទាំងនោះ ត្រូវបាន​ចាប់ខ្លួន​ក្រោម​ការ​ចោទថា រំលោភបំពាន​លើ​ទណ្ឌកម្ម​អាមេរិក​ដាក់​លើ​អ៊ីរ៉ង់​។ តែ​ក៏មាន​ពលរដ្ឋ​អាមេរិក​មួយចំនួន​ដែរ ត្រូវ​អ៊ីរ៉ង់​ចាប់ខ្លួន​ក្រោម​ការ​ចោទថា បាន​លួច​ធ្វើ​ចារកម្ម​ដោយ​ខុសច្បាប់ នៅក្នុង​នោះ​ក៏មាន​លោក Robert Levinson អតីត​ភ្នាក់ងារ​FBI​ដែល​បាត់​ខ្លួន​តាំងពី​ឆ្នាំ​២០០៧​។ អាមេរិក​ទាមទារ​ឲ្យ​អ៊ីរ៉ង់ ដោះលែង​ពលរដ្ឋ​ខ្លួន​ទាំងអស់​ឲ្យមាន​សេរីភា​ព ហើយ​ចាត់ទុក​ការចាប់ខ្លួន​នោះ គឺជា​រឿង​ខុសច្បាប់​៕

ព័ត៌មានផ្សេងទៀត

 ចិនថាអាមេរិកគួរតែជាប្រទេសបន្ទាប់នៅក្នុងការស៊ើបរកប្រភពដើមវីរុសកូវីដ-១៩

 លោកបាយដិនត្រៀមជួបលោកពូទីនក្នុងបទពិសោធន៍ជាង៣៨ឆ្នាំជាមួយរុស្ស៊ី

 តួគីអះអាងចង់ឈរជើងនៅអាហ្វហ្កានីស្ថានបន្ទាប់ពីអាមេរិកដកទ័ពចេញ

 ​អ្នកនយោបាយ​និង​អ្នកវិភាគ​៖​កម្ពុជា​-​អា​មរិក​ត្រូវតែមាន​​ភាពច្បាស់លាស់​និង​ទំនុកចិត្ត​គ្នា​​

 ក្រសួង​ការពារ​ជាតិ​ស្នើឱ្យ​អាមេរិក​ឈប់​បង្កើត​ស៊ីណា​រី​យ៉ូ​ដែល​នាំមក​នូវ​ភាពអវិជ្ជមាន​ដល់​កម្ពុជា​

 អ្នកវិភាគ​៖ ជម្រះ​​មន្ទិល​សង្ស័យ​រឿង​ទ័ព​​ចិន​​នៅ​​រាម​គួរ​មាន​​ភាគី​​ទី​៣​​ជា​សាក្សី​​

 វត្ថុបុរាណខ្មែរចំនួន២៧រូបត្រូវបានអាមេរិកប្រគល់មកឱ្យកម្ពុជាវិញ

លោក​បាយដិន​ទៅដល់​អង់គ្លេ​សសម្រាប់កិ​ច្ច​ប្រជុំ​G7​ដែលជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​៨​ថ្ងៃ​នៅ​អឺរ៉ុប​

 Blinken៖ទណ្ឌកម្មប្រឆាំងអុីរ៉ង់នៅតែមានបើទោះជាវិលទៅគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

 ព្រឹទ្ធសភា​អាមេរិក​បោះឆ្នោត​អនុម័ត​សេចក្តីព្រាង​ជំរុញ​ការប្រកួតប្រជែង​បច្ចេកវិទ្យា​ជាមួយ​ចិន​