ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបាននិយាយកាលពីថ្ងៃអាទិត្យថា មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនប្រឈមនឹងការបាត់បង់អ្វីគ្រប់យ៉ាង បើនៅបន្ដសកម្មភាពអរិភាពហើយកូរ៉េខាងជើងត្រូវតែរំលាយកម្មវិធីនុយក្លេអ៊ែរ។ លោកត្រាំលើកឡើងដូច្នេះតាមរយៈប្រព័ន្ធធ្វីតទ័រ គឺបន្ទាប់ពីកូរ៉េខាងជើងបានប្រកាសជោគជ័យនៃការធ្វើតេស្ដដ៏សំខាន់មួយនៅមជ្ឈមណ្ឌលបាញ់ផ្កាយរណបសូហេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងKCNAបានចុះផ្សាយកាលពីព្រឹកថ្ងៃអាទិត្យថា កូរ៉េខាងជើងបានធ្វើតេស្ដយ៉ាងជោគជ័យបំផុតនៅមជ្ឈមណ្ឌលសូហេ ប៉ុន្ដែមិនបានបញ្ជាក់ជាការធ្វើតេស្ដអ្វីឡើយ។ អ្នកជំនាញផ្នែកមីស៊ីលបាននិយាយថាកូរ៉េខាងជើងទំនងជាធ្វើតេស្ដម៉ាស៊ីនបាញ់រ៉ុកក្កែត មិនមែនជាការបាញ់មីស៊ីលទេ។ នៅទីតាំងនោះមន្ដ្រីអាមេរិកធ្លាប់និយាយថាកូរ៉េខាងជើងសន្យានឹងបិទចោល។ បន្ទាប់ពីកិច្ចព្រមព្រៀងលើកដំបូងត្រូវបានចុះហត្ថលេខានៅសិង្ហបុរីក្នុងឆ្នាំ២០១៨ កូរ៉េខាងជើងបានរុះរើមជ្ឈមណ្ឌលសូហេ ប៉ុន្ដែក្រោយកិច្ចចរចាលើកទីពីរបរាជ័យកាលពីដើមឆ្នាំ២០១៩នៅវៀតណាម ប្រព័ន្ធផ្កាយរណបអាមេរិកចាប់បានរូបភាពមជ្ឈមណ្ឌលសូហេត្រូវបានជួសជុលឡើងវិញ។
តាមរយៈប្រព័ន្ធធ្វីតទ័រលោកត្រាំសង្កត់ធ្ងន់ថា កូរ៉េខាងជើងស្ថិតក្រោមការដឹកនាំរបស់លោកគីម ជុងអ៊ុន អាចនឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចអស្ចារ្យ តែកូរ៉េខាងជើងត្រូវរំលាយនុយក្លេអ៊ែរតាមសន្យា។ លោកគីមជាមនុស្សឆ្លាតណាស់ តែលោកក៏អាចបាត់បង់គ្រប់យ៉ាងបើនៅបន្ដទង្វើអរិភាព។ លោកគីមក៏ធ្លាប់បញ្ជាក់មិនចង់ឲ្យទំនាក់ទំនងជាមួយប្រធានាធិបតីអាមេរិកក្លាយជារឿងអាសាបង់ទេ ហើយក៏មិនចង់ជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាដែរ។
ភាពតានតឹងរវាងអាមេរិកជាមួយកូរ៉េខាងជើងបានកើនឡើងកាន់តែខ្លាំងក្នុងពេលថ្មីៗ គឺមុនកូរ៉េខាងជើងកំណត់សុពលភាពនៃការស្នើឲ្យអាមេរិកផ្លាស់ប្ដូរគោលនយោបាយ និងស្នើឲ្យដកចេញខ្លះនូវទណ្ឌកម្មសេដ្ឋកិច្ច។ ដាច់ឆ្នាំ២០១៩នេះកូរ៉េខាងជើងនឹងឈប់ចង់បានសម្បទានពីអាមេរិកទៀតហើយ កូរ៉េខាងជើងប្រកាសនឹងប្រើយុទ្ធសាស្ដ្រថ្មី។ អ្នកវិភាគខ្លះមើលឃើញថាកូរ៉េខាងជើងកំពុងធ្វើតាមផែនការថ្មីដែលគេបាននិយាយរួចទៅហើយ ជាក់ស្ដែងមានការធ្វើតេស្ដដ៏សំខាន់មួយនៅមជ្ឈមណ្ឌលសូហេនេះឯង។
កាលពីថ្ងៃសៅរ៍មន្ដ្រីទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិលោកគីម សុង បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា កូរ៉េខាងជើងនឹងលែងត្រូវការពេលវេលាចរចាដ៏យូរអង្វែងជាមួយអាមេរិកទៀតហើយ។ បញ្ហារំលាយនុយក្លេអ៊ែរពេលនេះបានដកចេញពីតុចរចា ព្រោះវាជារឿងលែងចាំបាច់។ វាក៏សបញ្ជាក់ពីការបោះជំហានឈានទៅរកផ្លូវដើរថ្មី ក្រោយកិច្ចចរចានុយក្លេអ៊ែរបានជាប់គាំងអស់ជាច្រើនខែ៕