កូរ៉េខាងជើង​៖​​ប្រធានបទ​​ស្ដីពី​​ការរំលាយ​​នុយក្លេអ៊ែរ​​ធ្លាក់​ចេញ​ពី​តុ​ចរចា​ហើយ​

08-12-2019 11:13 am 343

​អគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សៅរ៍​បាន​និយាយថា បញ្ហា​រំលាយ​នុយក្លេអ៊ែរ​បាន​ដក​ចេញពី​តុ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​ហើយ ចំណែកឯ​កិច្ចពិភាក្សា​ដ៏​វែងឆ្ងាយ​ក៏​មិនចាំបាច់​ត្រូវការ​ទៀត​ដែរ​។ ការលើកឡើង​ដូច្នេះ​របស់​មន្ដ្រី​កូរ៉េខាងជើង ហាក់​សង្កត់ធ្ងន់​ពី​គម្លាត​រវាង​ភាគី​ទាំងពីរ​នៅមុន​ដំណាច់ឆ្នាំ ហើយក៏​ជា​ពេលដែល​កូរ៉េខាងជើង​ឈប់​ទាមទារ​សម្បទាន​ពី​អាមេរិក​ទៀត​ដែរ​។ លោក​គីម សុង​បាន​និយាយថា កិច្ចពិភាក្សា​ទាក់ទង​នឹង​ការរំលាយ​កម្មវិធី​នុយក្លេអ៊ែរ​លើ​ឧបទ្វីប​កូរ៉េ ទំនងជា​ត្រូវ​ដក​ចេញពី​តុ​ចរចា​មែនទែន​ហើយ​។ 

​លោក​បញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា កិច្ចពិភាក្សា​ប្រកបដោយ​ចីរភាព​និង​សារសំខាន់ គឺជា​ល្បិច​សំន្សំសំចៃ​ពេលវេលា​ដើម្បីឲ្យ​ស្របនឹ​ង​របៀបវារៈ​នយោបាយ​ក្នុងស្រុក ជា​ផលប្រយោជន៍​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២០​របស់លោក​ដូណាល់ ត្រាំ​ប៉ុណ្ណោះ​។ កូរ៉េខាងជើង​មិនចាំបាច់​ត្រូវការ​កិច្ចពិភាក្សា​វែងឆ្ងាយ​ជាមួយ​អាមេរិក​ទៀតឡើយ​នៅពេលនេះ ហើយ​ការរំលាយ​នុយក្លេអ៊ែរ​ក៏​ធ្លាក់​ចេញពី​តុ​ចរចា​ហើយ​ដែរ​។ ចំពោះ​សហរដ្ឋអាមេរិក​នៅ​ពុំទាន់​មាន​ការបកស្រាយ​ឬ​មានមតិ​យ៉ាងណាទេ​ចំពោះ​បញ្ហា​នេះ ប៉ុន្ដែ​លោក​ត្រាំ​ថា​នឹង​ចាំមើល​កូរ៉េខាងជើង​។​

​ភាព​តានតឹង​រវាង​អាមេរិក​ជា​មួ​កូរ៉េខាងជើង​បាន​កើនឡើង​ខ្លាំង​នៅមុន​ដាច់​ឆ្នាំ​២០១៩ ជា​ពេលវេលា​កូរ៉េខាងជើង​កំណត់​ទាមទារ​ឲ្យ​អាមេរិក​ផ្លាស់ប្ដូរ​គោលនយោបាយ​។ ជា​គោលនយោបាយ​កូរ៉េខាងជើង​ចាត់ទុកជា​ការទាមទារ​ឲ្យមាន​ការរំលាយ​នុយក្លេអ៊ែរ​ឯកតោភាគី ដាក់​សម្ពាធ​តែ​កូរ៉េខាងជើង​ម្ខាង​ប៉ុន្ដែ​ផលចំណេញ​បាន​ទៅលើ​អាមេរិក​។ កូរ៉េខាងជើង​សុំឲ្យ​អាមេរិ​កត្រូវ​បន្ធូរបន្ថយទ​ណ្ឌកម្ម តែ​គ្មាន​លទ្ធផល​តាម​ការចង់​បានឡើយ​។​

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​បាន​និយាយថា​លោក​អាច​នឹង​ចាត់វិធានការ​ថ្មី ដើរ​តាម​ផែនការ​យុទ្ធសាស្ដ្រ​ថ្មី​នៅ​ឆ្នាំ​២០២០​។ សម្ដី​នេះ​បង្ក​ជា​ការព្រួយបារម្ភ​ខ្លាច​កូរ៉េខាងជើង​វិល​ទៅរក​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ដូច​មុន ក្រោយ​រដ្ឋ​នុយក្លេអ៊ែរ​មួយ​នេះ​ផ្អាក​ធ្វើតេស្ដ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​និង​គ្រាប់បែក​នុយក្លែអ៊ែរ​តាំងពី​ឆ្នាំ​២០១៧​។ យ៉ាងណាក៏ដោយ​ក្នុង​ឆ្នាំ​២០១៩​កូរ៉េខាងជើង​ក៏​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ជាច្រើន​គ្រាប់ ពោលគឺ​នៅពេល​កិច្ចចរចា​ស្ថិតក្នុង​ភាពជាប់គាំង​កាន់តែខ្លាំង​៕

ព័ត៌មានផ្សេងទៀត