ស្ដាប់​សម្ដី​​គ្រូ​ជម្រើសជាតិ​​U22​កម្ពុជា​​ក្រោយ​ចាញ់​វៀតណាម​​៤-០​នៅ​ស៊ី​ហ្គេម​

08-12-2019 8:50 am 1400
លោក​Felix G.Dalmasគ្រូបង្វឹកU22កម្ពុជា

​នៅ​ទីបំផុត​ក្រុម​ជម្រើសជាតិ​កម្ពុជា​U22 មិនអាច​បំបែក​ពងមាន់​ក្រុម​ជម្រើសជាតិ​វៀតណាម​U22​បានឡើយ ក្នុង​ការប្រកួត​ព្រឹត្ដិការណ៍​ស៊ី​ហ្គេម​លើទី​៣០​ឆ្នាំ​២០១៩​នៅ​ហ្វីលីពីន វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​យប់មិញ​។ U22​កម្ពុជា​ចាញ់​U22​វៀតណាម​៤​ទល់នឹង​០ ដូច្នេះ​កម្ពុជា​អស់​ឱកាស​ឡើងទៅ​ដណ្ដើម​មេដាយមាស ប៉ុន្ដែ​នៅសល់​មួយ​ប្រកួត​ទៀត​ដណ្ដើម​មេដាយ​សំរឹទ្ធ គឺ​ការ​ប៉ះគ្នា​ជាមួយ​U22​មី​យ៉ាន់​ម៉ា ជា​អ្វីដែល​គ្រូ​ជម្រើសជាតិ​U22​ចង់​បានដែរ ព្រោះ​កាល​វគ្គ​ជម្រុះ​ចាញ់​ទាំង​មិន​អស់ចិត្ដ​។​

​ចំពោះ​លទ្ធផល​ចាញ់​៤​ទល់នឹង​០​នេះ លោក​Felix G.Dalmas​ក៏​មិន​តូចចិត្ដ​ដែរ ផ្ទុយទៅវិញ​លោក​បាន​កោតសរសើរ​ចំពោះ​ទម្រង់​លេង​របស់​U22​កម្ពុជា​ថែមទៀត​។ ក្នុង​សន្និសីទកាសែត​ក្រោយ​ចប់​ការប្រកួត​ជាមួយ​វៀតណាម លោក​Felix​លើកឡើង​ដូច្នេះ​ថា “​ទោះជា​លទ្ធផល​នេះ​មិនមែនជា​អ្វីដែល​យើង​ចង់បាន សម្រាប់​ខ្ញុំ​គឺ​ពេញចិត្ដ​នឹង​អ្វីដែល​កីឡាករ​យើង​បានបង្ហាញ ហ៊ាន​លេង ការតាំងចិត្ដ និង​ស្មារតី​ជា​ក្រុម ដូច​អ្វីដែល​ខ្ញុំ​ចង់បាន​ពី​កីឡាករ​របស់​យើង​។ ការប្រកួត​បន្ទាប់​គឺជា​ជំនួប​ជាមួយ​មី​យ៉ាន់​ម៉ា សង្ឃឹមថា​យើង​មាន​ការប្រកួត​ដ៏​ជក់ចិត្ដ​មួយ​។ ខ្ញុំ​ដឹងថា​ប្រជាជន​កម្ពុជា​ច្រើនណាស់​មើ​ល​ការប្រកួត​នេះ ខ្ញុំ​សង្ឃឹមថា​បងប្អូន​នឹង​នៅតែ​ជួយ​លើក​ទឹកចិត្ដ​កីឡា​ករយើង យើង​នៅសល់​ការប្រកួត​មួយទៀត ហើយ​យើង​នៅតែមាន​ឆន្ទៈ​នឹង​ធ្វើឲ្យ​ទង់ជាតិ​កម្ពុជា​ត្រដែត​ខ្ពស់​តាម​ដែល​អាច​ធ្វើបាន​។​”

​គួរ​បញ្ជាក់ថា កម្ពុជា​នឹងត្រូវ​ប៉ះ​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃទី​១០​ធ្នូ ក្រោយ​ក្រុម​ទាំងពីរ​សុទ្ធតែ​បរាជ័យ​ដូចគ្នា​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ មី​យ៉ាន់​ម៉ា​ចាញ់​ឥណ្ឌូនេស៊ី​៤​ទល់នឹង​២​ក្រោយ​ការប្រកួត​១២០​នាទី គឺ​ចូល​ម៉ោង​បន្ថែម​១៥​នាទី​ពីរដង​បន្ទាប់ពី​៩០​នាទី​ស្មើគ្នា​២​ទល់នឹង​២៕

ព័ត៌មានផ្សេងទៀត