លោក​វេង សាខុន អរគុណ​នាយករដ្ឋមន្ត្រី​ដែល​ទម្លាក់​ថវិកា​បន្ថែម​៥០​លាន​ដុល្លារ​

07-12-2019 10:34 am 582

​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​លិខិត​មួយច្បាប់ ថ្លែងអំណរគុណ ដល់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​បញ្ចេញ​ថវិកា​បន្ថែម​ចំនួន​៥០​លាន​ដុល្លារ​អាមេរិក សម្រាប់​បម្រើ​វិស័យ​កសិកម្ម ជាពិសេស​ប្រើប្រាស់​សម្រាប់ រក្សា​ស្ថិរភាព​ថ្លៃ និង​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​។ 

​តាមរយៈ​លិខិត​របស់​លោក វេង សាខុន ធ្វើ​នៅ​ថ្ងៃទី​០៦ ខែ​ធ្នូ បានបញ្ជាក់​ថា «​ក្នុង​នាម​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខ្ញុំ​សូម​​អំណរគុណ​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់ ដែល​បាន​បញ្ចេញ​ថវិកា​បន្ថែម​ចំនួន​៥០​លាន​ដុល្លារ​អាមេរិក ដើម្បី​ប្រែក្លាយ "​ធនាគារ​អភិវឌ្ឍន៍ជនបទ​” ទៅជា “​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម សម្រាប់​បម្រើ​វិស័យ​កសិកម្ម ជាពិសេស​ប្រើប្រាស់​សម្រាប់ រក្សា​ស្ថិរភាព​ថ្លៃ និង​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ ហើយ​ស្តុក​ទុក កិន​កែច្នៃ និង​នាំចេញ ដែល​បង្ហាញ​ពី​ការយកចិត្ត ទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល ក្នុង​ការចូលរួមចំណែក​ដោះស្រាយ បញ្ហា​ប្រឈម​នានា ពាក់ព័ន្ធ​នឹង​វិស័យ​ស្រូវ​អង្ករ ដល់​វិស័យ​ឯកជន និង​ប្រជាកសិករ​»​។​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ទៀតថា លោក​ពិតជា​ត្រេកអរ​ឥតឧបមា និង​គោរព​កោតសរសើរ​យ៉ាង​ក្រៃលែង ចំពោះ​ការដឹកនាំ របស់​លោក​នាយករដ្ឋមន្ត្រី ដែល​បាន​នាំមក​នូវ​សន្តិភាព ស្ថិរភាព​ឯករាជ្យ វិបុលភាព និង​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​ពី​បាតដៃ​ទទេ រហូត​បាន​ធ្វើឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​អ្វីៗ​គ្រប់បែបយ៉ាង ដូច​ពេល​បច្ចុប្បន្ន​នេះ ស្របតាម​គោលនយោបាយ «​ឈ្នះ​-​ឈ្នះ​» របស់​រាជរដ្ឋាភិបាល​៕

ព័ត៌មានផ្សេងទៀត