ក្រុមហ៊ុនជប៉ុនមួយ បានមកពិភាក្សាការងារទាក់ទងនឹងការជំរុញផលិតកម្មសូត្រ និងចិញ្ចឹមដង្កូវនាងនៅកម្ពុជា ហើយថែមទាំងចាប់អារម្មណ៍លើផលិតកម្មសូត្រកម្ពុជា ដោយយល់ឃើញថា វាមានគុណភាពល្អ ដោយក្រុមហ៊ុនមួយនេះ បានអះអាងថា ផលិតកម្មសូត្រ និងដង្កូវនាងនេះ សម្រាប់ជនជាតិជប៉ុន គេយកវាធ្វើជាគ្រឿងសំអាង ឬឱសថសម្រាប់រក្សាសម្ភស្សស្ត្រីឲ្យនៅក្មេងជាងវ័យ។
លោក TAMURA Tsutomu ជានាយកចាត់ការទូទៅក្រុមហ៊ុន NIPPON KOEI បានប្រាប់លោក វេង សាខុន រដ្ឋមន្ត្រីសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ថា ក្រុមហ៊ុនរបស់លោកមានចំណាប់អារម្មណ៍លើផលិតកម្មសូត្រកម្ពុជា ដោយយល់ឃើញថា វាមានគុណភាពល្អ មិនត្រឹមតែសម្រាប់ផលិតសូត្រ ដូចអ្វីដែលប្រជាពលរដ្ឋខ្មែរ និយមប្រើប្រាស់តាមបែបប្រពៃណី តាំងពីបុរាណកាលតរៀងមកនោះទេ ប៉ុន្តែផលិតកម្មសូត្រ និងដង្កូវនាងនេះ សម្រាប់ជនជាតិជប៉ុន គេយកវាធ្វើជាគ្រឿងសំអាង ឬឱសថសម្រាប់រក្សាសម្ភស្សស្ត្រីឲ្យនៅក្មេងជាងវ័យ (anti-aging)។
ការបញ្ជាក់ប្រាប់យ៉ាងដូច្នេះ របស់នាយកចាត់ការទូទៅក្រុមហ៊ុនជប៉ុនមួយនេះ ក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ ដើម្បីជួបពិភាក្សាអំពីផលិតកម្មសូត្រ និងការចិញ្ចឹមដង្កូវនាងនៅកម្ពុជានាពេលអនាគត។ លោកបន្តថា សម្រាប់ផលតិកម្មសូត្រនេះ កម្ពុជាមានសក្តានុពល ប៉ុន្តែគ្រាន់ថាផលិតកម្មនេះ នៅមិនទាន់បានអនុវត្តឲ្យបានពេញលេញ និងត្រឹមត្រូវលើខ្សែច្រវាក់ផលិតកម្ម និងទីផ្សារដែលជាដើមហេតុចំបងធ្វើឲ្យផលិតកម្មនេះមានការធ្លាក់ចុះ និងបាត់បង់តម្លៃបន្ថែម។
យ៉ាងណាក៏ដោយពាក់ការលើកឡើងរបស់នាយកចាត់ការទូទៅក្រុមហ៊ុនជប៉ុនមួយនេះ ត្រូវបានលោក វេង សាខុន បានឯកភាពលើបញ្ហាទាំងអស់ ដែលលោកនាយកបានលើកឡើង និងគាំទ្រចំពោះគម្រោងនេះ ហើយរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាបានស្នើឲ្យក្រុមហ៊ុនធ្វើការសិក្សាជាបឋមអំពីបញ្ហាសំខាន់ៗ ដែលធ្វើឲ្យផលិតកម្មសរសៃសូត្រខ្មែរ និងផលិតកម្មចិញ្ចឹមដង្កូវនាងមានការធ្លាក់ចុះឲ្យបានច្បាស់លាស់ បន្ទាប់មកត្រូវដាក់ចេញនូវយន្តការដោះស្រាយសមស្រប ទាន់ពេល និងមានប្រសិទ្ធភាព ដើម្បីលើកស្ទួយ ពង្រឹង និងពង្រីកផលិតកម្មនេះឲ្យមានលក្ខណ:ប្រទាក់ក្រឡាគ្នា ចាប់តាំងពីចំណុចចាប់ផ្តើមដល់ផលិតផលសម្រេច និងទីផ្សារ (A to Z) ។
លោក វេង សាខុន បានលើកឡើងថា ត្រូវបញ្ចូលបច្ចេកវិទ្យាថ្មីៗទៅក្នុងច្រវ៉ាក់ផលិតកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានការប្រកួតប្រជែង រួមទាំងការធ្វើទំនើបកម្ម ទុនផលិត និងការបណ្តុះបណ្តាល ធ្វើយ៉ាងណាបង្កើនបរិមាណផលិត និងធានាគុណភាពខ្ពស់។ លោកបន្ថែមថា បើផលិតកម្មកើន គុណភាពត្រូវបានធានា ទីផ្សារគាំទ្រ នោះទើបយើងអាចឈានទៅសម្រេចបានតាមផែនការដែលបានកំណត់។ ហេតុនេះ ដើម្បីឲ្យគម្រោងរបស់ក្រុមហ៊ុនសម្រេចបានជោគជ័យ ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការ ហើយក្រុមហ៊ុនត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីសិក្សា និងរៀបចំគម្រោងនេះឲ្យបានសុក្រឹត្យ ធ្វើយ៉ាងណាឲ្យការអនុវត្តប្រព្រឹត្តទៅដោយរលូន៕