លោក​ដូណាល់ ត្រាំ​​ទំនង​នឹង​ប្រឈម​​មាត្រា​​ចោទប្រកាន់​​យ៉ាងហោច​​ក៏​បី​ដែរ​

06-12-2019 11:48 am 387

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ទំនងជា​ត្រូវ​ប្រឈម​នឹង​មាត្រា​ចោទប្រកាន់​ចំនួន​បី តាមរយៈ​ការសម្រេច​នៅក្នុង​រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​។ ប្រធានរដ្ឋសភា​លោកស្រី​ណាន​ស៊ី ប៉េ​ឡូ​ស៊ី​ដែល​មកពី​គណបក្ស​ប្រជាធិបតេយ្យ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​លោកស្រី​បានស្នើ​ទៅ​គណៈកម្មាធិការ​នីតិកម្ម​រដ្ឋសភា​រួចហើយ ឲ្យ​គូស​វាសមាត្រា​ចោទប្រកាន់​ប្រឆាំង​ប្រធានាធិបតី​ទី​៤៥​របស់​អាមេរិក​លោក​ដូណាល់ ត្រាំ​។ បន្ទាប់ពី​សម្រេចបាន​មាត្រា​ចោទប្រកាន់ រដ្ឋសភា​នឹង​បោះឆ្នោត​លើ​មាត្រា​នោះ ហើយ​ប្រសិនបើ​ត្រូវអនុម័ត​មាត្រា​នៃ​ការចោទប្រកាន់​នឹង​យក​ទៅធ្វើ​បទ​បង្ហាញ​ដល់​សមាជិក​រដ្ឋសភា​ទាំង​៤៣៥​រូប​។ 

​មាត្រា​២​ផ្នែក​ទី​៤​នៃ​រដ្ឋធម្មនុញ្ញ​អាមេរិក​បាន​គូសបញ្ជាក់​ពី​មូលហេតុ នៃ​ការចោទប្រកាន់​ប្រធានាធិបតី​។ មាត្រា​នេះ​បាន​ចែងថា លោក​ប្រធានាធិបតី លោក​អនុ​ប្រធានាធិបតី​និង​មន្ដ្រី​សង្គម​ស៊ីវិល​អាមេរិក អាច​នឹងត្រូវ​ទម្លាក់​ចេញពី​តំណែង​នៅពេល​មាន​ការចោទប្រកាន់ និង​បាន​ផ្ដន្ទាទោស​ពីបទ​ប្រព្រឹត្ដ​អំពើ​ក្បត់​ជាតិនិង​ការ​សូកប៉ាន់ ការប្រព្រឹត្ដ​បទឧក្រិដ្ឋ​កម្រិត​ខ្ពស់​និង​បទមជ្ឈិម​ដទៃ​ទៀត​។ 

​នៅក្នុង​សវនាការ​របស់​គណៈកម្មាធិកា​រ​នីតិកម្ម​រដ្ឋសភា​ធ្វើឡើង​លើកដំបូង​កាលពី​ថ្ងៃ​ពុធ អ្នកជំនាញ​ផ្នែក​ច្បាប់​និង​រដ្ឋធម្មនុញ្ញ​ដល់​ទៅ​បី​រូប​ជ្រើសរើស​ដោយ​គណបក្ស​ប្រជាធិបតេយ្យ បាន​គូសបញ្ជាក់​ពី​មាត្រា​នៃ​ការចោទប្រកាន់​ដែល​លោក​ត្រាំ​អាច​ប្រឈម​។ នៅក្នុង​នោះ​មានដូចជា “​ការប្រើប្រាស់​អំណាច​និង​ការ​សូកប៉ាន់​”​។ លោក​ត្រាំ​ត្រូវបាន​ចោទប្រកាន់ថា​ប្រើ​អំណាច​ស្នើសុំ​ឲ្យ​ប្រធានាធិបតីអ៊ុយ​ក្រែន បើក​ការស៊ើបអង្កេត​លើ​លោកចូ បាយដិន​អតីត​អនុប្រធានាធិប​តី​អាមេរិក និង​ជា​គូប្រជែង​នយោបាយ​ដ៏​ខ្លាំង​មួយ​របស់លោក​។ 

​លោក​ត្រាំ​យក​ការិយាល័យ​ប្រធានាធិបតី​អាមេរិក ស្វែងរក​ផលប្រយោជន៍​នយោបាយ​ផ្ទាល់ខ្លួន​ក្នុង​បំណង​យកឈ្នះ​លើ​គូប្រជែង ហើយ​គំរាម​បង្កក​ជំនួយ​យោធា​ទៅ​អ៊ុយ​ក្រែន​ប្រសិន​មិន​ធ្វើតាម​សំណើ ដែល​ទាំងនេះ​សបញ្ជាក់​កាន់តែច្បាស់​ពី​ការ​អាង​អំណាច​ជា​ប្រធានាធិបតី​របស់លោក​ត្រាំ​។ លោក​ត្រាំ​បាន​ប្រព្រឹត្ដ​អំពើ​សូកប៉ាន់​ដោយ​ចង់ឲ្យ​មេដឹកនាំ​អន្ដរជាតិ​ធ្វើតាម​អ្វីដែល​លោក​ចង់បាន​។ សកម្មភាព​របស់លោក​ត្រាំ​ជា​រឿង​ខុស​ធ្ងន់ធ្ងរ ព្រោះ​ព្យាយាម​អូសទាញ​ឲ្យ​បរទេស​លូកដៃ​ជ្រៀតជ្រែក​ការបោះឆ្នោត​នៅ​អាមេរិក​។ ទាំងនេះ​គឺជា​ការបកស្រាយ​របស់​អ្នកជំនាញ​ផ្នែក​ច្បាប់​ទាំងបី​រូប​។​

“​ការរារាំង​ដល់​សភា​” ត្រង់ចំណុច​នេះ​អ្នកច្បាប់​បាន​ពន្យល់​ដែរថា លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​បដិសេធ​មិន​អនុវត្ដ​តាម​ដីកាកោះ​របស់​សភា ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​។ មិនតែប៉ុណ្ណោះ​លោក​បាន​ណែនាំ​ទៅ​មនុស្ស​យ៉ាងតិចណាស់​១០​នាក់​ផ្សេងទៀត​ក្នុង​រដ្ឋាភិបាល​របស់លោក មិនឲ្យ​គោរព​តាម​ដីកា​របស់​រដ្ឋស​ភា​ដែលមាន​លក្ខណៈ​ត្រឹមត្រូវ​។ ប្រធានាធិបតី​ផ្សេង​បានធ្វើ​ផ្ទុយ​ពីនេះ ក្នុងកា​រ​ទទួស្គាល់​ភាពស្របច្បាប់​របស់​អា​ជ្ញាធរ​ស៊ើបអង្កេត​សភា​។ អំណាច​នៃ​ការចោទប្រកាន់​រាប់បញ្ចូល​អំណាច​នៃ​ការស៊ើបអង្កេត ប៉ុន្ដែ​ប្រសិនបើ​ប្រធានាធិបតី​រារាំង​ដំណើរការ​ចោទប្រកាន់​របស់​សភា​ដូច្នេះ វា​ដូចជា​ចេតនា​ចង់​លុបបំបាត់​សិទ្ធិអំណាច​របស់​សភា ដែល​ត្រូវ​ចាត់ទុកបាន​ថា​កំពុង​ប្រព្រឹត្ដ​កំហុ​សយ៉ា​ង​ធ្ងន់ធ្ងរ​។​

“​ការធ្វើឲ្យ​រាំងស្ទះ​ដំណើរការ​យុត្ដិធម៌​” របាយការណ៍​ស្ដីពី​ការចោទប្រកាន់ថា​ធ្វើឲ្យ​រាំងស្ទះ​យុត្ដិធម៌ អាចមាន​ប្រភព​ចេញពី​របាយការណ៍​ចេញផ្សាយ​កាលពីដើមឆ្នាំ​នេះ​ដោយ​លោក​រ៉ូបឺត មូលល័​រ​។ នៅក្នុង​របាយការណ៍រ​បស់​ក្រុមប្រឹក្សា​ពិសេស​លោក​មូលល័​របាន​រកឃើញថា យ៉ាងហោចណាស់​៥​ដង​ដែល​លោក​ត្រាំ​បាន​រារាំង​ចំពោះ​ការស៊ើបអង្កេត​បទឧក្រិដ្ឋ​របស់​ក្រសួង​យុត្ដិធម៌​។ ជា​ការស៊ើបអង្កេត​ពាក់​ព័ន្ធ​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការបោះឆ្នោត​នៅ​អាមេរិក​កាលពី​ឆ្នាំ​២០១៦​។ អ្នកច្បាប់​លើកឡើងថា​ការរារាំង​របស់លោក​ត្រាំ​ជា​ឧទាហរណ៍​មានដូចជា ការប៉ុនប៉ង​របស់លោក​ដើម្បី​ទម្លាក់​លោក​មូលល័​រ​ចេញពី​តំណែង ការព្យួរទោស​ចំពោះ​អតីត​ជំនួយការ​កំពូល​របស់​លោក និង​ការបំភិតបំភ័យ​អតីត​មេធាវី​ផ្ទាល់ខ្លួន​របស់លោក ដើម្បី​ឲ្យជួយ​ការពារ​លោកពី​ការចូ​ល​ផ្ដល់​សក្ខីកម្ម​៕

ព័ត៌មានផ្សេងទៀត