​​លោក​ហ៊ុន សែន​​​៖ ​​កម្ពុជា​​​ត្រូវការ​ស្ថាប័ន​ព័ត៌មា​​ន​​​ដែលមាន​ការ​​ទទួលខុសត្រូវ​និង​ស្មោះត្រង់​​​

06-12-2019 10:52 am 280
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បានបញ្ជាក់​នៅក្នុង​សារលិខិត​ផ្ញើជូន​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា នៅ​ថ្ងៃទី​៥ ខែធ្នូ​ថា រាជរដ្ឋាភិបាល​កម្ពុជា ពិតជា​ត្រូវការ​ស្ថាប័ន​សារព័ត៌មាន​ដែលមាន​ថាមពល​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​និង​មាន​ភាពស្មោះត្រង់​ចំពោះ​វិជ្ជាជីវៈ​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់ទៀតថា អ្នកសារព័ត៌មាន ត្រូវ​ស្តាប់​គ្រប់​សំឡេង​ភាគី​ពាក់ព័ន្ធ ហ៊ាន​និយាយ​ការពិត ហ៊ាន​រិះគន់​ក្នុងន័យ​ស្ថាបនា និង ហ៊ាន​ទទួលយក​ការពិត ហើយ​ធ្វើ​ការឆ្លុះបញ្ចាំង​ឱ្យឃើញ​គ្រប់​តថភាព​សង្គម​និង​ជៀសវាង​ការផ្សព្វផ្សាយ​ព័ត៌មាន​តែមួយ​ជ្រុង​ឬ​ព័ត៌មាន​ក្លែងក្លាយ​បំប៉ោង​សភាពការណ៍ ញុះញង់​ឱ្យមាន​ជម្លោះ​ផ្ទៃក្នុង រុញច្រាន​ប្រទេស​ឱ្យ​ធ្លាក់​ក្នុង​ភាពវឹកវរ អសន្តិសុខ​ឬ​បង្ក​ឱ្យ​កើតមាន​ជម្លោះ​ប្រដាប់អាវុធ​ជាមួយ​ប្រទេសជិតខាង ដែល​ជាហេតុ​ធ្វើឱ្យ​អន្តរាយ​ដល់​ប្រទេសជាតិ ដើម្បី​បាន​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។​

​ជាមួយគ្នានេះ លោក​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏បាន​អំពាវនាវ​ដល់​អ្នក​សាររ​ព័ត៌មាន​ជាតិ​និង​អន្តរជាតិ ដែល​កំពុង​បំពេញបេសកកម្ម​លើ​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ភារកិច្ច​ឱ្យបាន​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ​សារព័ត៌មាន និង​ខិតខំ​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​បន្ថែមទៀត ទាំង​សមត្ថភាព​ផ្នែក​ជំនាញ​បច្ចេកទេស ទាំង​សមត្ថភាព​ការផលិត​ព័ត៌មាន និង​ការវិភាគ​ព័ត៌មាន​ឱ្យបាន​ស៊ីជម្រៅ​កម្រិត​អន្តរជាតិ ដើម្បី​ឆ្លើយតប​ទៅនឹង​ការវិវត្ត​នៃ​បច្ចេកវិទ្យា​និង​ការប្រកួតប្រជែង​ទីផ្សារ​ឱ្យ​កាន់តែ​មាន​សក្តានុពល​ថែមទៀត​ព្រមទាំង​រិះរក​វិធានការ​ទប់ស្កាត់ បន្សាប​រាល់​ព័ត៌មាន​ក្លែងក្លាយ ដែល​កំពុង​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធិ​បុគ្គល​ឯកជន សន្តិសុខ​ជាតិ និង ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា ។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ​នេះ​ក្លឹប​អ្នកកាសែត​កម្ពុជា​បាន​រឿប​ចំ​វេទិកា និពន្ធ​នាយក​លើក​ទី​១៦ ក្រោម​ប្រធានបទ “​សារព័ត៌មាន​កម្ពុជា ក្នុង​យុគសម័យ​៤.០ ៕

ព័ត៌មានផ្សេងទៀត