លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់នៅក្នុងសារលិខិតផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា នៅថ្ងៃទី៥ ខែធ្នូថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាត្រូវការស្ថាប័នសារព័ត៌មានដែលមានថាមពលប្រកបដោយការទទួលខុសត្រូវខ្ពស់និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ទៀតថា អ្នកសារព័ត៌មាន ត្រូវស្តាប់គ្រប់សំឡេងភាគីពាក់ព័ន្ធ ហ៊ាននិយាយការពិត ហ៊ានរិះគន់ក្នុងន័យស្ថាបនា និង ហ៊ានទទួលយកការពិត ហើយធ្វើការឆ្លុះបញ្ចាំងឱ្យឃើញគ្រប់តថភាពសង្គមនិងជៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុងឬព័ត៌មានក្លែងក្លាយបំប៉ោងសភាពការណ៍ ញុះញង់ឱ្យមានជម្លោះផ្ទៃក្នុង រុញច្រានប្រទេសឱ្យធ្លាក់ក្នុងភាពវឹកវរ អសន្តិសុខឬបង្កឱ្យកើតមានជម្លោះប្រដាប់អាវុធជាមួយប្រទេសជិតខាង ដែលជាហេតុធ្វើឱ្យអន្តរាយដល់ប្រទេសជាតិ ដើម្បីបានផលប្រយោជន៍ផ្ទាល់ខ្លួន ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពាវនាវដល់អ្នកសាររព័ត៌មានជាតិនិងអន្តរជាតិ ដែលកំពុងបំពេញបេសកកម្មលើវិស័យព័ត៌មាននៅកម្ពុជា ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈសារព័ត៌មាន និងខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ទាំងសមត្ថភាពផ្នែកជំនាញបច្ចេកទេស ទាំងសមត្ថភាពការផលិតព័ត៌មាន និងការវិភាគព័ត៌មានឱ្យបានស៊ីជម្រៅកម្រិតអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យានិងការប្រកួតប្រជែងទីផ្សារឱ្យកាន់តែមានសក្តានុពលថែមទៀតព្រមទាំងរិះរកវិធានការទប់ស្កាត់ បន្សាបរាល់ព័ត៌មានក្លែងក្លាយ ដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើសិទ្ធិបុគ្គលឯកជន សន្តិសុខជាតិ និង ស្ថិរភាពនយោបាយនៅកម្ពុជា ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៦ ខែធ្នូនេះក្លឹបអ្នកកាសែតកម្ពុជាបានរឿបចំវេទិកា និពន្ធនាយកលើកទី១៦ ក្រោមប្រធានបទ “សារព័ត៌មានកម្ពុជា ក្នុងយុគសម័យ៤.០ ៕