អាមេរិក​៖​បាតុករ​ប្រហែលជា​ង​១០០០​នាក់ ត្រូវ​អ៊ីរ៉ង់​សម្លាប់​និង​៧០០០​នាក់​ត្រូវ​ចាប់ខ្លួន​

06-12-2019 10:27 am 499

​សហរដ្ឋអាមេរិក​តាម​រយៈ​អ្នកតំណាង​ពិសេស​ប្រចាំ​ប្រទេស​អ៊ីរ៉ង់ បាន​អះអាងថា បាតុករ​ប្រហាក់ប្រហែល​ជាង​១០០០​នាក់ ប្រហែល​ត្រូវបាន​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ង់​បាញ់សម្លាប់ នៅក្នុង​ចលនា​តវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​អ៊ីរ៉ង់​ក្នុង​ខែវិច្ឆិកា​។ ​លោក Brian Hook បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ក្នុងចំណោម​បាតុករ ដែល​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ង់​បាញ់សម្លាប់​ជាង​១០០០​នាក់​នោះ ក៏មាន​កុមារ​មិនតិច​នាក់​ដែរ​។ ទន្ទឹមនឹង​ចំនួន​មនុស្ស​ត្រូវ​បាញ់សម្លាប់​ដ៏​ច្រើន​នេះ ក៏មាន​ផងដែរ​មនុស្ស​ខ្ទង់​ពាន់​នាក់​ទៀត​បាន​រងរបួស និង​ប្រហែល​៧០០០​នាក់ ត្រូវបាន​ចាប់ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​។ យ៉ាងណាក៏ដោយ តួលេខ​ទាំងនេះ មិនទាន់​អាច​ផ្ទៀងផ្ទាត់​បាន​នៅឡើយ​ទេ ដោយសារតែ​អ៊ីរ៉ង់​បិទ​ខ្ទប់​ព័ត៌មាន​ពី​ការបង្ក្រាប​នេះ មិនឲ្យ​ធ្លាយ​ចេញទៅក្រៅ​ឡើយ​។​

​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់ មិនបាន​ប្រាប់​ពី​ចំនួន​អ្នកស្លាប់​ជា​ផ្លូវការ​ទេ ប៉ុន្តែ​អង្គការ​លើកលែងទោស​អន្តរជាតិ​ឯណេះ​វិញ និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​ចងក្រង​ជា​ឯកសារ បញ្ជាក់​អំពី​ចំនួន​ក្រុមបាតុករ​ដែល​ស្លាប់មាន​យ៉ាងតិច ២០៨ នាក់​។ នេះ​ជា​ចំនួន​នៃ​ការស្លាប់​ច្រើន នៅក្នុង​ការតវ៉ា ចាប់តាំងពី​មាន​អំពើហិង្សា​បង្ហូរឈាម នៅ​សម័យ​បដិវត្ត​អ៊ីស្លាម​ឆ្នាំ​១៩៧៩​មក​។​

​អង្គការ​អន្តរជាតិ​មួយ​នេះ​បញ្ជាក់ថា អ្នកស្លាប់​ភាគច្រើន​នៅក្នុង​ការបង្ក្រាប​របស់​កងកម្លាំង​សន្តិសុខ ដែល​ប្រើប្រាស់​កាំភ្លើង​បាញ់​ទៅលើ​ក្រុមបាតុករ​ដោយ​ចេតនា​។ អ្នកខ្លះ​បាន​ស្លាប់​ភ្លាមៗ ដោយសារ​ការបាញ់ប្រហា​រ​ពី​ចម្ងាយ ខ្លះ​ស្លាប់​ពេល​កំពុងតែ​រត់គេច ខ្លះ​ស្លាប់​ដោយសារ តែ​ឧស្ម័ន​បង្ហូរទឹកភ្នែក ខ្លះ​ស្លាប់​ក្រោយ​រងរបួស​ធ្ងន់ និង​ខ្លះទៀត​ស្លាប់​ដោយសារតែ​ការវាយដំ​។ ការបាញ់ប្រហារ​នេះ មិនមែន​ធ្វើឡើង​តែ​នៅ​លើដី​ទេ ក៏មាន​ផងដែរ​នូវ​កងកម្លាំង​សន្តិសុខ​មួយចំនួន បាន​បោះទីតាំង​ឈរជើង​នៅ​លើដំបូល ត្រៀម​បាញ់​បង្ក្រាប​ក្រុមបាតុករ​។ រាល់​ការបង្ក្រាប​ដោយ​ហិង្សា​ទាំងនេះ ត្រូវបាន​ប្រព្រឹត្ត​ដោយ​ប៉ូលិស កង​ឆ្មាំ​បដិវដ្ត​អ៊ីរ៉ង់ និង​កងកម្លាំង​ផ្សេងៗ​ទៀត​។​

​គួរ​ជម្រាបជូន​ថា ប្រជាជន​អ៊ីរ៉ង់​បាន​ប្រមូលផ្តុំ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល ដែល​បានប្រកាស​ដំឡើងថ្លៃ​ប្រេង កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។ ការតវ៉ា​បាន​ផ្ទុះឡើង​ស្ទើរ​ទូទាំង​ប្រទេសមួយ ដែល​កំពុងតែ​ញាំញី ដោយ​ទ័ណ្ឌកម្ម​សេដ្ឋ​របស់​អាមេរិក​។ ការជំរុញ​ឲ្យមាន​អំពើ​ហិង្សា​នៅក្នុង​ការតវ៉ា ត្រូវបាន​អ៊ីរ៉ង់​បន្ទោស​លើ​ក្រុមមនុស្ស​ដែល​គាំទ្រ​គ្រួសារ​រាជវង្ស Pahlavi ដែល​ត្រូវបាន​បណ្តេញ​ចេញពី​បដិវត្ត​អ៊ីស្លាម​ក្នុង​ឆ្នាំ​១៩៧៩ និង​ក្រុមប្រឆាំង​ប្រដាប់អាវុធ ប្រជាជន Mujahedeen​នៃ​ប្រទេស​អ៊ីរ៉ង់ និង​សត្រូវ​របស់​អ៊ីរ៉ង់ រួមមាន​អាមេរិក អ៊ីស្រាអែល​និង​អា​រ៉ាប៊ីសាអូឌីត​។ អ៊ីរ៉ង់​ប្តេជ្ញា​នឹង​ផ្តន្ទាទោស​យ៉ាងធ្ងន់ធ្ងរ​បំផុត ចំពោះ​អ្នកស៊ីឈ្នួល​បង្កចលាចល ដែល​ចាប់ខ្លួនបាន​នៅក្នុង​អំពើហិង្សា​នេះ​៕ 

ព័ត៌មានផ្សេងទៀត