ក​ម្ពុជា​-​អាល្លឺម៉ង់​​ចុះ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​​ដែលមាន​ទឹកប្រាក់​ជាង​៤០​លាន​ដុល្លារ​​

06-12-2019 10:16 am 134

​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា និង​លោក Julian Schutz តំណាង​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (KfW) នៅ​ល្ងាច​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៩ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន សហប្រតិបត្តិការ​ចំនួន​៣ ដែលមាន​ទឹកប្រាក់​សរុប​ចំនួន​៣៧​លាន​អឺរ៉ូ (​ប្រមាណ​ជា​៤១​លាន​ដុល្លារ​អាមេរិក​)​។ នេះ​បើតាម​លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៩​។ កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ចំនួន​៣​នោះ​រួមមាន​៖

១. កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន ចំនួន​៣០​លាន​អឺរ៉ូ ត្រូវជា​ប្រមាណ​៣៣ លាន​ដុល្លារ​អាមេរិក និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​២​លាន​អឺរ៉ូ ត្រូវជា​ប្រមាណ ២.២ លាន​ដុល្លារ​អាមេរិក ដែល​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​នឹង​ផ្តល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​អនុវត្ត​គម្រោង​ប្រសិទ្ធភាព​ថាមពល សម្រាប់​ការផ្គត់ផ្គង់​អគ្គិសនី​ជនបទ​ដែលមាន​អគ្គិសនី​កម្ពុជា (EDC) ជា​ភ្នាក់ងារ​អនុវត្ត​គម្រោង​។ គម្រោង​នេះ​មាន​ទិសដៅ​សាងសង់​អនុ​ស្ថានីយ​115/22 kV, 50 MVA ចំនួន​២​កន្លែង (​ស្រុក​ក្រឡាញ់ និង​ភាគខាងត្បូង​នៃ​ក្រុង​សៀមរាប​) និង​សាងសង់​បណ្តាញ​តង់ស្យុង​មធ្យម (​បណ្តាញ​កាបិ៍​ល​ក្នុង​ដី និង​បណ្តាញ​អាកាស​) សរុប​ប្រវែង​៣២០​គីឡូម៉ែត្រ​នៅក្នុង​ខេត្តសៀមរាប​, ឧត្តរមានជ័យ និង​ខេត្តព្រះវិហារ ។​

២. កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​មាន​ទឹកប្រាក់​ចំនួន​៥​លាន​អឺរ៉ូ ត្រូវជា​ប្រមាណ ៥.៥​លាន​ដុល្លារ​អាមេរិក សម្រាប់​កម្មវិធី​ផែនការ​អនុវត្ត​គណនេយ្យភាព​សង្គម ដំណាក់កាល​ទី​២ តាមរយៈ​កិច្ចព្រមព្រៀង​នេះ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ នឹង​ផ្តល់​ទៅក្នុង​មូលនិធិ​បរ​ធន​បាល​កិច្ច (Trust Fund) ដែល​សម្របសម្រួល​ដោយ​ធនាគារពិភពលោក​ដើម្បី​បែងចែក​ជូន​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) និង​អង្គការ​សង្គម​ស៊ីវិល​។ កម្មវិធី​ផែនការ​អនុវត្ត​គណនេយ្យភាព​សង្គម ដំណាក់កាល​ទី​២​នេះ នឹង​អនុវត្ត​ដោយ​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប និង​អង្គការ​សង្គម​ស៊ីវិល ។​

​ក្រសួង​សេដ្ឋកិច្ច បាន​បញ្ជាក់ថា កម្មវិធី​នេះ​នឹង​ជួយ​ពង្រឹង​អភិបាលកិច្ច​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដូចជា​រដ្ឋបាល​ឃុំ​/​សង្កាត់​, សាលាបឋមសិក្សា​, មណ្ឌល​សុខភាព​ជាដើម ដែលជា​ការរួមចំណែក និង​គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​ការងារ​គណនេយ្យភាព​សង្គម សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ​។ ពិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន សហប្រតិបត្តិការ​ទាំង​បី​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ដែល​បង្ហាញ​ពី​ការ​បោះជំហាន​ទៅមុខ នៃ​កិច្ចសហប្រតិបត្តិការ​ជា​មិត្តភាព រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​។ ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​នេះ នឹង​រួមវិភាគទាន​ដល់​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​

​ក្រសួង​សេដ្ឋកិច្ច បាន​អះអាងថា ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ពី​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ផ្តោត​អាទិភាព​ទៅលើ​វិស័យ​សំខាន់ៗ​មាន អភិវឌ្ឍន៍ជនបទ​, សុខាភិបាល និង​វិស័យ​អភិបាលកិច្ច (​យេនឌ័រ​, កំណែទម្រង់​សាធារណៈ និង​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ​) ដែល​គិត​ចាប់ពី​ឆ្នាំ​១៩៩២ មកដល់​បច្ចុប្បន្ន ទឹកប្រាក់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ពី​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ មាន​ប្រមាណ​ជា ៦៤០​លាន​ដុល្លារ​អាមេរិក​ហើយ​៕

ព័ត៌មានផ្សេងទៀត