លោក​ជូ គឹម​ឡេង​៖​ឆ្នាំ​២០២០​ថវិកា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នឹង​ត្រូវ​បង្កើន​ដល់​៣.៣​ទ្រី​លាន​រៀល​

05-12-2019 6:25 pm 234

​នៅក្នុង​ឆ្នាំ​២០២០​ខាងមុខនេះ ថវិកា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នឹង​ត្រូវ​បាន​បង្កើន​ឡើង​ជាង ៤​ដង បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៣ ដែល​មាន​ចំនួន​ត្រឹមតែ ៧៦៦​ប៊ី​លាន​រៀល​ប៉ុណ្ណោះ ខណៈ​ដែល​ឆ្នាំ​២០២០ នឹង​មាន​ចំនួន​ដល់​ទៅ​៣.៣​ទ្រី​លាន​រៀល ឬ​សមាមាត្រ​នឹង​១០​ភាគរយ នៃ​ចំណាយ​ថវិការដ្ឋ​សរុប​។​នេះ​ជា​ការលើកឡើង​របស់​លោក​ជូ គឹម​ឡេង រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ចូលរួម​នៅក្នុង​ពិធី​បើក សិក្ខាសាលា​ជាតិ ស្តីពី​ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ជាតិ​ឆ្នាំ​២០២០ នា​ទីស្តីការ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ​។​

​លោក​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឲ្យ​ដឹង​បន្ថែមថា កញ្ចប់​ថវិកា ឆ្នាំ​២០២០ ចំនួន ៣.៣​ទ្រី​លាន​រៀល​ដែល​ផ្តល់ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នេះ គឺ​មាន​ការរួម​បញ្ចូល​នូវ​ចំណូល​ផ្ទាល់​(​ពន្ធ និង​មិនមែន​ពន្ធ​)​ចំនួន ២.២​ទ្រី​លាន​រៀល និង​ឧបត្ថម្ភ​ធន​ពី​ថវិកា​រដ្ឋ​ចំនួន ១.១​ទ្រី​លាន​រៀល ហើយ​ការឧបត្ថម្ភ​ធន​នេះ គឺ​មាន​កំណើន​៣៥.៧​ភាគរយ បើ​ធៀប​នឹង​ច្បាប់​ថវិកា​ឆ្នាំ​២០១៩ និង​ត្រូវ​ជា​០.៩១​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​(​ផ​.​ស​.​ស​)​។​

​ជាមួយគ្នានេះ​ដែរ​លោក​ជូ គឹម​ឡេង ក៏​បាន​បញ្ជាក់​ដែរ​ថា ចំពោះ​ចំណាយ​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​រដ្ឋបាល​ឃុំ សង្កាត់​នីមួយៗ ត្រូវបាន​បង្កើន​ឡើង​ទ្វេដង នៅ​ឆ្នាំ​២០២០ គឺ​ប្រមាណ​ពី​១៤២​លាន​រៀល ឬ​៣៥,០០០​ដុល្លារ​ជា​មធ្យម​ក្នុង ១​ឆ្នាំ ទៅ​ប្រមាណ​២៨៤ លាន​រៀល ឬ​ជាង ៧០,០០០​ដុល្លារ​ជា​មធ្យម​ក្នុង​១​ឆ្នាំ ។​លោក​បន្តថា ជា​មធ្យម​ក្នុង​១​ឃុំ សង្កាត់ គឺ​ត្រូវ​ចំណាយ​ប្រមាណ​១២៨,០០០​ដុល្លារ ដោយ​ត្រូវ​ចំណាយ​លើ​បៀវត្ស​ជា​មធ្យម ៤៤,០០០​ដុល្លារ ចំណាយ​រដ្ឋបាល​ជា​មធ្យម ៨,០០០​ដុល្លារ និង​ចំណាយ​អភិវឌ្ឍន៍​ជា​មធ្យម ៧៦,០០០​ដុល្លារ​។​

​ទាក់ទង​ទៅនឹង​ការ​តម្លើង​ថវិកា​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នេះ​ដែរ លោកស្រី​ស៊ិន ពុទ្ធា​រី នាយិកា​ប្រតិបត្តិ​ស្តីទី​នៃ​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​(CCC)​និង​ជា​តំណាង​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ជាតិ​ខាងលើនេះ ក៏​បាន​បង្ហាញ​នូវ​ការគាំទ្រ នូវ​ផែនការ​សកម្មភាព​និង​ថវិកា​ឆ្នាំ​២០២០ ផងដែរ​។​

​ជាមួយគ្នានេះដែរ លោកស្រី​ក៏​បាន​លើកឡើង​ពី​សំណើ​សំខាន់ៗ របស់​អង្គការ​សង្គម​ស៊ីវិល ដោយ​រួមមាន​៖​ការគ្រប់គ្រង​ការងារ​កំណែទម្រង់​ដោយ​ត្រូវ​បង្កើន​ភាព​សកម្ម​ក្នុង​ការចូលរួម​លើកកម្ពស់​ភាព​ជា​តំណាង និង​ការចូលរួម​ពី​ប្រជាពលរដ្ឋ ការពង្រឹង​គណនេយ្យ​សង្គម ធានា​នូវ​ឯករាជ្យភាព​របស់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ បង្កើន​ថវិកា​សម្រាប់​ក្រុង ស្រុក សង្កាត់ និង​ឃុំ ហើយ​ក្រ​សួ​មហាផ្ទៃ និង​ក្រសួង​ពាក់ព័ន្ធ គួរ​រៀបចំ​ឲ្យមាន​ការផ្សព្វផ្សាយ​លើកកម្ពស់​ការយល់ដឹង​ពី​ច្បាប់​ផង​ដែរ​៕

ព័ត៌មានផ្សេងទៀត