កម្ពុជា​​កំពុង​​សិក្សា​ចុះ​​កិច្ចព្រម​ព្រៀង​​ពាណិជ្ជកម្ម​​សេរី​​ជាមួយ​​សហភាព​​សេដ្ឋកិច្ច ​អឺរ៉ុប​-​អាស៊ី​​

05-12-2019 3:53 pm 456

​ក្រសួង​ពាណិជ្ជកម្ម​កម្ពុ​ជា កំពុង​សិក្សា​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​សេដ្ឋកិច្ច អឺរ៉ុប​-​អាស៊ី​។ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​អះអាង​ថា ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ អាច​អនុញ្ញាត​ឱ្យ​កម្ពុជា​ទាញយក​ផលប្រយោជន៍​បន្ថែម តាមរយៈ​ការចូលរួម​នៅក្នុង​ខ្សែចង្វាក់​ផលិតកម្ម​តំបន់ និង​ពិភពលោក​។​

​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម  បានបញ្ជាក់​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី មាន​ផល​ជា​វិជ្ជមាន​លើ​សេដ្ឋកិច្ច​កម្ពុជា និង​អនុញ្ញាត​ឱ្យ​កម្ពុជា​ទាញយក​ផលប្រយោជន៍​បន្ថែម​តាម​រយៈ​ការចូលរួម​នៅក្នុង​ខ្សែចង្វាក់​ផលិតកម្ម​តំបន់ និង​ពិភពលោក​។​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ នឹង​នាំឱ្យ​មាន​ការរីកចម្រើន​ក្នុង​វិស័យ​ផលិតកម្ម ពង្រីក​សេវាកម្ម និង​ការអភិវឌ្ឍ​សេវាកម្ម​ថ្មីៗ​។​

​បើ​តាម​លោក​រដ្ឋមន្ត្រី កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ត្រូវបាន​គេ​រំពឹងថា​នឹង​បង្កើន​ឱកាស​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ទៅវិញទៅមក ជាពិសេស​កម្ពុជា​អាច​បង្កើន​ការនាំ​ចេញ​សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ ផលិតផល​កសិកម្ម និង​ទំនិញ​ដទៃទៀត ខណៈ​ដែល​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី ក៏​អាច​ជ្រៀត​ចូល​ទីផ្សារ​កម្ពុជា​កាន់តែ​ទូលំ​ទូលាយ​ជាង​មុន ជាពិសេស​លើ​វិស័យ​ថាមពល​។​

​ការ​ថ្លែង​របស់លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បែបនេះ ធ្វើឡើង​ក្នុងពិធី​បង្ហាញ​នូវ​របាយការណ៍​ស្តីពី ​លទ្ធផល​សិក្សា​ស្រាវជ្រាវ​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​។​នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​នេះ មាន​អ្នកចូលរួម​ប្រមាណ​ជាង ៨០​នាក់ មកពី​បណ្តា​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ អង្គការ​អន្តរជាតិ និង វិទ្យាស្ថាន​ស្រាវជ្រាវ​នានា​។​

​គួរបញ្ជាក់​ថា សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី (Eurasian Economic Union (EAEU)) គឺជា​ទីផ្សារ​មួយ​ដ៏​ធំ​គ្របដណ្ដប់​ប៉ែក​ខាង​អឺរ៉ុប​ខាងកើត ដោយ​មាន​សមាជិក​ចំនួន ៥ ប្រទេស​គឺ អា​មេ​នី (Armenia) បេឡា​រុស (Belarus) កា​ហ្សាក់​ស្ថាន (Kazakhstan) កៀហ្ស៊ី​ស៊ី​ស្ថាន (Kyrgyzstan) និង​រុស្ស៊ី (Russia) ដែល​មាន​ប្រជាជន​សរុប​ចំនួន ១៧៦ លាន​នាក់ និង​ផលិតផល​ក្នុងស្រុក​សរុប ២.៥ ទ្រី​លាន​ដុល្លារ​អាមេរិក​(២០១៦)​។​

​ការសិក្សា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​សេដ្ឋកិច្ច អឺរ៉ុប​-​អាស៊ី ពី​សំណាក់​កម្ពុជា​នេះ ធ្វើឡើង​ខណៈ​ដែល​ប្រព័ន្ធ​អនុគ្រោះ​ព័ន្ធ EBA របស់​អឺរ៉ុប​មក​កម្ពុជា​មិនទាន់​ច្បាស់លាស់​។ បច្ចុប្បន្ន​កម្ពុជា​នៅ​មាន​រយៈពេល​មួយ​ខែ​ទៀត ដើម្បី​ប្រតិកម្ម​ចំពោះ​របាយការណ៍​បឋម​នេះ​។ បន្ទាប់​មក​គណៈកម្មកា​រ​អឺរ៉ុប​នឹង​បញ្ចប់​របាយការណ៍​និង​ធ្វើការ​សំរេចចិត្ត​នៅ​ខែ​កុម្ភៈ​ឆ្នាំ ២០២០ ថា​តើ​ត្រូវ​ដក​ការអនុគ្រោះ​ពន្ធ​របស់​កម្ពុជា​ជា​បណ្តោះអាសន្ន​ឬ​យ៉ាងណា​»?

​បច្ចុប្បន្ន ទំនិញ​នាំ​ចេញ​របស់​កម្ពុជា​ភាគច្រើន គឺជា​ទំនិញ​វាយ​ន​ភណ្ឌ​ដូចជា​សំលៀក​បំពាក់ និង​ស្បែកជើង​ដែល​ផលិត​ដោយ​កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ​ខ្មែរ​ប្រមាណ​៨​សែន​នាក់​ទូទាំង​ប្រទេស​។​ទំនិញ​ទាំងនេះ ភាគច្រើន ត្រូវបាន​នាំចេញ​ទៅ​កាន់​ទីផ្សារ​សហ​ភាព​អឺរ៉ុប​។​

​យ៉ាងណាក៏ដោយ សម្រាប់​គោលដៅ​កម្ពុជា​នៅ នីតិកាល​ទី​៦​នេះ រដ្ឋាភិបាល​កម្ពុជា​​ផ្តោត​លើ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ដៃគូក្រសួង​ពាណិជ្ជកម្ម បាន​និង​កំពុង​សិក្សា​លើ​លទ្ធភាព​ចរចា​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ចិន និង​ប្រទេស​កូរ៉េ​ផង​ដែរ​។​ហើយកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី (Cambodia-Eurasian Economic Union FTA-CEFTA) កម្ពុជាចាត់ទុក ជា​ជោគជ័យក្នុងការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ទៅក្នុង​ខ្សែសង្វាក់​ផលិតកម្ម​ពិភពលោក និង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​កណ្តាល និង​ជាមួយ​ប្រទេស​រុស្ស៊ី​៕

 

 ពាក្យគន្លឹះ  FTA

ព័ត៌មានផ្សេងទៀត