បើទោះបីជាកម្ពុជាមានទីផ្សារសម្រាប់នាំចេញផ្លែស្វាយ ទៅលក់នៅទីផ្សារអន្តរជាតិយ៉ាងណាក៏ដោយ ក៏កម្ពុជាកំពុងប្រឈមខ្វះរោងចក្រវិចខ្ចប់ និងកំចាត់មេរោគលើផ្លែស្វាយ សម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសគឺការនាំចេញទៅកាន់ប្រទេសចិន ហើយបានអំពាវនាវដល់វិស័យឯកជននានា ក៏ដូចជាដៃគូអភិវឌ្ឍន៍ ចូលរួមវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងការកែឆ្នៃ ក៏ដូចជាការវិចខ្ចប់ និងរោងចក្រសម្លាប់មេរោគលើផ្លែស្វាយ។
លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានអំពាវនាវដល់វិស័យឯកជននានា ក៏ដូចជាដៃគូអភិវឌ្ឍន៍ ចូលរួមវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងការកែឆ្នៃ វិចខ្ចប់ និងរោងចក្រសម្លាប់មេរោគលើផ្លែស្វាយ ដើម្បីអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ពិសេសនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោកបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា កំពុងប្រឈមគ្មានរោងចក្រសម្លាប់មេរោគ វិចខ្ចប់ និងកែឆ្នៃផ្លែស្វាយ សម្រាប់នាំចេញ ហើយបើកម្ពុជាមានរោងចក្រសម្លាប់មេរោគ វិចខ្ចប់ និងកែឆ្នៃផ្លែស្វាយ នោះកម្ពុជាអាចនាំចេញផ្លែស្វាយ ទៅកាន់ទីផ្សារអន្តរជាតិ យ៉ាងតិច៥០ទៅ៦០ម៉ឺនតោន ក្នុងឆ្នាំ២០២៣ ខាងមុខ ……….
សំឡេង៖
ការអំពាវនាវរបស់ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មរូបនេះ បានធ្វើឡើង ក្នុងសន្និសិទសារព័ត៌មានស្ដីពីប្រភេទពូជស្វាយ និងទីផ្សារអន្តរជាតិ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩។ លោក ងិន ឆាយ បានអះអាងថា បច្ចុប្បន្នយើងមានរោងចក្រកែឆ្នៃ វិចខ្ចប់ និងសម្អាតមេរោគលើផ្លែស្វាយតែមួយកន្លែងប៉ុណ្ណោះ របស់ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ (Hyundai) ហើយរោងចក្រក្រុមហ៊ុននេះទៀតសោធ ក៏មិនអាចកែឆ្នៃ វិចខ្ចប់ និងសម្អាតមេរោគលើផ្លែស្វាយ បានគ្រប់គ្រាន់នោះដែរ។ ដូច្នេះហើយទើបលោក ធ្វើការអំពាវនាវឱ្យមានវិស័យឯកជននានា ចូលរួមវិនិយោគលើការកែឆ្នៃ វិចខ្ចប់ និងសម្អាតមេរោគលើផ្លែស្វាយ ដើម្បីនាំចេញ។
លោក ងិន ឆាយ បានគូសបញ្ជាក់ថា ផ្លែស្វាយនៅកម្ពុជា មាន៤០ប្រភេទ បើតាមការស្រាវជ្រាវរបស់នាយកដ្ឋានកសិកម្ម ជាមួយអង្គការអន្តរជាតិមួយ ហើយត្រូវបានកត់ត្រាទុកប្រភេទផ្លែស្វាយ តែ៣៦ទៅ៣៧ប្រភេទតែប៉ុណ្ណោះ។ លោកបានគូសបញ្ជាក់ទៀតថា ផ្លែងស្វាយដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូចជាប្រទេសវៀតណា ថៃ នាពេលបច្ចុប្បន្ន គឺប្រភេទផ្លែស្វាយកែវរមៀត ជាប្រភេទផ្លែស្វាយកំពុងពេញនិយម។ ដោយឡែកនាំចេញទៅប្រទេសចិនវិញ គឺចិនតម្រូវឱ្យកម្ពុជា មានរោងចក្រកែឆ្នៃវិចខ្ចប់ និងសម្អាតមេរោគលើផ្លែស្វាយ ទើបអនុញ្ញាតឱ្យនាំចូលទៅប្រទេសចិន។ ចំណែកប្រទេសកូរ៉េ វិញ កម្ពុជាត្រូវបានអនុញ្ញាតឱ្យធ្វើការនាំចេញផ្លែស្វាយនៅចុងខែធ្នូឬដើមខែមករា ឆ្នាំ២០២០ ហើយក្រសួងកសិកម្ម កំពុងចចារជាមួយប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដើម្បីអាចនាំផ្លែស្វាយកម្ពុជា ទៅលក់នៃប្រទេសទាំងនេះផងដែរ៕