ឆ្នាំ​២០១៩​នេះ​ទុនវិនិយោគ​លើ​វិស័យ​សំណង់​មាន​ជាង​៩​ពាន់​លាន​ដុល្លារ​

05-12-2019 3:37 pm 164

​លោក​ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​មានប្រសាសន៍ថា នៅ​ឆ្នាំ​២០១៩​នេះ ទុនវិនិយោគ​លើ​វិស័យ​សំណង់ នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​ចំនួន​៩,៣០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ កើនឡើង រហូត​ទៅ​ដល់​៧៨​ភាគរយ​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់​ដូច្នេះ នៅក្នុង​ពិធី​មហាសន្និបាត បូកសរុប​ការងារ​ប្រចាំ​ឆ្នាំ​លើក​ទី​៨ របស់​សមាគម និង​ពិធី​សម្ពោធ​បើក​ការតាំងពិព័រណ៍ ឧស្សាហកម្ម​សំណង់ កម្ពុជា​-​អន្ដរជាតិ ឆ្នាំ​២០១៩ នៅ​ថ្ងៃ​ទី​០៥ ខែ​ធ្នូ​នេះ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​។​

​ជាមួយគ្នានេះ លោក ជា សុផារ៉ា បាន​ក្រើនរំលឹក​ដល់​អ្នក​ប្រកប​អាជីព និង​ធុរជន ក្នុង​វិស័យ​ឧស្សាហកម្ម​សំណង​ទាំងអស់ ឲ្យចូល​រួម​គោរព​ច្បាប់​សំណង់ និង​បទ​ប្បញ្ញត្តិ​នានា ពាក់ព័ន្ធ​វិស័យ​សំណង់ ឲ្យបាន​ត្រឹមត្រូវ ដើម្បី​ធានា​នូវ​សុ​វត្តិភាព និង​គុណភាព​សំណង់​នៅ​កម្ពុជា​ដូចជា​៖

*​ទី​១៖ ត្រូវ​មាន​លិខិតអនុញ្ញាត​សាងសង់ និង​លិខិតអនុញ្ញាត​បើក​ការដ្ឋាន​មុនពេល ធ្វើការ​សាងសង់ និង​ត្រូវ​អនុវត្ត​តាម​ប្លង់​បច្ចេកទេស​ដែល​បាន​អនុញ្ញាត និង​បទ​ប្បញ្ញត្តិ​បច្ចេកទេស​ផ្សេងៗ​ឲ្យបាន​ត្រឹមត្រូវ​

*​ទី​២៖ ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សាងសង់ និង សិក្សា​គម្រោង​ប្លង់ រួម​ទាំង​ក្រុម ជាងសំណង់​ទាំងអស់ ត្រូវ​មក​ស្នើសុំ​ចុះបញ្ជី​ជា​អ្នក​ប្រកប​អាជីវកម្ម​ស្របតាម​ច្បាប់​ជា​ធរមាន​

*​ទី​៣៖ ត្រូវ​រៀបចំ​ការដ្ឋាន​សាងសង់ ឱ្យមាន​សណ្តាប់ធ្នាប់ និង​អនាម័យ​ជាប្រចាំ និង​ការដ្ឋាន​សំណង់​ទាំងអស់​ត្រូវ​ដឹក​បេតុង ដី និង​សម្ភារៈ​សំណង់ ធ្វើឲ្យ​ជ្រះ​តាម​ដងផ្លូវ​សាធារណៈ​ឡើយ​

*​ទី​៤៖ ការដ្ឋាន​សំណង់​ទាំងអស់​ត្រូវ​មាន​បំពាក់ សម្ភារ និង​ឧបករណ៍​សម្រាប់​ការពារ សុវត្ថិភាព និង​សុខភាព ជូន​កម្មករ​ទាំងអស់​ដែល​ធ្វើការ​ក្នុង​ការដ្ឋាន -​ល​-​។​

*​ទី​៥៖ ការដ្ឋាន​សំណង់​ទាំងអស់​ត្រូវ​មាន​វិស្វករ ស្ថាបត្យក​រ និង​អ្នកគ្រប់គ្រង​ការដ្ឋាន នៅ​ត្រួតពិនិត្យ​បច្ចេកទេស​ជា​ប្រចាំ ក្នុង​ការដ្ឋាន​សំណង់​។​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ទៀតថា រាល់​សំណង់​ទាំងអស់​ត្រូវ មាន​ការសិក្សា​តម្រោង​ប្លង់​ស្ថាបត្យកម្ម ប្លង់​គ្រឿង​ផ្គុំ សំណង់ ប្លង់​ទឹក ភ្លើង និង​មេកានិច រួម​ទាំង​ត្រូវមាន​ការសិក្សា ពី​ភូ​គព្គសាស្ត្រ​ឲ្យបាន​ត្រឹមត្រូវ តាម​បទដ្ឋាន​បច្ចេកទេស​ផងដែរ​៕

ព័ត៌មានផ្សេងទៀត