អ្នកច្បាប់​​ចូល​បំភ្លឺ​​នៅ​សភា​​ដល់​ទៅ​បី​រូប​ថា​​គួរតែ​ដក​​លោក​ត្រាំ​​ពី​តំណែង​

05-12-2019 3:18 pm 340

​ខណៈ​ជិត​ផុត​អាណត្ដិទី​មួយ​ក្នុងនាម​ជា​ប្រធានាធិបតី​ទី​៤៥​របស់​អាមេរិក រឿងរ៉ាវ​របស់លោក​ដូណាល់ ត្រាំ​កាន់តែ​វែងឆ្ងាយ​ជាង​មុន ជុំវិញ​ការចោទប្រកាន់​ពី​សំណាក់​គណបក្ស​ប្រជាធិបតេយ្យ ទាមទារ​ទម្លាក់​លោក​ចេញពី​តំណែង​។ ដំបូង​ឡើយ​សមាជិក​រួមទាំង​ប្រធានរដ្ឋសភា​អាមេរិក​លោកស្រី​Nancy Pelosi បាន​ដាក់ពាក្យ​ប្ដឹង​ឲ្យ​បើ​កការស៊ើបអង្កេត​ទម្លាក់​លោក​ដូណាល់ ត្រាំ ដោយសារ​មាន​សកម្ម​ភាពមិនប្រក្រតី​មួយចំនួន​ដែល​ចាត់ទុកជា​ការរំលោភ​លើ​អំណាច​។ 

​នោះ​គឺ​រឿង​លោក​ត្រាំ​ស្នើឲ្យ​ប្រធានាធិបតីអ៊ុយ​ក្រែន​បើ​កការស៊ើបអង្កេត​លើ​លោកចូ បាយ​ដិន អតីត​អនុ​ប្រធានាធិបតី​អាមេរិក​និង​ជា​បេក្ខជន​លេចធ្លោ​មួយរូប​របស់​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​ប្រជែង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០២០​ជាមួយ​លោក​ត្រាំ​។ បន្ទាប់ពីនោះ​ក៏មាន​ការបោះឆ្នោត​លើ​បណ្ដឹង​នៅក្នុង​រដ្ឋសភា ទីបំផុត​បណ្ដឹង​ប្រឆាំង​លោក​ត្រាំ​ទទួលបាន​ការគាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី ហើយ​ករណីនេះ​ត្រូវ​បញ្ជូនទៅឲ្យ​គណៈកម្មាធិកា​រ​ស៊ើបការណ៍​សម្ងាត់​រដ្ឋសភា​។​

​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​សភា បានចាប់ផ្ដើម​បើក​ការស៊ើបអង្កេត​អស់​រយៈពេល​ជិត​បី​ខែ ទើបបាន​ពិភាក្សា​បិទ​បញ្ចប់​ការសន្និដ្ឋាន​ចុងក្រោយ​កាលពី​ថ្ងៃ​អង្គារ​។ របាយការណ៍​កម្រាស់​៣០០​ទំព័រ​ត្រូវ​បានចេញ​បន្ទាប់ពី​ការស៊ើបអង្កេត ដែល​របាយការណ៍​នោះបាន​បញ្ជូនទៅ​ដល់ដៃ​គណៈកម្មាធិការ​នីតិកម្ម​រដ្ឋសភា​រួចហើយ​ដែរ​។ 

​កាលពី​ថ្ងៃ​ពុធ​គណៈកម្មាធិការ​នីតិកម្ម​រដ្ឋសភា​អាមេរិក បានចាប់ផ្ដើម​កិច្ចពិភាក្សា​ពិសេស​ជា​លើកដំបូង​របស់ខ្លួន ជជែក​វែកញែក​បន្ថែម​ពី​របាយការណ៍​ស្ដីពី​ការចោទប្រកាន់​ទម្លាក់​លោក​ដូណាល់ ត្រាំ ដែល​ទទួលបាន​ពី​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​។ ក្នុងនោះ​អ្នកជំនាញ​ជា​សាស្ដ្រាចារ្យ​ផ្នែក​ច្បាប់​ចំនួន​បួនរូប បី​រូប​ជ្រើសរើស​ដោយ​គណបក្ស​ប្រជាធិបតេយ្យ និង​មួយរូប​ជ្រើសរើស​ដោយ​គណបក្ស​សាធារណរដ្ឋ បានបង្ហាញ​វត្ដ​មាន​នៅមុខ​គណៈកម្មាធិកា​រ​នីតិកម្ម ជា​ការផ្ដល់​សក្ខីកម្ម​ឬ​អំណះអំណាង​ផ្នែក​ច្បាប់​ពាក់ព័ន្ធ​ការចោទប្រកាន់​លោក​ត្រាំ​។ 

​អ្នកជំនាញ​ផ្នែក​ច្បាប់​និង​រដ្ឋធម្មនុញ្ញ​អាមេរិក​ទាំង​បួន​រូបនោះ​មាន​អ្នកស្រី​Pamela Karlan សាស្ដ្រាចារ្យ​ច្បាប់​នៃ​សាកលវិទ្យាល័យ​Stanford លោក​Noah Feldman​សាស្ដ្រាចារ្យ​ច្បាប់​នៅ​សាកលវិទ្យាល័យ​Harvard លោក​Michael Gerhardt​សាស្ដ្រាចារ្យ​ច្បាប់​នៅ​សាកលវិទ្យាល័យ​North Carolina អ្នក​ទាំងបី​ជ្រើសរើស​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​។ ចំណែក​លោក​Jonathan Turley សាស្ដ្រាចារ្យ​ច្បាប់​នៃ​សាកល​វិទ្យា​George Washington ជ្រើសរើស​ដោយ​គណបក្ស​សាធារណរដ្ឋ​។​

​នៅក្នុងពេល​ផ្ដល់​សក្ខីកម្ម​សាស្ដ្រាចារ្យ​បី​រូប​បាន​បកស្រាយ​ពី​ការចោទប្រកាន់​ផ្អែក​តាម​រដ្ឋធម្មនុញ្ញ ដែល​អះអាងថា​លោក​ប្រធានាធិបតី​ត្រាំ​គួរតែ​ត្រូវ​ដកតំណែង ព្រោះ​បាន​ប្រព្រឹត្ដ​បទឧក្រិដ្ឋ​និង​បទមជ្ឈិម​កម្រិត​ខ្ពស់​។ លោក​សាស្ដ្រាចារ្យ​Feldman​និយាយថា ភស្ដុតាង​បានបង្ហាញ​យ៉ាងច្បាស់​ពី​ពិរុទ្ធភាព​របស់លោក​ត្រាំ​។ ទំនាក់ទំនង​របស់លោក​ជាមួយ​ប្រធានាធិបតី​អ៊ុ​យក្រែន បង្ហាញឲ្យឃើញពី​ការប្រើ​ប្រាស់​អំណាច​ជា​ប្រធានាធិបតី​ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ជាជាង​ប្រយោជន៍​ជាតិ​។​

​រីឯ​អ្នកស្រី​Karlan​បាន​បន្ទោស​យ៉ាងខ្លាំង​ដល់​គណៈកម្មាធិការ​កំពូល​គណបក្ស​សាធារណរដ្ឋ ក្រោយ​អ្នកស្រី​រង​ការជេរប្រមាថ​ថា​មិនបាន​ពិនិត្យមើល​សក្ខីកម្ម​ជា​សាធារណៈ របស់​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​សភា​ដែលមាន​សាក្សី​១២​នាក់​។ ផ្ទុយទៅវិញ​អ្នកស្រី​ពិតជា​បាន​អាន​គ្រប់​ទាំងអស់​នូវ​អ្វី​ជា​សម្ដី​របស់​សាក្សី​។ អ្វីដែល​ទទួលបាន​ក្រោយ​ការពិនិត្យ​យ៉ាង​ច្បាស់លាស់ គឺថា​លោក​ត្រាំ​ពិតជា​បានទាមទា​រឲ្យរដ្ឋាភិបាល​បរទេស​ចូលមក​ជ្រៀតជ្រែ​កការបោះឆ្នោត​ពិតមែន នេះ​ជា​ការរំលោភ​លើ​អំណាច​យ៉ាងធ្ងន់ធ្ងរ​។ 

​ចាប់អារម្មណ៍​ពី​សម្ដី​របស់លោក​Gerhardt​វិញ ការប្រព្រឹត្ដ​ខុសឆ្គងរ​បស់​លោក​ប្រធានាធិបតី​ត្រាំ រួមបញ្ចូល​ការ​សូកប៉ាន់ ប្រើ​អំណាច​ដាក់​សំណូមពរ​ផ្ទាល់ខ្លួន​ទៅ​មេដឹកនាំ​បរទេស​តាម​អ្វីដែល​ចង់ និង​ការរារាំង​ដំណើរការ​យុត្ដិធម៌​។ ដូច្នេះ​ប្រសិនបើ​ខកខាន​មិនបាន​ចោទប្រកាន់​ដកតំណែង​លោក​ត្រាំ​នៅពេលនេះ​ទេ អ្វីដែល​ខំ​ធ្វើ​កន្លងមក​ពិតជា​គ្មាន​ន័យ​ឡើយ​។ ជារួម​អ្នកជំនាញ​ដល់​ទៅ​បី​រូប​ក្នុងចំណោម​បួនរូប សុទ្ធតែ​អះអាងថា​លោក​ត្រាំ​ពិតជា​បាន​ប្រព្រឹត្ដខុ​សដូច​របាយការណ៍​ចេញ​ផ្សាយ​។ ខុស​តែ​លោក​Turley​ប៉ុណ្ណោះ​ដែល​ជំទាស់​នឹង​របាយការណ៍ ប៉ុន្ដែ​ពុំមែន​ជា​រឿង​ប្លែក​ទេ​ព្រោះ​លោក​ជា​អ្នកច្បាប់​ដែល​ត្រូវ​ជ្រើសរើស​ដោយ​គណបក្ស​សាធារណរដ្ឋ ហេតុនេះ​ត្រូវតែមាន​និន្នាការ​ការពារ​លោក​ត្រាំ​។​

​យ៉ាងណាមិញ​នៅ​ពុំទាន់​មាន​ការសម្រេច​យ៉ាងណា​ឡើយ​ពី​គណៈកម្មាធិការ​នីតិកម្ម​សភា ព្រោះ​អាច​នឹងមាន​ការពិភាក្សា​ដេញដោល​បន្ថែមទៀត​។ ប៉ុន្ដែ​នៅពេល​គណៈកម្មាធិការ​នេះ​តាក់តែង​មាត្រា​ដាក់បន្ទុក​លើ​លោក​ត្រាំ​រួចរាល់​ហើយ នោះ​នឹង​ត្រូវ​ដាក់ឲ្យរដ្ឋ​សភា​បោះឆ្នោត​អនុម័ត​។ ការអនុម័ត​នៅក្នុង​រដ្ឋសភា​ពិតជា​មិន​ពិបាក​ឡើយ​ព្រោះ​ជា​សភា​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​។ ប៉ុន្ដែ​អ្វី​ជា​បញ្ហា​គឺ​ការបញ្ជូន​ទៅ​ព្រឹទ្ធសភា មិន​ប្រាកដ​ឡើយ​ថា​ព្រឹទ្ធសភា​ដែលមាន​សំឡេង​គណបក្ស​សាធារណរដ្ឋ​ភាគច្រើន ព្រម​អនុម័ត​ឲ្យ​ដកតំណែង​លោក​ដូណាល់ ត្រាំ វា​ពិតជា​ពិបាក​ឆ្លង​រួច​ណាស់​៕

ព័ត៌មានផ្សេងទៀត