ស្ថាបនិក​Google​​​ប្រកាស​ចុះ​ចេញ​ពី​តំណែង​​កំពូល​​ក្នុង​ក្រុមហ៊ុន​មេ​​Alphabet

04-12-2019 6:13 pm 365
ពីឆ្វេងលោក​Larry Pageនិង​លោក​Sergey Brin

​ស្ថាបនិក​ក្រុមហ៊ុន​Google​លោក​Larry Page និង​លោក​Sergey Brin បានប្រកាស​នឹង​ចុះ​ចេញពី​តំណែង​កំពូល នៅក្នុង​ក្រុមហ៊ុនមេ​របស់​Google​គឺ​Alphabet​។ ពួកគេ​នឹង​ចាកចេញ​ពី​តំណែង​នាយក​ប្រតិ​ប​ត្ដិ និង​តំណែង​ប្រធាន​ក្រុមហ៊ុន​Alphabet ប៉ុន្ដែ​នៅតែ​ចូលរួម​ក្នុង​ក្រុមហ៊ុន​ដដែល​។ ចំណែក​លោក​Sundar Pichai​ជា​នាយក​ប្រតិ​ប​ត្ដិ​របស់​Google​ជាង​៤​ឆ្នាំ​មកហើយ​នោះ នឹង​នៅតែ​បន្ដ​តួនាទី​ដដែល ហើយនឹង​ក្លាយជា​នាយក​ប្រតិ​ប​ត្ដិ​របស់​Alphabet​ផងដែរ​។ កន្លងមក​លោក​Larry Page​គឺជា​នាយក​ប្រតិ​ប​ត្ដិ​របស់​Alphabet ខណៈ​លោក​Sergey Brin​គឺជា​ប្រធាន ប៉ុន្ដែ​អ្នក​ទាំង​ពីរបាន​អ​វត្ដ​មាន​ពី​ព្រឹត្ដិការណ៍ធំៗ​របស់​ក្រុមហ៊ុន​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។ 

​ថ្នាក់ដឹកនាំ​ទាំងពីរ​បានប្រកាស​នៅក្នុង​blog​របស់​Google​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ក្រុមហ៊ុន​បាន​វិវឌ្ឍនិង​មាន​ភាពចា​ស់ទុំ ក្នុង​រយៈពេល​ពី​រទស​វត្ស​មកហើយ​ចាប់តាំងពី​បាន​កកើត​រូបរាង​ឡើង​។ ថ្ងៃនេះ​គឺ​ឆ្នាំ​២០១៩​ហើយ ប្រសិនបើ​ក្រុមហ៊ុន​នេះ​ជា​មនុស្ស​វិញ នោះ​នឹង​ក្លាយជា​យុវជន​ពេញវ័យ​ដែលមាន​អាយុ​២១​ឆ្នាំ គឺ​ដល់​ពេលដែល​ត្រូវ​ចាកចេញ​ពី​ដំបូល​រួម​ហើយ​។ លោក​ជឿជាក់ថា​ដល់​ពេលដែល​ត្រូវបំពេញ​តួនាទី​ជា​ឪពុកម្ដាយ​ដែលមាន​មោទភាព​ហើយ ចាំ​ផ្ដល់​ដំបូន្មាន​និង​ការស្រឡាញ់ ប៉ុន្ដែ​មិនមែន​ចាំ​រំខាន់​រាល់ថ្ងៃ​នោះឡើយ​។ 

​លោក​និយាយ​ដូច្នេះ​ចង់​សំដៅថា ក្នុងនាម​លោក​ជា​ឪពុកម្ដាយ​របស់​ក្រុមហ៊ុន លោក​ក៏​មិនចាំបាច់​នៅ​ឃ្លាំមើល​នៅ​គ្រប់គ្រង​ជាប្រចាំ​ទៀត​ដែរ ខណៈ​ក្រុមហ៊ុន​ចាស់ទុំ​ទៅហើយនោះ​។ ប៉ុន្ដែ​លោក​នឹង​នៅតែ​ពាក់ព័ន្ធ​ជានិច្ច នៅពេលដែល​ក្រុមហ៊ុន​ត្រូវការ ដូច​ឪពុកម្ដាយ​ចាំ​ជួយ​កូន​នៅពេលដែល​ជួប​បញ្ហា​៕

ព័ត៌មានផ្សេងទៀត