​ខេ​ត្តមួយ​ក្នុង​ប្រទេស​ចិន​​ចង់​វិនិយោគ​ដំណាំ​ដូង​​នៅ​កម្ពុជា​ដើម្បី​នាំ​ចេញទៅ​ប្រទេស​ខ្លួន​​

04-12-2019 5:54 pm 1052

​គណ​:​ប្រតិភូ​អញ្ជើញ​មកពី​ខេត្ត​ហាយ​ណាន​ដែល​ភាគច្រើន​ជា​អគ្គនាយក​ក្រុមហ៊ុន និង​ស្ថាប័នរដ្ឋ ចង់ រក​ដៃគូ​វិនិយោគ​ដំណាំ​ដូង​នៅ​កម្ពុជា​ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន​។ ការបង្ហាញ​ចំណាប់អារម្មណ៍​បែបនេះ របស់​គណៈប្រតិភូ​អញ្ជើញ​មកពី​ខេត្ត​ហាយ​ណាន​នេះ បាន​ធ្វើឡើង​ក្នុង​ចំនួប​ជាមួយ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៩​។​

​ប្រធាន​គណ​:​ប្រតិភូ​អញ្ជើញ​មកពី​ខេត្ត​ហាយ​ណាន លោក Wang Yeqiao បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​នាពេលនេះ និង​ជាពិសេស​អញ្ជើញ​មកជួប​លោក វេង សាខុន នាពេលនេះ​គឺ​ទី​១.​ចង់​បង្កើត​មជ្ឈមណ្ឌល​បច្ចេក​វិទ្យា​កសិកម្ម​តំបន់​ត្រូពិច​កម្ពុជា​-​ចិន និង​ទី​២. សិក្សា​ពី​សក្តានុពល​លើ​ដំណាំ​ត្រូពិច ជាពិសេស​ដំណាំ​ដូង ដើម្បី​ធ្វើ​ការវិនិយោគ​ជា​លក្ខណ​:​ឧស្សាហកម្ម​។ លោក​បន្តថា​សួន​នេះ​ប្រើ​ជា​ប្រយោជន៍​សម្រាប់ធ្វើ​កន្លែង​ដាំ​ដុះ បង្ហាញ សិក្សា​ស្រាវជ្រាវ ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​លើ​ការដាំដុះ ប្រមូល​ផល ផលិត​ពូជ វិធានការ​ការពារ​ជំងឺ​សត្វល្អិត និង​កែច្នៃ​ដំណាំ​ត្រូពិច ដល់​អ្នក​ផលិត​ក្នុងប្រទេស និង​នៅក្នុង​តំបន់​ជា​លក្ខណ​:​អន្តរជាតិ និយាយ​ជារួម​គឺជា​តំបន់​ពហុ​ប្រយោជន៍​បម្រើឲ្យ​វិស័យក​សិ​-​ឧស្សាហកម្ម​កម្ពុជា​នាពេល​អនាគត​។ 

​ប្រធាន​គណ​:​ប្រតិភូ​អញ្ជើញ​មកពី​ខេត្ត​ហាយ​ណាន បាន​អះអាងថា  ប្រទេស​ថៃ​បានធ្វើ​ការនាំចេញ​ផ្លែ​ដូង​ទៅកាន់​ទីផ្សារ​អន្តរជាតិ ពិសេស​ទីផ្សារ​ចិន​រាប់រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ដោយឡែក​កម្ពុជា​មាន​លក្ខណ​:​ភូមិសាស្ត្រ​ទឹក ដី និង​ក្សេត្រ​បរិស្ថាន​មិន​ខុសពី​ប្រទេស​ថៃ ដូច្នេះ​បើ​គម្រោង​នៃ​ការបង្កើត​សួន​នេះ ទទួលបាន​ជោគជ័យ នោះ​កម្ពុជា​ត្រូវបានគេទទួលស្គាល់​លើ​ឆាក​អន្តរជាតិ​កាន់តែ​ច្រើនឡើង​តាមរយ​:​ផលិតផល​កសិកម្ម​តំបន់​ត្រូពិច ជាពិសេស​ដំណាំ​ដូង​។​ហេតុផល​នេះ ខេត្ត​ហាយ​ណាន​ដែលជា​ខេត្ត​មាន​សក្តានុពល​លើ​ដំណាំ​នេះ ចង់​មករក​ដៃគូ​វិនិយោគ​ដំណាំ​ដូង​នៅ​កម្ពុជា​ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន​។​ជាមួយ​កម្មវត្ថុ​ធំៗ​ពីរ​ខាងលើ បាន​ស្នើសុំ​កិច្ចសហការ​ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កម្ពុជា ហើយ​អាច​ឈានទៅ​ស្នើសុំ​គោលនយោបាយ​ពី​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន ធ្វើយ៉ាងណា​ឲ្យ​គម្រោង​នេះ​បានអនុម័ត និង​អនុវត្ត​ក្នុង​ពេលអនាគត​យ៉ាងខ្លី​។​

​ជា​ឆ្លើយតប​លោក វេង សាខុន បាន​សម្តែង​ការស្វាគមន៍ រីករាយ និង​គាំទ្រ​ចំពោះ​ឆន្ទ​:​បង្កើត​សួន​បច្ចេកវិទ្យា​កសិកម្ម​ដំណាំ​ត្រូពិច​កម្ពុជា​-​ចិន និង​ការវិនិយោគ​លើ​ដំណាំ​ដូង​នៅ​កម្ពុជា​របស់​ខេត្ត​ហាយ​ណាន ព្រោះថា​វា​ស្រប​ពេលដែល​ក្រសួង ក៏ដូចជា​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​យកចិត្តទុកដាក់​លើ​ការងារ​ស្រាវជ្រាវ បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​កសិកម្ម​ទាន់​សម័យ​ឲ្យដល់​ដៃ​អ្នក​ផលិត ដើម្បី​ធានាបាន​បរិមាណ​គុណភាព តម្លៃ​បន្ថែម ការកែច្នៃ ប្រកួតប្រជែង និង​មាន​ទីផ្សារ​នាំចេញ​។ លោក វេង សាខុន ស្នើឲ្យ​គណ​:​ប្រតិភូ​រៀបចំ​ក្រុមការងារ​បច្ចេកទេស​មួយ សហការ​ជាមួយ​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​អគ្គនាយកដ្ឋាន​កសិកម្ម​ដើម្បី​រៀបចំ​ឯកសារ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រួមជាមួយ​ផែនទី​បង្ហាញផ្លូវ​មួយ​ច្បាស់លាស់​ដើម្បី​ឈានទៅដល់​ការអនុវត្ត​គម្រោង​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​៕

ព័ត៌មានផ្សេងទៀត