ចិន​ផ្តល់​កាដូ​ដ៏​ម​ហិមាឲ្យ​El Salvador​ដែល​ដកខ្លួន​ចេញពី​តៃវ៉ាន់​

04-12-2019 3:02 pm 371
  ស្តាប់
លោកស៊ិ ជីនពីងនៅខាងឆ្វេង​លោក​Nayib Bukele​
ស្តាប់ជាសំឡេង

​ចិន​បាន​ធានារ៉ាប់រង​ផ្តល់ប្រាក់​ចំណាយ សម្រាប់​ការសាងសង់​ពហុ​កីឡដ្ឋាន​និង​បណ្ណាល័យ​ព្រមទាំង​គម្រោង​ផ្សេងៗ​ទៀត ឲ្យ​ប្រទេ​ស​El Salvador ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បាន​សន្យា​ដល់​ប្រទេស​នេះ ក្រោយ​ប្តូរ​ការ​រាប់អាន​ជាមួយ​តៃវ៉ាន់ មក​បង្កើន​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន​វិញ​។ ​ប្រធានាធិបតី​នៃ​ប្រទេស​El Salvador​លោក​Nayib Bukele​បានប្រកាស​លើ​បណ្តាញ​ធ្វី​ត​ទ័​រ​នៅ​ថ្ងៃ​អង្គារ​ថា ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​ទើបតែ​បាន​ផ្តល់ឲ្យ​El Salvador នូវ​កាដូ​ដ៏​មហិមា ហើយ​សន្យា​មិនឲ្យ​សង​ត្រឡប់ទៅវិញ​ឡើយ ដែល​រួមមាន​កញ្ចប់​ថវិកា សម្រាប់​ចំណាយ​លើ​ការសាងសង់​ពហុ​កីឡដ្ឋាន​ដ៏​ទំនើប និង​គម្រោង​នានា​ផ្សេងទៀត​។

យោងទៅតាម​សេចក្តីថ្លែងការណ៍​រួមមួយ​រវាង​ចិន​និង​El Salvador បញ្ជាក់ថា ទីក្រុង​ប៉េកាំង​នឹង​រ៉ាប់រង​លើ​ការចំណាយ​សាងសង់​គម្រោង​ផ្គត់ផ្គង់​ទឹក​ចំនួន ២ ក៏ដូចជា​ការកសាង​និង​ពង្រីក​ឡើងវិញ នៃ​តំបន់​ទេសចរណ៍ Surf City  និង​កំពង់ផែ La Libertad តាម​បណ្តោយ​ឆ្នេរសមុទ្រ El Salvador​។ ក្រុមមន្ត្រី​ក៏បាន​ចុះហត្ថលេខា​ផងដែរ លើ​កិច្ចព្រមព្រៀង ស្តីពី កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ផែនការ ដើម្បី​សម្រួល​ដល់​ទេសចរណ៍​ចិន​ទៅកាន់ El Salvador ។​ ​កាដូ​ដែល​ចិន​ផ្តល់ឲ្យ​El Salvador​កើតឡើង ខណៈ​លោក​Nayib Bukele បាន​ជួប​ជាមួយ​លោក​ស៊ី ជីន​ពីង​នៅក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​លើកដំបូង របស់​មេដឹកនាំ​អាមេរិក​កណ្តាល​រូបនេះ ទៅកាន់​ទីក្រុង​ប៉េកាំង ចាប់តាំងពី​បាន​ស្បថ​ចូល​កាន់តំណែង​នៅ​រដូវក្តៅ​នេះ​។​

​គួរ​ជម្រាបជូន​ថា El Salvador​បាន​ទទួលស្គាល់​ទីក្រុង​ប៉េកាំង កាលពី​ខែសីហា​ឆ្នាំ ២០១៨ ដែល​បាន​ក្លាយជា​ប្រទេស​ទី ៣ ដែល​បោះបង់ចោល​កោះ​តៃវ៉ាន់​នៅក្នុង​ឆ្នាំ​នោះ បន្ទាប់ពី​សាធារណៈរដ្ឋ Dominican និង Burkina Faso ។ នៅក្នុង​ខែកញ្ញា​ឆ្នាំនេះ​វិញ ប្រទេស​ដែលជា​ដែន​កោះ Kiribati បាន​ប្តូរ​មក​ទទួលស្គាល់​ទីក្រុង​ប៉េកាំង​វិញ​ដែរ ដែល​ការណ៍​នេះ​កើតឡើង​ត្រឹមតែ​៤​ថ្ងៃ បន្ទាប់ពី​កោះ Solomon បានធ្វើ​សកម្មភាព​ដូចគ្នា ដោយ​ទុកឲ្យ​កោះ​តៃវ៉ាន់​នៅសល់តែ​១៥​ប្រទេស​ប៉ុណ្ណោះ ដែលមាន​ទំនាក់ទំនង​ការទូត​និង​ទទួលស្គាល់​តៃវ៉ាន់​។ 

​ប្រទេស​ចិន​និង​កោះ​តៃវ៉ាន់ ត្រូវបាន​ស្ថិតក្រោម​ការគ្រប់គ្រង​ដាច់ដោយឡែក​ពីគ្នា ចាប់តាំងពី​បញ្ចប់​សង្គ្រាមស៊ីវិល​ក្នុង​ឆ្នាំ​១៩៤៩​។ បើទោះជា​បែបនេះ​ក្តី ទីក្រុង​ប៉េកាំង​នៅតែ​ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន ដោយ​មិន​អនុញ្ញាតឲ្យ​នរណាមក​បំបែកបាន​ឡើយ​។ ទន្ទឹមនឹង​តៃវ៉ាន់​ព្យាយាម​រើស​បម្រាស់ ចិន​បង្កើន​សម្ពាធ​កាន់តែខ្លាំង​និង​ប្រើ​មធ្យោបាយ ស្រូបយក​ប្រទេស​ដែល​ទទួលស្គាល់​តៃវ៉ាន់​ជា​បន្តបន្ទាប់​៕

ព័ត៌មានផ្សេងទៀត