ពិព័រណ៍​សៀវភៅ​ឆ្នាំ​២០១៩ រំពឹង​មាន​អ្នកចូលរួម​មិន​ក្រោម​១០​ម៉ឺន​នាក់​

04-12-2019 2:53 pm 154
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ហុក សុ​ទ្ធិ ប្រធាន​សមាគម​បណ្ណារក្ស និង​ឯកសា​វិទូ​កម្ពុជា និង​ជា​នាយក​អង្គការ​ស៊ី​ប​ប៉ា បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃនេះ​ស្តង់​តាំង​ពិ​ព័ណ៌​សៀវភៅ​ទាំងអស់​ត្រូវបាន​កក់​ទុក​រួចហើយ សម្រាប់​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​២០១៩​នេះ​។​លោក​ថ្លែង​បែបនេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៨ នៅ​បណ្ណាល័យ​ជាតិ​។​

​បើតាម​លោក ហុក សុ​ទ្ធិ ពិព័រណ៍​សៀវភៅ​កម្ពុជា​ឆ្នាំ​២០១៩ មាន​ស្តង់​រហូតដល់​ទៅដល់ ១៤២​ស្តង់ មាន​ការកើនឡើង​ច្រើន បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ហើយ​ឆ្នាំ​២០១៩​នេះ រំពឹងថា នឹងមាន​អ្នកចូលរួម​មិន​ក្រោម​១០​ម៉ឺន ។​

​សំឡេង​ហុក សុទ្ធិ៖

​សូមបញ្ជាក់ថា គិត​ត្រឹម​ឆ្នាំ​២០១៩​នេះ គឺជា​លើក​ទី​៨​ហើយ​ដែល​កម្ពុជា​រៀបចំ ពិព័រណ៍​សៀវភៅ​។​ពិព័រណ៍​សៀវភៅ រៀបចំឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​នូ​វប្បធម៌​នៃ​ការអាន​សៀវភៅ​ទៅក្នុង​សង្គម​ខ្មែរ ជាពិសេស​យុវជន​ដែលជា​ទំពាំង​ស្នង​ឬ​ស្សី និង ជា​ធនធានមនុស្ស​ដ៏​សំខាន់ ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​នា​ពេលអនាគត​។​

​ពិព័រណ៍​សៀវភៅ ជា​កម្មវិធី​ថ្នាក់ជាតិ​មួយ​ដែល​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ដោយមាន​គ្រឹះស្ថាន​បោះពុម្ភផ្សាយ និង​ស្ថាប័ន​នានា នឹងដាក់​បង្ហាញ​សៀវភៅ​រាប់ម៉ឺន​ក្បាល​របស់ខ្លួន នៅ​ស្ដង់​ប្រមាណ​១៤២​ស្តង់ ដើម្បីឱ្យ​អ្នកចូលរួម​អាច​អាន និង​ទស្សនា​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀត ដូចជា​ការសម្ដែង​រឿង​ខ្លី ចម្រៀង និង​មាន​កម្មវិធី​កុមារ​។ មិន​ខុសពី​សព្វដង សម្រាប់​ពិធី​តាំង​ពិ​ព័ណ៌​ឆ្នាំនេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹង​គ្រោង​ចែក​សៀវភៅ​អប់រំ​ឈ្មោះ​“​ស្រី​ហិតោ​បទេស​” ប្រមាណ ២ ម៉ឺន​ក្បាល​ដោយ​ឥតគិតថ្លៃ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត