សភា​អាមេរិក​អនុម័ត​សេចក្តីព្រាងច្បាប់​ប្រឆាំង​មន្ត្រី​ចិន​ដែល​រំលោភ​សិទ្ធិមនុស្ស​នៅ​ស៊ីន​ជាំ​ង​

04-12-2019 1:21 pm 669

​សភាតំណាងរាស្ត្រ​អាមេរិក​ស្ទើរតែ​ទាំងអស់ បាន​គាំទ្រ​សេចក្តីព្រាងច្បាប់ Uighur Act ដែល​បង្ហាញ​ពី​ការប្រឆាំង​នឹង​ការ​រំលោភសិទ្ធិ​ជនជាតិភាគតិច​អ៊ុយ​ហ្គួ​កាន់សាសនា​អ៊ីស្លាម រស់នៅ​តំបន់​ស៊ី​ជាំ​ង​ប្រទេស​ចិន​។ សេចក្តីព្រាងច្បាប់​នេះ នឹង​បើកផ្លូវ​ឲ្យមាន​ការដាក់ទណ្ឌកម្ម​លើម​ន្ត្រី​ចិន​ណា ដែល​ចូលរួម​នៅក្នុង​អ្វីដែល​សមាជិកសភា ហៅថា ជា​ការរំលោភ​សិទ្ធិមនុស្ស​។ សេចក្តីព្រាងច្បាប់ បានកំណត់​រួចហើយ​ឈ្មោះ​មន្ត្រីជាន់ខ្ពស់​ចិន​មា្ន​ក់ ដែល​នឹងត្រូវ​ទទួល​ទណ្ឌកម្ម​មុនគេ គឺ​លោក​Chen Quanguo លេខា​បក្សកុម្មុយនិស្ត​ចិន​ប្រចាំខេត្ត​ស៊ីន​ជាំ​ង ដែល​ល្បីឈ្មោះ​ក្នុង​ការគ្រប់គ្រង​ក្រុម​ជនជាតិភាគតិច​នៅ​ទីនោះ​។ សេចក្តីព្រាងច្បាប់ តម្រូវឲ្យ​លោកត្រាំ​ដាក់ជូន​សភា​ក្នុងរយៈពេល​១២០​ថ្ងៃ នូវ​បញ្ជី​ឈ្មោះ​មន្ត្រី​ដែល​ទទួលខុសត្រូវ ចំពោះ​ការរំលោភបំពាន​នេះ និង​ដាក់ទណ្ឌកម្ម​លើ​ពួកគេ​ក្រោម​ច្បាប់ Global Magnitsky ដែល​ត្រូវ​ហាមឃាត់ ចំពោះ​ការផ្តល់ទិ​ដ្ឋកា​រ​និង​ការបង្កក​ទ្រព្យសម្បត្តិ​ដែលមាន​តម្កល់​នៅ​អាមេរិក​។ 

​សេចក្តីព្រាងច្បាប់​ដដែល​ក៏​ចែង​ផងដែរ អំពី ការហាមឃាត់​ការនាំ​ចូល​របស់របរ ដែល​អាច​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការឃ្លាំមើល​លើ​បុគ្គល​ម្នាក់ៗ រួមមាន​បច្ចេកវិទ្យា​សម្គាល់​មុខ​និង​សំឡេង ទៅកាន់​ប្រទេស​ចិន​។ ក្រុម​សមាជិកសភា បាន​អំពាវនាវ​ឲ្យ​បិទ​ជំរុំ​ឃុំឃាំង​ដ៏​ធំ​ល្វឹងល្វើយ នៅ​ភាគ​ខាងលិច​តំបន់​ស៊ី​ជាំ​ង​ផងដែរ​។ ជា​ជំរុំ​ដែល​សកម្មជន​និង​អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ និយាយថា មាន​យ៉ាងហោចណាស់​ជនជាតិ​អ៊ុយ​ហ្គួ​ចំនួន​១​លាន​នាក់ និង​សមាជិក​នៃ​ក្រុម​ជនជាតិភាគតិច​មូស្លីម​ជាច្រើន​ផ្សេងទៀត ត្រូវបាន​គេ​ចាប់ឃុំខ្លួន​ដោយ​បង្ខំ​។ យ៉ាងណាក៏ដោយ សេចក្តីព្រាងច្បាប់​នេះ នៅតែ​ត្រូវអនុម័ត​ដោយ​ព្រឹទ្ធសភា មុនពេល​បញ្ជូនទៅ​លោក​ត្រាំ ដើម្បី​ចុះហត្ថលេខា​ឲ្យក្លាយ​ទៅជា​ច្បាប់​ឬក៏​វេតូ​។​

​រីឯ​ចិន​បាន​និយាយ​រួចហើយ​ថា នឹង​ប្រឆាំង​ដាច់ខាត​ចំពោះ​ច្បាប់​នេះ ដ្បិត​បាន​ច្រានចោល​ការ​ចោទថា​មានការ​ឃុំឃាំង​ជនជាតិភាគតិច​ដោយ​បង្ខំ​នៅក្នុង​ជំរុំ​។ លោកស្រី​Hua Chunying​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​និយាយថា ស៊ីន​ជាំ​ង​គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ហើយ​ជំរុញ​ឲ្យ​អាមេរិក​រារាំង​សេចក្តីព្រាងច្បាប់​នេះ​កុំឲ្យ​ក្លាយទៅជា​ច្បាប់​។ បើ​មិន​ដូច្នេះ​ទេ ចិន​នឹង​ឆ្លើយតប​បក​ទៅវិញ ដោយ​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង​។ នេះ​ជា​ការព្រមាន​របស់លោក​ស្រី​Hua Chunying​នៅក្នុង​សេចក្តីថ្លែងការណ៍​។ កាលពី​ថ្ងៃ​អង្គារ​និពន្ធ​នាយក​កាសែត Global Times របស់​ចិន​និយាយថា ប្រទេស​ចិន​អាច​ហាមឃាត់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត​របស់​អាមេរិក​ទាំងអស់ មិនឲ្យ​ចូលទៅ​ស៊ីន​ជាំង​ទេ ហើយ​ទីក្រុង​ប៉េកាំង​ក៏​កំពុង​ពិចារណា​ទៅលើ​ការ​រឹតត្បិត​ទិដ្ឋាការ ចំពោះ​មន្ត្រី​និង​សមាជិកសភា​សហរដ្ឋអាមេរិក ដែល​ចូលរួម​ក្នុងការ​ចងក្រង​សេចក្តីព្រាងច្បាប់​ខាងលើ​នេះដែរ​។​

​គួរ​ជម្រាបជូន​ថា នេះ​ជា​សេចក្តីព្រាងច្បាប់​ប្រឆាំង​ចិន​ថ្មី​មួយទៀត ដែល​សភា​អាមេរិក​អនុម័ត បន្ទាប់ពី​សេចក្តីព្រាងច្បាប់​គាំទ្រ​អ្នកប្រជាធិបតេយ្យ​ហុងកុង ដែល​លោក​ត្រាំ​ទើបបាន​ចុះហត្ថលេខា​ឲ្យក្លាយ​ជា​ច្បាប់​កាលពីពេល​ថ្មីៗ​នេះ​។ ច្បាប់​គាំទ្រ​ហុងកុង​មិនទាន់​ឲ្យ​ចិត្ត​ស្ងប់ចិត្ត​នៅឡើយ​ទេ ខណៈ​ក្រុមអ្នកវិភាគ​និយាយថា ប្រតិកម្ម​របស់​ចិន​ចំពោះ​ការអនុម័ត​ច្បាប់ Uighur Act  អាច​នឹងមាន​កម្រិត​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​៕ 

ព័ត៌មានផ្សេងទៀត