កូនស្រី​​លោក​​កឹម សុខា​ចាត់ទុក​​ក្រុម​​លោក​​សម រង្ស៊ី​​ជា​​អ្នក​នយោបាយ​​​គម្រក់​​

04-12-2019 1:17 pm 1675
​កូនស្រី​លោក កឹម សុខា កញ្ញា កឹម មនោ​វិទ្យា។

​កូនស្រី​លោក កឹម សុខា កញ្ញា កឹម មនោ​វិទ្យា បាន​រិះគន់​ក្រុម លោក សម រង្សី​ដែល​កំពុង​ធ្វើ​យុទ្ធនាការ​លាប​ពណ៌​មួលបង្កាច់​លោក កឹម សុខា ថា​ជា​អាយ៉ង​បក្ស​កាន់អំណាច​។​កញ្ញា កឹម មនោ​វិទ្យា បានចាត់ទុក​សកម្មភាព​នេះ​ជា​នយោបាយ​ដ៏​គម្រក់​។​ប៉ុន្តែការលើកឡើងនេះ អ្នកគំាទ្រលោក សម​ រង្ស៊ី បានតបវិញថា គឺជាការមិនឱ្យតម្លៃដល់អតីតសកម្មជនដែលខំតស៊ូនាពេលកន្លងមក។

​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​របស់​ខ្លួន​កញ្ញា កឹម មនោ​វិទ្យា កូនស្រី​លោក កឹម សុខា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​តុលាការ​បក្ស​ប្រជាជន​កំពុង​ព្យាយាម​កាត់ទោស​លោក កឹម សុខា ពី​បទ​ក្បត់ជាតិ ថា​ជា​អាយ៉ង​អាមេរិក បន្ទាប់​ពី​ការចាប់ខ្លួន​គាត់​យ៉ាង​ព្រៃផ្សៃ និង​ឃុំ​គាត់​ទាំង​ខុសច្បាប់ ជាង​២​ឆ្នាំ​មក​។ ទន្ទឹមគ្នានេះ យុទ្ធនាការ​លាប​ពណ៌​ក្រុម លោក សម រង្សី បាន​នឹង​កំពុង​ខំប្រឹង​យ៉ាង​ពេញទំហឹង ក្នុងការ​មួលបង្កាច់​លោក កឹម សុខា ថា​ជា​អាយ៉ង​បក្ស​កាន់អំណាច ដោយ​ភ័យ​ច្រួលច្របល់​ខ្លាច លោក កឹម សុខា ទទួលបាន​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ​»​។​

​បើ​តាម​កញ្ញា កឹម មនោ​វិទ្យា ទង្វើ​ទាំងអស់នេះ​សុទ្ធតែ​ជា​នយោបាយ​ដ៏​គម្រក់ ដែល​ត្រូវតែ​ប្តូរ​អោយបាន​ជា​ដាច់ខាត​ពី​កម្ពុជា​។​កញ្ញា​បាន​តាំងចិត្ត​ថា ក្នុងនាម​កូនស្រី​ឈាម​ខ្មែរ​មួយរូប កញ្ញា​នឹង​តស៊ូ​បំបាត់​វប្បធម៌​នេះ​ឱ្យបាន​ក្នុង​រូបភាព​ណាក៏ដោយ​។​

ប៉ុន្តែ​សំណេរ​កញ្ញា កឹម មនោ​វិទ្យា បានធ្វើឱ្យ​អតីត​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួយ​ប្រតិកម្ម​។​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត អតីត​ចៅសង្កាត់​អូរ​ចារ ខេត្ត​បាត់ដំបង់ និង​ជា​អតីត​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានចាត់ទុក​សំណេរ​របស់​កញ្ញា កឹម មនោ​វិទ្យា គឺជា​ការ​មិន​ឱ្យ​តម្លៃ​ដល់​អតីត​សកម្មជន​ដែល​គ្នា​ខិតខំ​ក្រាញននៀល​តស៊ូ​ខិតខំ​គាំទ្រ​គណបក្ស និង​អ្នកគាំទ្រ​នៅ​ក្រៅប្រទេស ដែល​គ្នា​ខិតខំ​ដើរ​ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ​ទាមទារ​ឱ្យ​គេ​ដោះលែង​ឪពុក​ខ្លួន​។ 

​សម្រាប់​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត សំណេរ​របស់​កញ្ញា កឹម មនោ​វិទ្យា ជា​កូន​កតញ្ញូ​របស់​ឪពុក ប៉ុន្តែ​វា​មិនមែន​ជា​កូន​កតញ្ញូ​សម្រាប់​ពលរដ្ឋ និង ជាតិ​ខ្មែរ​ឡើយ​។​

​គួរបញ្ជាក់​ថា លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​«​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស​»​។ កាលពី​ថ្ងៃ​ទី ១៥ ខែវិច្ឆិកា កន្លងទៅ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​បិទ​បញ្ចប់​ការស៊ើបអង្កេត​លើ​សំណុំរឿង​របស់លោក ហើយ​ការប្រកាស​បិទ​ការស៊ើបអង្កេត​។​នៅ​ថ្ងៃ​ទី​២ ធ្នូ សំណុំរឿង​ក្បត់ជាតិ​របស់​លោក​កឹម សុខា ត្រូវ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​បើក​សវនាការ​ជំនុំជម្រះ​នាពេលខាងមុខ​។​

ការលើកឡើង​របស់​កូនស្រី​លោក កឹម សុខា គឺ​កញ្ញា កឹម មនោ​វិទ្យា​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក​សម រង្ស៊ី លើកឡើងថា ការយក​លោក​កឹម សុខា ទៅ​កាត់ទោស​នេះ​មិនមែន​ជា​ដំណោះស្រាយ​ដែល​អឺរ៉ុប​ចង់​បាន​ទេ​។ បើ​តាម​លោក​សម រង្ស៊ី បើ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន មានៈ​យក​លោក​កឹម សុខា ទៅ​កាត់ទោស និង​ស្នើ​ឱ្យ​ព្រះមហាក្សត្រ​លើកលែង​ទោស​ឱ្យ​លោក កឹម សុខា ក៏​សហភាព​អឺរ៉ុប​មិន​អាច​ទទួលយក​បាន​ទេ ព្រោះ​វា​ជា​ដំណោះស្រាយ​ដែល​មិន​នាំមក​នូវ​ការស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​បានឡើយ​៕

 

ព័ត៌មានផ្សេងទៀត