លោក​ត្រាំ​​​ទុក​ឱកាស​​ចរចា​ជាមួយ​ចិន​​ដល់​ចប់​​ការបោះឆ្នោត​​នៅ​ឆ្នាំក្រោយ​

04-12-2019 9:16 am 325

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​និយាយថា​លោក​ពុំទាន់​កំណត់​ពី​កាលបរិច្ឆេទ​សម្រាប់​បញ្ចប់​ការច​រចាជាមួយ​ចិន​ទេ​។ លោក​ថា​កិច្ចចរចា​អាចមាន​រយៈពេល​យូរ​ជាង​ការរំពឹងទុក​។ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​អង្គារ លោក​បញ្ជាក់ថា​លោក​ចង់​រង់ចាំ​សិន រហូត​បញ្ចប់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំក្រោយ​។ 

​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ កំពុង​ព្យាយាម​សម្រេច​ឲ្យបាន​ដំណាក់កាល​ទីមួយ​នៃកិ​ច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​។ លោក​ត្រាំ​និយាយ​កាលពី​ចុងខែ​មុន​ថា អាមេរិក​និង​ចិន​កំពុង​ស្ថិតក្នុង​ការផ្លាស់​ប្ដូរ​ចុងក្រោយ​។ ប៉ុន្ដែ​នៅមាន​ការខ្វែងគំនិត​លើ​សំណើ​របស់​ចិន ដែល​សុំឲ្យ​អាមេរិ​កដកចេញ​ការដំឡើង​ពន្ធ​មួយចំនួ​ន​។ 

​ចិន​បានប្រកាស​ចាត់វិធានកា​រ​ក្ដៅ​ប្រឆាំង​អាមេរិក បន្ទាប់ពី​លោក​ត្រាំ​ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ហុងកុង​។ អាមេរិក​ក៏​ព្រមាន​វិញ​បើ​គ្មាន​កិច្ចព្រមព្រៀង​នៅ​ថ្ងៃទី​១៥​ធ្នូ អាមេរិក​នឹង​ដំឡើង​ពន្ធ​បន្ថែម​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូន និង​ទំនិញប្រើប្រាស់​ផ្សេងៗ​ទៀត​របស់​ចិន​។ ទីក្រុង​វ៉ាស៊ីនតោន​ត្រូវគេ​ជឿជាក់ថា កំពុង​ទាមទារ​ឲ្យ​ទីក្រុង​ប៉េកាំង​ធ្វើ​សម្បទាន​។​

​គួរ​ជម្រាប​ដែរថា ការដំឡើង​ពន្ធ​បន្ថែមនឹង​ធ្វើឲ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​ទាំងពីរ​។ ទោះបី​ប្រកាស​ក្ដែងៗ​ថា​អាច​រកឃើញ​មូលដ្ឋាន​រួមមួយ ប៉ុន្ដែ​គ្រប់យ៉ាង​នៅតែ​មិនទាន់​ច្បាស់លាស់​។ បើ​អាមេរិក​គ្មាន​ជម្រើស​ហើយ​ដំឡើង​ពន្ធ​បន្ថែម​លើ​ទំនិញ​ចិន ច្បាស់​ណាស់​ចិន​នឹង​សងសឹក​ដោយ​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក​វិញ នោះ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​។ អ្នកជំនាញ​សេដ្ឋកិច្ច​បាន​ទទូច​ឲ្យ​រក​វិធី​ដោះស្រាយ​ជាបន្ទាន់ មិន​ដូច្នេះ​នឹង​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ចពិភពលោក មិន​ត្រឹមតែ​សេដ្ឋកិច្ច​អាមេរិក​និង​ចិន​ឡើយ​៕

ព័ត៌មានផ្សេងទៀត