អាមេរិក​គំរាម​ដំឡើង​ពន្ធ​១០០​ភាគរយ​លើ​ស្រា​និង​ផលិតផល​មួយចំនួន​របស់​បារាំង​

03-12-2019 4:49 pm 140
  ស្តាប់
ស្តាប់ជាសំឡេង

​មុខទំនិញ​របស់​បារាំង ដែល​អាច​ប្រឈម​នឹង​ពន្ធ​ក្នុង​អត្រា​រហូតដល់ ១០០​ភាគរយ រួមមាន​ដូចជា​ឈីស ស្រា​សាំ​ប៉ា​ញ គ្រឿង​តុបតែង​និង​កាបូបដៃ ព្រមទាំង​ផលិតផល​ផ្សេងៗ​ទៀត ដែល​បើ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​២,៤ ពាន់​លាន​ដុល្លារ​។ លោក Robert Lighthizer តំណាង​ពាណិជ្ជកម្ម​អាមេរិក បាន​ថ្លែងថា ការសម្រេច​នេះ ជា​ការបញ្ជូន​សញ្ញា​យ៉ាងច្បាស់​ថា សហរដ្ឋអាមេរិក​នឹង​ចាត់វិធានការ​ប្រឆាំងនឹង​ពន្ធ​ថ្មី​របស់​បារាំង ដែលមាន​ចរិត​រើសអើង​ឬ​ដាក់បន្ទុក​មិន​ត្រឹមត្រូវ លើ​ក្រុមហ៊ុន​អាមេរិក​។​

​យោងទៅតាម​ការស៊ើបអង្កេត របស់​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក បាន​រកឃើញថា ពន្ធ​បារាំង មិន​ស៊ីគ្នា​នឹង​គោលការណ៍​ទូទៅ នៃ​គោលនយោបាយ​ពន្ធ​អន្តរជាតិ ហើយ​ជា​បន្ទុក​មិន​ធម្មតា សម្រាប់​ក្រុមហ៊ុន​អាមេរិក ដែល​រង​ផលប៉ះពាល់ នៅក្នុង​នោះ​រួមមាន​ក្រុមហ៊ុន Alphabet Inc’s Google (GOOGL.O), Facebook Inc (FB.O), Apple Inc (AAPL.O) និង Amazon.com Inc (AMZN.O)​។ 

​ទីភ្នាក់ងារ​ពាណិជ្ជកម្ម​អាមេរិក នឹង​ប្រមូល​មតិសាធារណៈ ពាក់ព័ន្ធ​នឹង​បញ្ជី​នៃ​សំណើ​យកពន្ធ រហូតដល់​ថ្ងៃទី​១៤ ខែ​មករា មុននឹង​រៀបចំ​សវនាការ​ស្ដាប់​ជា​សាធារណៈ នៅ​ថ្ងៃទី​៧ ខែមករា​ខាងមុខ​។ ប៉ុន្តែ​មិន​បានបញ្ជាក់​លម្អិត​ពី​កាលបរិច្ឆេទ​ជាក់លាក់ នៃ​ការដាក់សំណើ​យកពន្ធ ១០០​ភាគរយ លើ​ផលិតផល​បារាំង​នោះទេ​។ 

​ពាក់ព័ន្ធ​នឹង​របាយការណ៍​ស៊ើបអង្កេត​របស់​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក អ្នកនាំពាក្យ​ស្ថានទូត​បារាំង និង​ប្រតិភូ​សហភាព​អឺរ៉ុប នៅ​ទីក្រុង​វ៉ាស៊ីនតោន មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​ភ្លាមៗ​ទេ​។ ប៉ុន្តែ​មុនពេល​ចេញ​របាយការណ៍ មន្ត្រី​បារាំង​ម្នាក់​បាន​និយាយថា បារាំង​នឹង​ជំទាស់​នឹង​ការរកឃើញ​របស់​ទីភ្នាក់ងារ​ពាណិជ្ជកម្ម ដោយ​អះអាង​ឡើងវិញ​ថា ពន្ធ​ថ្មី​នោះ​មិនមាន​គោលបំណង​ដាក់​សម្ពាធ​ជាពិសេស ចំពោះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ទេ​៕

 ពាក្យគន្លឹះ  អាមេរិកបារាំងពន្ធ

ព័ត៌មានផ្សេងទៀត