​លោក​ហ៊ុន សែន​​ប្រាប់​អំពី​បញ្ហា​ប្រឈម​​នៅ​ទីក្រុង​ភ្នំពេញ​នា​ពេលបច្ចុប្បន្ន​​

03-12-2019 4:08 pm 200

​ក្នុងជំនួប​ពិភាក្សា​ជាមួយ​អភិបាលក្រុង​ប្រា​ហ្សា​វិល (Brazzaville) ប្រទេស​កុង​ហ្គោ និង​ជា​អនុប្រធាន​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់ប្រាប់​ប្រតិភូ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង អំពី​បញ្ហា​ប្រឈម​នៅ​រាជធានី​ភ្នំពេញ ក្រោយពី​ប្រតិភូ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង ស​សើរ​ពី​ទី​ក្រុងភ្នំពេញ គឺជា​ទីក្រុង​មួយ​ដែលមាន​ភាពចំណាស់ ហើយក៏​មាន​ភាព​ធន់ និង​ស្រស់បំព្រង​ផងដែរ សម្រាប់​ជាការ​សង្កេតការណ៍ និង​សិក្សា​ពី​កម្ពុជា ដើម្បី​យក​បទពិសោធន៍​ទាំងនេះ ទៅ​អនុវត្ត​នៅតាម​ប្រទេស​រៀងៗ​ខ្លួន​ថែមទៀត​។​

​បញ្ហា​ប្រឈម​ដែល​លោក ហ៊ុន សែន បានលើកឡើង​នោះ​មានដូចជា ១. បញ្ហា​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​នាំទៅដល់​ការស្លាប់​ប្រជាពលរដ្ឋ​ជាច្រើន ហើយ​ការធ្វើដំណើរ​មាន​ការយឺតយ៉ាវ​។ ២. គឺ​បញ្ហា​ប្រឈម​ខ្វះ​ចំណតរថយន្ត , ក្នុងន័យនេះ លោក ហ៊ុន សែន​ថា លោក​បាន​ណែនាំ ឱ្យ​អភិបាល​រាជធានី​ភ្នំពេញ ពិនិត្យ​និង​ធ្វើយ៉ាងណា​ជំរុញឲ្យមាន​ការវិនិយោ​គ ទៅលើ​ការបង្កើត​ចំណតរថយន្ត​នៅក្រោម​សួនច្បារ​នានា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ និង​ទី​៣ បញ្ហា​សំរាម​ដែល​កំពុងតែ​ប្រឈម ដោយ​លោក​ថា រាជធានី​ភ្នំពេញ គឺមាន​សំរាម​ប្រមាណ​៣​ពាន់​តោន​ក្នុង​មួយថ្ងៃ ហើយ​បើ​មិន​ប្រមូល​ទាន់​ទេ សម្រាម​នេះ​នឹង​ពូន​ឡើង ធ្វើឲ្យមាន​បញ្ហា​ដល់​សោភណភាពផ​ង អនាម័យ​ទីក្រុង​ផង​។​

​តែ​យ៉ាងណាក៏ដោយ លោក ហ៊ុន សែន បាន​បញ្ជាក់ថា ក្នុង​ការដោះស្រាយ​បញ្ហា​នេះ គឺ​យើង​កំពុង​ជំរុញឲ្យមាន​ការចូល​រួម​ពី​វិស័យ​ផ្សេងៗ​ក៏ដូចជា​វិស័យ​ឯកជន​ដែរ ដើម្បី​ធ្វើយ៉ាងណា​កែប្រែ​សំរាម​នេះ ឲ្យទៅជា​ថាមពល​អគ្គិសនី យកមក​ប្រើប្រាស់​ឡើងវិញ និង​៤ បញ្ហា​អាង​សំណល់​រាវ , រាជធានី​ភ្នំពេញ​គឺជា​រាជធានី​មួយ​ដែលមាន​កំពស់​ទាប ហើយពី​ដើមឡើយ​សុទ្ធសឹងតែ​បឹងបួរ ក្នុងន័យនេះ ការបង្ហូរ​សំណល់​រាវ​ទៅ​ទន្លេ​បឹងបួរ​នោះ ពុំទាន់​មាន​ការធ្វើ​អាង​ប្រព្រឹត្តិកម្ម ឬក៏​អាង​ចម្រោះ​បាន​ត្រឹមត្រូវ​នៅឡើយ នេះ​ក៏​ជា​បញ្ហា​ប្រឈម​ផងដែរ​។ 

​លោក ហ៊ុន សែន ក៏​បានបង្ហាញ​អំពី​ដំណោះស្រាយ​ជុំវិញ​បញ្ហា​ប្រឈម​នៅ​រាជធានី​ភ្នំពេញ​សព្វថ្ងៃនេះ​ផងដែរ ដោយ​លោក​ថា បញ្ហា​ទាំងនេះ​គប្បី​ណា​យកមក​ពិចារណា​ដោះស្រាយ មុននឹង​ជំរុញ​ការអភិវឌ្ឍ​ទីក្រុង​ថ្មី​។ ទន្ទឹមនឹង​បញ្ហា​ប្រឈម​នេះ លោក​ក៏​បានលើកឡើង​ដែរថា បញ្ហា​ប្រឈម​នេះ​គឺ​បណ្ដាលមកពី​ការអភិវឌ្ឍ ដែលមាន​ភាពជឿនលឿន​ជាទីបំផុត ហើយ​ការអភិវឌ្ឍ​នេះ​ទៀតសោត គឺ​បានមក​អំពី កត្តា​សុខសន្តិភាព ស្ថិរភាព ដែល​កម្ពុជា​មាន​។ សុខសន្តិភាព ស្ថិរភាព គឺជា​កត្តា​ទាក់ទាញ​នៃ​ការវិនិយោគ ហើយ​ការវិនិយោគ​នេះហើយ ដែល​លេចចេញ​នូវ​បញ្ហា​ប្រឈម​ថ្មីៗ ដែល​កម្ពុជា​កំពុងតែជួបប្រទះ​។​

​នាយករដ្ឋមន្ត្រី​កម្ពុជា​រូបនេះ បាន​គូសបញ្ជាក់ថា ទី​ក្រុងភ្នំពេញ បាន​កសាងឡើង​ជំនាន់​បារាំង ហើយក៏​បាន​កសាងឡើង​ថែមទៀត នៅ​ជំនាន់​ដែល​កម្ពុជា​ទទួលបាន​ឯករាជ្យ ប៉ុន្តែ​អ្វីដែល​ជា​ការសោកស្ដាយ​នោះ ទី​ក្រុងភ្នំពេញ គឺ​ត្រូវបាន​បំផ្លាញ​ដោយ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។ ជាមួយគ្នានេះ លោក​ហ៊ុន សែន បាន​អះអាងថា នៅពេលដែល​លោក​បាន​វិលត្រឡប់​មកកាន់​រាជធានី​ភ្នំពេញ​វិញ ទីក្រុង​ទាំងមូល គឺមាន​ប្រជាជន​ប្រមាណ​តែ ៧០​នាក់​តែប៉ុណ្ណោះ ហើយ​ទីក្រុង​ទាំងមូល​ពុំមាន​បញ្ហា​ប្រឈម​ច្រើន​នោះទេ បញ្ហា​ប្រឈម​នៅពេលនោះ គឺ​ក្នុង​ទីក្រុង​ពុំមាន​មនុស្ស​រស់នៅ ពុំមាន​ចរាចរណ៍​ឡាន​បើកបរ​៕

ព័ត៌មានផ្សេងទៀត