បច្ចុប្បន្នការប្រែប្រួលអាកាសធាតុកំពុងតែបង្កជាបញ្ហាកាន់តែធ្ងន់ធ្ងរឡើងៗ ដោយក្នុងនោះធ្វើឲ្យផែនដីឡើងកម្ដៅ បង្កជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត រួមទាំងវិបត្ដិផ្សេងៗទៀត។ វិបត្ដិកំពុងប្រឈមបានធ្វើឲ្យមេដឹកនាំពិភពលោក ពិភាក្សារិះរកវិធីសាស្ដ្រដោះស្រាយម្ដងហើយម្ដងទៀត ប៉ុន្ដែពុំទាន់ទទួលលទ្ធផលតាមការចង់បានទេ។ ស្របពេលជាមួយគ្នាអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញូ ហ្គួទែរ៉េសបានកត់សម្គាល់ថា ចំណុចនៃការធ្វើឲ្យអាកាសធាតុល្អប្រសើរឡើងវិញកាន់តែហោចទៅៗហើយ។ ការលើកឡើងដូច្នេះមុនអង្គការសហប្រជាជាតិចាប់ផ្ដើមកិច្ចប្រជុំរយៈពេល២សប្ដាហ៍ ជាកិច្ចប្រជុំលើកទី២៥នៃកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុទីក្រុងប៉ារីស(COP25)។
សំឡេង៖តើកិច្ចប្រជុំនេះអាចនឹងធ្វើអ្វីបានខ្លះ? ហើយពិតជាអាចធ្វើកិច្ចការនេះបានមែនឬយ៉ាងណា?
ប្រទេសជាច្រើនមានគោលដៅជាលក្ខណៈបុគ្គល ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ឧទាហរណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្ដេជ្ញាចិត្ដកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ត្រឹមសូន្យនៅឆ្នាំ២០៥០។ ប៉ុន្ដែទោះជាមានគោលដៅលក្ខណៈបុគ្គល ក៏មានគោលដៅជាសកលផងដែរសម្រាប់ប្រទេសដែលបានចូលរួមក្នុងកិច្ចប្រជុំពូល ស្ដីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិនេះ។
បើនិយាយពីកិច្ចព្រមព្រៀងស្ដីពីការប្រែប្រួលអាកាសធាតុក៏មានច្រើនហើយដែរ តួយ៉ាងមានកិច្ចព្រមព្រៀងទីក្រុងម៉ុនត្រេអាល់ប្រទេសកាណាដាអនុម័តក្នុងឆ្នាំ១៩៨៧។ ជាកិច្ចព្រមព្រៀងអន្ដរជាតិព្យាយាមថែរក្សាស្រទាប់អូហ្សូនដែលការពារផែនដីពីកាំរស្មីអ៊ុលត្រាវីយូឡេ។ ប៉ុន្ដែកិច្ចព្រមព្រៀងត្រូវបានបំផ្លាញដោយសារធាតុគីមីបង្កើតពីមនុស្ស។
មួយទៀតគឺកិច្ចព្រមព្រៀងទីក្រុងក្យូតូប្រទេសជប៉ុន បានឯកភាពក្នុងឆ្នាំ១៩៩៧ កំណត់គោលដៅសម្រាប់ប្រទេសចំនួន៣៧ ក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។ គោលដៅគឺខុសគ្នាសម្រាប់ប្រទេសនីមួយៗ អាស្រ័យលើការអភិវឌ្ឍរបស់ពួកគេ។ ប៉ុន្ដែក្នុងឆ្នាំ២០០១អាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀង ព្រោះមិនសប្បាយចិត្ដដែលប្រទេសអភិវឌ្ឍន៍ត្រូវមានគោលដៅ ឯប្រទេសអភិវឌ្ឍន៍តិចតួចបែរជាមិនត្រូវបានកំណត់គោលដៅទៅវិញ។ នៅឆ្នាំ២០១១កាណាដាក៏ដកខ្លួនចេញទៀត ហើយមានប្រទេសជាច្រើនមិនបានធ្វើតាមគោលដៅរបស់ខ្លួន។
ក្នុងឆ្នាំ២០១២កិច្ចព្រមព្រៀងទីក្រុងក្យូតូ ត្រូវបានត្រួតពិនិត្យឡើងវិញក្នុងទីក្រុងដូហាប្រទេសកាតា។ ប៉ុន្ដែកិច្ចព្រមព្រៀងនេះគ្របដណ្ដប់តែនៅអឺរ៉ុបនិងអូស្ដ្រាលីប៉ុណ្ណោះ ជាតំបន់ដែលបានរួមចំណែកបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងពិភពលោកតិចជាង១៥ភាគរយ។ យ៉ាងណាក៏ដោយវាបានត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ផងដែរថាCOP21 ជាជំហានដ៏សំខាន់មួយទៀតនៃកិច្ចពិភាក្សាពីការប្រែប្រួលអាកាសធាតុ។
កិច្ចព្រមព្រៀងទីក្រុងប៉ារីស បានធ្វើលើសពីកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុអន្ដរជាតិដទៃទៀត។ វាត្រូវបានឯកភាពពីប្រទេសចំនួន១៩៥ក្នុងឆ្នាំ២០១៥ ហើយចូលជាធរមាននៅខែវិច្ឆិកាឆ្នាំ២០១៦។ ការសន្យាសំខាន់ៗក្នុងកិច្ចព្រមព្រៀងនេះមានដូចជា៖
- រក្សាសីតុណ្ហភាពពិភពលោកឲ្យនៅក្រោម២អង្សារសេ ខ្ពស់ជាងកាលពីសម័យមុនឧស្សាហកម្ម ហើយត្រូវព្យាយាមកំណត់វាខ្លាំងបំផុតត្រឹម១.៥អង្សារសេ។
- កំណត់បរិមាណឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញដោយសកម្មភាពរបស់មនុស្ស ក្នុងកម្រិតតែមួយដែលដើមឈើ ដី និងមហាសមុទ្រអាចស្រូបយកតាមធម្មជាតិបាន ដោយចាប់ផ្ដើមចន្លោះពីឆ្នាំ២០៥០និង២១០០។
- ពិនិត្យឡើងវិញនូវការរួមចំណែករបស់ប្រទេសនីមួយៗ ក្នុងការកាត់បន្ថយការបំភាយឧស្ម័នរៀងរាល់៥ឆ្នាំម្ដង ដូច្នេះពួកគេនឹងអាចត្រៀមខ្លួនសម្រាប់បញ្ហាប្រឈម។
- សម្រាប់ប្រទេសអ្នកមានត្រូវជួយដល់ប្រទេសក្រីក្រ តាមរយៈការផ្ដល់ហិរញ្ញវត្ថុអាកាសធាតុ ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងប្ដូរទៅជាថាមពលកកើតឡើងវិញ។
ភាពខុសគ្នាដ៏សំខាន់មួយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីគឺថា វាអនុញ្ញាតឲ្យប្រទេសនានាដាក់គោលដៅរបស់ខ្លួន ជាជាងប្រាប់ប្រទេសដទៃថាគោលដៅរបស់ពួកគេគឺអ្វីខ្លះ។ បញ្ហានេះហើយដែលធ្វើឲ្យអាមេរិកនិងកាណាដាងាកមកចូលរួមក្នុងកិច្ចព្រមព្រៀងវិញ។ ប៉ុន្ដែចាប់តាំងពីនោះមកអាមេរិកបានដកខ្លួនសារជាថ្មី ខណៈលោកប្រធានាធិបតីដូណាល់ ត្រាំនិយាយថា កិច្ចព្រមព្រៀងមិនយុត្ដិធម៌សម្រាប់សេដ្ឋកិច្ចអាមេរិក។ លោកថាលោកចង់ធ្វើឲ្យមានភាពងាយស្រួល សម្រាប់អ្នកផលិតផូស៊ីលឥន្ធនៈនៅអាមេរិក។ តែទោះជាយ៉ាងនេះក្ដីអាមេរិកនឹងមានការបោះឆ្នោតនៅឆ្នាំ២០២០ ហើយប្រធានាធិបតីថ្មីថាមិនត្រូវអាចនឹងលុបចោលការដកខ្លួនរបស់អាមេរិក។
តើកិច្ចពិភាក្សាពិតជាដំណើរការមែន?
ទោះបីជាកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាទូទៅ ត្រូវបានទទួលការយល់ព្រមក៏ដោយ ក៏អង្គការសហប្រជាជាតិផ្ទាល់និយាយថា វាមិនមានលក្ខណៈគ្រប់គ្រាន់ទេ។ របាយការណ៍ស្ដីពីកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិឆ្នាំ២០១៧និយាយថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសគ្របដណ្ដប់តែមួយភាគបីប៉ុណ្ណោះ នៃការកាត់បន្ថយការបំភាយដែលត្រូវការ។ របាយការណ៍បន្ដថាពិភពលោកនឹងនៅតែស្ថិតក្នុងដំណើរមានកំដៅខ្លាំងជាង២អង្សារសេ។ របាយការណ៍បានផ្ដល់អនុសាសន៍ ឲ្យដាក់គោលដៅប្រកបដោយមហិច្ឆតាបន្ថែមទៀតនៅឆ្នាំ២០២០។
គោលដៅនៅឆ្នាំក្រោយគឺជាអ្វីដែលរំពឹងថា នឹងមានការពិភាក្សាគ្នាក្នុងកិច្ចប្រជុំCOP25 រយៈពេលពីរសប្ដាហ៍នៅទីក្រុងម៉ាឌ្រីដ។ កិច្ចប្រជុំឆ្នាំ២០២០នឹងធ្វើឡើងក្នុងទីក្រុងក្លាសហ្គោប្រទេសស្កុតលែន ហើយបណ្ដាប្រទេសនានាបានប្ដេជ្ញាចិត្ដដាក់ចេញនូវផែនការសកម្មភាពថ្មី និងត្រួតពិនិត្យឡើងវិញផែនការអាកាសធាតុជាតិ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីញូ ហ្គួទែរ៉េស នឹងថ្លែងទៅកាន់អង្គប្រជុំថាពិភពលោកបច្ចុប្បន្ន កំពុងប្រឈមភាពអាសន្នផ្នែកអាកាសធាតុ។ លោកនិយាយមុនកិច្ចប្រជុំចាប់ផ្ដើមថា ក្នុងរយៈពេល១២ខែខាងមុខ វាចាំបាច់ណាស់ដែលយើងត្រូវធានាការប្ដេជ្ញាចិត្ដថ្នាក់ជាតិ ជាពិសេសពីអ្នកបញ្ចេញឧស្ម័នសំខាន់ៗ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងល្បឿនដែលស្របទៅនឹងអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ វាអាចត្រូវបានគេមើលឃើញថាជាការទទួលស្គាល់ការពិត ដែលថាកិច្ចប្រជុំស្ដីពីការប្រែប្រួលអាកាសធាតុជាជំហានឆ្ពោះទៅរកអនាគតល្អប្រសើរ ចាំបាច់ត្រូវតែបន្ដកិច្ចខិតខំប្រឹងប្រែងបន្ថែមខណៈពេលវេលាក៏ជិតអស់ដែរ។
ជារួមមក បញ្ហាប្រែប្រួលអាកាសធាតុនៅតែជាបញ្ហាប្រឈមសម្រាប់ពិភពលោក ដោយមិនត្រូវព្រងើយកន្ដើយបានទេ។ ការចូលរួមរបស់គ្រប់បណ្ដាប្រទេសនៅក្នុងពិភពពិតជាមានសារសំខាន់ ដើម្បីស្រោចស្រង់ភពផែនដីពីការប្រែប្រួលអាកាសធាតុ ពីបាតុភូតធម្មជាតិនានាបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ។ ការរកគន្លឹះដោះស្រាយភាពខ្វែងគំនិតគ្នា ត្រូវតែមានការសហការពីគ្រប់ភាគី មិនត្រូវគិតតែប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ មិនអ៊ីចឹងទេវិបត្ដិបែប្រួលអាកាសធាតុនឹងជះឥទ្ធិពលកាន់តែធ្ងន់ធ្ងរ៕