សង្គម​​ស៊ីវិល​​ស្នើ​វិសោធនកម្ម​មាត្រា​​មួយចំនួន​​ក្នុង​​ច្បាប់​ស្តីពី​​អង្គការ​​

03-12-2019 3:51 pm 220
  ស្តាប់
កិច្ចពិភាក្សារវាងសង្គមស៊ីវិល និងក្រសួងមហាផ្ទៃនៅថ្ងៃទី៣ ធ្នូ ឆ្នាំ២០១៩។
ស្តាប់ជាសំឡេង

​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​៤៥០ ដែល​កំពុង​ប្រតិបត្តិការ​ការងារ​លើ​វិស័យ​ផ្សេងៗ​នៅ​ប្រទេស​កម្ពុជា បាន​ឯកភាពគ្នា​ស្នើ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើ​វិសោធនកម្ម​មាត្រា​មួយចំនួន​ក្នុង​ច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​អង្គការ​សង្គម​ស៊ីវិល​មើលឃើញថា មាត្រា​ខ្លះ​ក្នុង​ច្បាប់ NGO​បាន​ជះឥទ្ធិពល​លើ​ការប្រកប​ការងារ​របស់​សង្គម​ស៊ីវិល ក្នុង​ការតស៊ូ​មតិ ដើម្បី​សិទ្ធិមនុស្ស​។​សុំណើ​រនេះ ក្រសួងមហាផ្ទៃ​ទទួលយក​ទៅ​ពិនិត្យ​ពិភាក្សា និង​សម្រេច​នៅពេល​ក្រោយ​។​

​ក្នុង​សំណើរ​កំរាស់​ជិត​២០​ទំព័រ អង្គការ​សង្គម​ស៊ីវិល​បាន​គូសបញ្ជាក់ថា បន្ទាប់​ពី​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០១៥​មក អង្គការ​សមាគម​ក្រៅ​រដ្ឋាភិបាល​មួយចំនួន បាន​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ដូចជា ការចុះបញ្ជី ការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ និង​អាសយដ្ឋាន ការបើក​គណនី​ធនាគារ ការបំពេញ​កាត្វកិច្ច​ពន្ពដារ និង​ការ​ដាក់​ជូន​របាយការណ៍​ជាដើម​។​

​បើ​តាម​សង្គម​ស៊ីវិល មាត្រា​មួយចំនួន​ក្នុង​ច្បាប់​អង្គការ បាន​ជះឥទ្ធិពល​ដោយ​ផ្ទាល់​លើ​សមត្ថភាព​ប្រកប​ការងារ​របស់​សង្គម​ស៊ីវិល ក្នុង​ការតស៊ូ​មតិ ដើម្បី​សិទ្ធិមនុស្ស ការលើកកម្ពស់​កម្លា​ភាព និង​គណនេយ្យភាព​សង្គម ដែល​ការណ៍​នេះ​ផ្ដល់​ផលវិបាក​ដល់​លំហរ​សង្គម​ស៊ីវិល និង​ដំណើរការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​មាត្រា​ដែល​សង្គម​ស៊ីវិល ស្នើ​ធ្វើ​វិសោធនកម្ម​នោះ​មាន​១៤​មាត្រា​ក្នុងនោះ​មាន​៖ មាត្រា ១ មាត្រា​៣ មាត្រា​៤ មាត្រា​៨ មាត្រា​៩ មាត្រា​១១ មាត្រា​២៤ មាត្រា​២៥ មាត្រា​២៦ មាត្រា​២៧ មាត្រា​៣០ មាត្រា ៣១ មាត្រា​៣២ និង មាត្រា​៣៥​។​មាត្រា​ទាំងអស់នេះ ត្រូវបាន​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​៤៥០​លើកយក​មកពិនិត្យ និង​ពិភាក្សា​រួមគ្នា​ជាមួយ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ លោក ប៊ុន ហ៊ុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន ក្រុមការងារ​របស់​រា​ជ​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​សំណើ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល​។​

​លោក ប៊ុន ហ៊ុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មាន​គោលបំណង​ធានា​ការពារ សិទ្ធិសេរីភាព ក្នុង​ការបង្កើត​សមាគម និង​អង្គការ​មែន​រដ្ឋាភិបាល នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ការពារ ផលប្រយោជន៍​ស្របច្បាប់​របស់​ខ្លួន និង​ការពារ​ផលប្រយោជន៍​សាធារណៈ ព្រមទាំង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​រវាង​សមា​ម​និង អង្គការ​មិនមែន​រដ្ឋាភិបាល​ជាមួយ​អាជ្ញាធរ​សាធារណៈ​។​

​ចំពោះ​សុំណើ​រសុំ​ធ្វើ​វិសោធនកម្ម​របស់​អង្គ​ការ​សង្គម​ស៊ីវិល ក្រសួង​មហាផ្ទៃ​មិន​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ដោយសារ​តែ​សុំណើ​រ​នេះ​រៀបចំ​ឡើង​តែ​អង្គការ​ចំនួន​៤៥០ ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជិត​៦​ពាន់​។​ម្យ៉ាងវិញទៀត ក្នុង​កិច្ចពិភាក្សា ក្រសួង​មហាផ្ទៃ​មើលឃើញថា អង្គការ​សង្គម​ស៊ីវិល​ហាក់​មិន​យល់​អំពី​ខ្លឹមសារ​នៃ​ច្បាប់ ហើយ​ទស្សនៈ​មិន​ទាន់​ត្រូវ​គ្នា​ក្នុង​ការស្នើ​សុំ​ធ្វើ​វិសោធនកម្ម​។​

​បើ​តាម​លោក ប៊ុន ហ៊ុន បាន​សង្កត់ធ្ងន់ថា មុន​ចេញ​ជា​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល គឺ​រដ្ឋាភិបាល​បាន​ចំណាយពេល​អស់​ជាច្រើន​ឆ្នាំ​ធ្វើ​ការសិក្សា​ស្រាវជ្រាវ ដើម្បី​ឱ្យ​ច្បាប់​នេះ​ចេញ​ទៅ​ស្រប​តាម​កតិស​ញ្ញា​អន្តរជាតិ​។​

​យ៉ាងណាក៏ដោយ អង្គការ​សង្គម​ស៊ីវិល បាន​អះអាង​ថា សំណើ​វិសោធនកម្ម​នេះ គឺ​បាន​សិក្សា​ស្រាវជ្រាវ និង​ពិនិត្យ​ការវិភាគ​គតិយុត្តិ​ចំពោះ​ការ​ប្រឈម​នៃ​ការអនុវត្ត​ច្បាប់​។​នៅក្នុង​ចំណោម​នោះ សង្គម​ស៊ីវិល​សិក្សា​ស៊ីជម្រៅ​ទៅ​លើ​ឯកសារ ក្នុងនោះ​រួមមាន​ឯកសារ​វិភាគ​ដែល រៀបចំឡើង​ដោយ​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិទ​ទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា និង អង្គការ​សង្គម​ស៊ីវិល​នៅកម្ពុជា​។​

​សូមជម្រាបថា ច្បាប់​ស្តី​ពី​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល មាន​អាយុកាល​៤​ឆ្នាំ​ហើយ​គិត​មកដល់ពេលនេះ ក្រោយ​ត្រូវ​បាន​អនុម័ត​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​កាលពី​ខែកក្កដា​ឆ្នាំ​២០១៥​។ នៅ​មុនពេល​មាន​ការអនុម័ត​ច្បាប់​នេះ មាន​អង្គការ​សង្គម​ស៊ីវិល សហជីព និង​កម្មករ​ជា​ច្រើន​រួម​ទាំង​តំណាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ផង​ដែរ បាន​ស្នើ​ទៅ​រដ្ឋសភា​ឱ្យ​កែប្រែ​មាត្រា​មួយចំនួន​លើ​ច្បាប់​ស្តីពី «​សមាគម និង​អង្គការ​» មួយ​នេះ​។ នេះ​ក៏​ដោយសារ​តែ​ពួកគេ​យល់ថា ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អាច​ជា​ឧបករណ៍​មួយ​ប្រើ​សម្រាប់​រឹតបន្តឹង​លំហ​សកម្មភាព​ការងារ​របស់​សង្គម​ស៊ីវិល​ជា​ពិសេស​អង្គការ​សិទ្ធិមនុស្ស​។​

​ការបើក​កិច្ចប្រជុំ​រួម​គ្នា​រវាង​អង្គការ​សង្គម​ស៊ីវិល និង​ក្រសួង​មហាផ្ទៃ​នៅពេលនេះ គឺ​បន្ទាប់ពី​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ប្រកាស​ផ្ដល់​ក្បាល​មេក្រូ​ដល់ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ឬ​សមាគម​លើក​ឡើង​ឱ្យ​អស់​នូវ​អ្វី ដែល​ពួក​គេ​ចង់ឱ្យ​រដ្ឋាភិបាល ពិសេស​ក្រសួង​មហាផ្ទៃ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​។​បើ​តាម​លោក ស ខេង ក្រសួង​មហាផ្ទៃ​នឹង​ទទួលយក​យោបល់​ទាំងនោះ​មក​កែលម្អ និង ធ្វើឡើង​ក្នុង​ប្រយោជន៍​រួម​៕


 ពាក្យគន្លឹះ  ច្បាប់NGO

ព័ត៌មានផ្សេងទៀត