អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​សោកស្តាយ​ចំពោះ​ការផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​លោក​ស ខេង របស់​វិទ្យុ​អាស៊ីសេរី​

03-12-2019 3:40 pm 980
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៩ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តីបំភ្លឺ​មួយ ដោយ​បង្ហាញ​ពី​ការសោកស្តាយ ចំពោះ​ការផ្សព្វផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដោយ​ចោទប្រកាន់​មិន​ត្រឹមត្រូវ​មកលើ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក​ស ខេង ថា បាន​បញ្ជា​ឲ្យ​តាម​ចាប់ខ្លួន រាល់​មុខសញ្ញា ដែល​ចូលរួម​ដំណើរ និង​ទទួល​ដំណើរ​លោក​សម រង្ស៊ី ដោយ​មិន​យល់​មុខ ទោះ​ជន​នោះ​ជា​មនុស្ស​ពិការ អ្នកស្រែ​ចំការ ឬ​អ្នក​ដែល​គ្រាន់តែ​បញ្ចេញមតិ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស ប៊ុក ក៏ដោយ​។​

​នៅក្នុង​សេចក្តីបំភ្លឺ បាន​ច្រានចោល​ចំពោះ​ការចុះផ្សាយ​ខុស​ពី​ការពិត​នេះ ព្រោះ​វា​អាច​នាំ​ឲ្យ​សាធារណជន មាន​ការយល់ច្រឡំ​មកលើ​ការដឹកនាំ​របស់​លោក​ស ខេង និង​ក្រសួង​មហាផ្ទៃ ថា​ធ្វើ​ការងារ​ដោយ​ឥត​ក្រែង​រអែង និង​មិន​គោរព​ច្បាប់ ក៏ដូចជា​មានន័យថា កម្ពុជា​មិនមែន​ជា​ប្រទេស​ប្រកាន់​នីតិរដ្ឋ​។​

​ជាមួយគ្នានេះដែរ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ក៏​បាន​បញ្ជាក់​នៅក្នុង​សេចក្តីបំភ្លឺ​របស់​ខ្លួន​ថា មិន​ត្រឹមតែ​ប៉ុណ្ណោះ វិទ្យុ​អាស៊ីសេរី ថែមទាំង​បាន​ចុះផ្សាយ​ថា កងរាជអាវុធហត្ថ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​មហាផ្ទៃ ដែល​ជា​ការចុះផ្សាយ​ផ្ទុយស្រឡះ​។​ជាងនេះទៅទៀត អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ នៅតែ​អំពាវនាវ​ឲ្យ​វិទ្យុ​មួយ​នេះ ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ប្រកប​ដោយ​វិជ្ជាជីវៈ ថ្លៃថ្នូរ មាន​ការទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​ធ្វើឲ្យ​សាធារណជន​ទទួលបាន​នូវ​ព័ត៌មាន​ពិត និង​ត្រឹមត្រូវ ដែល​មាន​ផលប្រយោជន៍​ដល់​សង្គម​ជាតិ​កម្ពុជា​។​

​នៅក្នុង​សេចក្តីបំភ្លឺ​នេះដែរ ក៏​បានឲ្យដឹងថា លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ តែងតែ​យកចិត្តទុកដាក់​លើ​មាត្រា​៤១​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែងថា ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការបញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការបោះពុម្ពផ្សាយ  និង​សេរីភាព​ខាង​ការប្រជុំ​។​ជន​ណា​ក៏​ដោយ មិន​អាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ដោយ​រំលោភ​នាំឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​អ្នកដទៃ ដល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​ជាតិ​បាន​ឡើយ​៕


ព័ត៌មានផ្សេងទៀត